ទៅជួបស្រីស្អាតតាមហ្វេសប៊ុក ដូចទៅស្លាប់!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ មករា ២០១៥
- កែប្រែចុងក្រោយ: January 24, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជន រីកាដូ រ៉ូម៉េរ៉ូ (Ricardo Romero) បានលាចាកលោកទៅ ទាំងនៅវ័យក្មេង កាលពីថ្ងៃសុក្រកន្លងមកនេះ បន្ទាប់ពីយុវជនត្រូវបានក្រុមជនមួយក្រុមវាយធ្វើបាប កណ្ដាលក្រុងញ៉ូយក (New York)។ ហេតុការណ៍នេះ បានកើតឡើង ទំនងជាបណ្ដាលមកពីយុវជនរងគ្រោះ បានធ្លាក់ចូលទៅក្នុងអន្ទាក់មួយ ដែលត្រូវបានរៀបចំឡើង ដោយយុវតីរូបស្អាត ស៊ិចស៊ីម្នាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
បើតាមអ្នកជិតដិតនឹងយុវជន រ៉ូម៉េរ៉ូ បានឲ្យដឹងថា យុវជនវ័យ១៦ឆ្នាំ មានដើមកំណើតម៉ិចសិករូបនេះ ត្រូវបានទាក់ទាញនៅលើបណ្ដាញសង្គម ដោយម្ចាស់គណនីមួយ ដែលយុវជនគិតថា ជាយុវតីរូបស្អាតមានឈ្មោះថា ឈីគីតា អេនឌី (Chiquita Andy)។ បន្ដិចក្រោយមក យុវជន រ៉ូម៉េរ៉ូ បានយល់ព្រមទៅជួប«យុវតី អេនឌី»នេះ នៅយប់ថ្ងៃសុក្រ នៅក្នុងបន្ទប់មួយនៃសង្កាត់ ប្រ៊ុន (Bronx) របស់ទីក្រុងញ៉ូយក។
ប៉ុន្តែនៅពេលទៅដល់អាគារសម្រាប់ការណាត់ជួបនោះ យុវជន រ៉ូម៉េរ៉ូ មិនបានឃើញនាង អេនឌី ទេ តែបែរជាបានជួបមនុស្សពីរនាក់ ដែលបានបើកការវាយប្រហារមកលើនាយ រហូតមានរបួសយ៉ាងធ្ងន់ធ្ងរ។ រ៉ូម៉េរ៉ូ ត្រូវបានវាយក្បាលនឹងដបមួយ ហើយបន្ទាប់មកត្រូវបានចាក់មួយកាំបិតចំទ្រូង។ កាបូបលុយ និងទូរស័ព្ទដៃរបស់យុវជន ត្រូវបានក្រុមជនទាំងនោះ ឆក់យកទៅអស់។ រីឯយុវជន រ៉ូម៉េរ៉ូ វិញ បានខំប្រឹងដើរចេញមកវិញ បានប៉ុន្មានជំហាន ហើយបានដួលចុះនៅនឹងផ្លូវ។ អ្នកដំណើរមួយរូប បានឃើញនាយ និងបានព្យាយាមជួយដាស់ ចលនាបេះដូងរបស់នាយឡើងវិញ ប៉ុន្តែយុវជនជំទង់ បានរងរបួសមិនអាចទ្រាំបាន។ នៅក្រោយពេលគេបញ្ជូនមកដល់មន្ទីរពេទ្យបានបន្ដិច យុវជន រ៉ូម៉េរ៉ូ បានផុតដង្ហើមនៅទីនោះ។
ជនសង្ស័យ នៅក្នុងហេតុការណ៍វាយកាប់ចាក់ខាងលើ ត្រូវបានគេស្គាល់ថា ជាយុវជនពីររូប មានអាយុ១៩ និង២៧ឆ្នាំ ដោយសារម៉ាស៊ីនថតសុវត្ថិភាពមួយ បានចាប់រូបភាពដ៏រន្ធត់ ប្រព្រឹត្តិទៅលើយុវជន រ៉ូម៉េរ៉ូ។ យុវជនទាំងពីរនាក់នេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងធ្វើការចោទប្រកាន់ជនទីមួយ ពីបទមនុស្សមនុស្សឃាត ចោរកម្ម និងជនទីពីរពីបទផ្សំគំនិត។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកដ៏អាថ៌កំបាំង ត្រូវបានសារព័ត៌មាន New York Daily News អះអាងថា នាងពិតជា អេនឌី មែន។ យុវតីរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថា នាងជាសង្សារបស់យុវជនម្នាក់ ដែលស្ថិតក្នុងចំណោមជនសង្ស័យទាំងពីរ។ សង្សានាងម្នាក់នេះ រស់នៅក្នុងអាគារតែមួយ នៃកន្លែងណាត់ជួប រ៉ូម៉េរ៉ូ។ នាង អេនឌី បានសារភាពថា នាងក៏បានស្ថិតក្នុងហេតុការណ៍នេះដែរ តែនាងបានចោទជនទីបី ថាជាអ្នកចាក់យុវជន រ៉ូម៉េរ៉ូ រហូតមានរបួសធ្ងន់ និងស្លាប់បែបនេះ។ ចំណែកឯក្រុមនគរបាលស៊ើបអង្កេតវិញ បានបដិសេធមិនអះអាងថា នាង អេនឌី ពិតជាសង្សារបស់ជនសង្ស័យណាម្នាក់ ឬយ៉ាងណានោះទេ។ មកទល់នឹងពេលនេះ នគរបាលនៅមិនទាន់ធ្វើការសង្ស័យ និងចោទប្រកាន់ដាក់បន្ទុក ទៅលើយុវតីរូបនេះនៅឡើយ៕