ផ្ទុះអាវុធពីរកន្លែងផ្ទួនៗ កណ្ដាលក្រុងអូស្ដាំង រដ្ឋតិចសាស
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: August 01, 2016
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្ទុះអាវុធ បានចាប់ផ្ដើមនៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក នៃរដ្ឋតិចសាស (ត្រូវនឹងព្រឹកម៉ោង ៨ និង១៥នាទី ម៉ោងនៅបារាំង ឬរសៀលម៉ោង ១៣និង១៥នាទី ម៉ោងនៅកម្ពុជា) នៅក្នុងសង្កាត់មួយ ដែលសម្បូរទៅដោយរង្គសាលស៊ីផឹក កណ្ដាលក្រុងអូស្តាំង (Austin) នៃរដ្ឋតិចសាស ភាគខាងត្បូងសហរដ្ឋអាមេរិក។ ក្នុងពេលភ្លាមៗ នគរបាលក្រុងបានប្រកាសតាមទំព័រទ្វីសធើរ (Twitter) របស់ខ្លួន ហាមពលរដ្ឋមិនឲ្យមកជិតកន្លែងកើតហេតុ ខណៈ«ជនខ្មាន់កាំភ្លើង កំពុងធ្វើសកម្មភាព និងកំពុងបង្ក ឲ្យមានជនរងគ្រោះច្រើននាក់»។
ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង តាំងពីពេលផ្ទុះអាវុធដំបូង។ ស្ត្រីបីនាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទុយទៅវិញ ជនរងគ្រោះទី៥ ជាបុរស ដែលរងរបួសដែរនោះ បានបដិសេធ មិនទទួលយកការជួយសង្គ្រោះអ្វីទេ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់ទីកើតហេតុ នៅពេលក្រោយបន្តិចមក។
នៅ៧នាទី ក្រោយការផ្ទុះអាវុធលើកទីមួយ ការផ្ទុះអាវុធលើកទីពីរ នៅក្នុងចំណតរថយន្ដមួយ បានកើតឡើងជាថ្មី។ ការផ្ទុះអាវុធលើកនេះ បង្កឡើងដោយជនខ្មាន់កាំភ្លើងម្នាក់ផ្សេងទៀត។
នៅក្នុងសន្និសីទកាសែត ដែលធ្វើឡើងតាមបណ្ដាញសង្គម នាយនគរបាលក្រុង បានថ្លែងឲ្យដឹងថា អាជ្ញាធរនៅមិនទាន់កំណត់អត្តសញ្ញាណ របស់ជនប្រដាប់អាវុធទីមួយ បាននៅឡើយ តែបានអះអាងថា ជននេះទំនងមានអាយុជាង២០ឆ្នាំ និងបានរត់គេចខ្លួន នៅក្រោយពេលកើតហតុ។ នគរបាលបានស្រង់សម្ដីសាក្សី មកអះអាងថា ជនខ្មាន់កាំភ្លើងទីមួយនេះ បានឈរជំទែង ហើយបានបាញ់ស្រោច ទៅលើអ្នកដំណើរទាំងឡាយ នៅតាមដងផ្លូវ។
ចំពោះការផ្ទុះអាវុធជាលើកទីពីរ សាក្សីបានអះអាងប្រាប់នគរបាលថា ជនខ្មាន់កាំភ្លើងម្នាក់ទៀតនោះ បានឈរជំទែង ដកកាំភ្លើងបាញ់ដូចគ្នា តែត្រូវបានមនុស្សនៅជុំវិញ បង្ក្រាបទាន់ពេល និងបញ្ជូនទៅឲ្យនគរបាល។ ជននេះបានរងរបួស ហើយកំពុងព្យាបាលខ្លួន នៅឯមន្ទីរពេទ្យ។ នគរបាលកំពុងធ្វើការស៊ើបង្កេត ដើម្បីឲ្យដឹងថា តើជនខ្មាន់់កាំភ្លើងទាំងពីរ មានជាប់ទាក់ទងគ្នា ហើយស្គាល់ពីទិសដៅដូចគ្នា ឬយ៉ាងណា។
នគរបាលសហរដ្ឋអាមេរិក ត្រូវបានដាក់ស្ថិតក្នុងសភាពត្រៀមជើងការ បន្ទាប់ពីជនប្រដាប់អាវុធស្បែកខ្មៅម្នាក់ បានបាញ់សម្លាប់ភ្នាក់ងារនគរបាលប្រាំនាក់ ដែលកំពុងបំពេញភារកិច្ច ការពារក្រុមបាតុករ ដែលធ្វើបាតុកម្មកាលពីថ្ងៃទី៧ ខែកក្កដាកន្លងមក។ បាតុកម្មនាពេលនោះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីសម្ដែងការប្រឆាំងនឹងភាពឃោរឃៅ របស់កម្លាំងនគរបាល ដែលបានប្រើតួនាទីរបស់ខ្លួន បាញ់សម្លាប់ជនអាមេរិកស្បែកខ្មៅជាបន្តបន្ទាប់៕
Police @ scene #Austin #Texas reports shooter still on run. pic.twitter.com/P5F1omdTJL
— Tongue Twister Carl (@carlste30) 31 juillet 2016