បាតុករប្រឆាំងថៃ ប្រកាសបញ្ចប់ការតវ៉ាបិទរាជធានី បាងកក
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: March 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅទីបំផុតបាតុកម្មបិទរាជធានីបាងកក ពីសំណាក់ក្រុមអាវលឿងថៃអស់រយៈពេលជាង ៦ សប្តាហ៍កន្លងមកនេះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ។ ការប្រកាសបិទនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងបាំងកក ជាពិសេសគឺដើម្បីបញ្ជៀសពីហានិភ័យ នៃការវាយប្រហារទៅលើបាតុករនៅពេលយប់។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលលោកស្រី យីង ឡាក់ បានបង្ហាញជំហរចង់ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)
នយោបាយថៃ - « ពួកយើងសូមបញ្ចប់សកម្មភាពតវ៉ា បិទរាជធានីបាងកក ចាប់ពីពេលនេះតទៅ» នេះជាការប្រកាសរបស់មេដឹកនាំចលនាបាតុករថៃលោក ស៊ូថេប ថងស៊ូបាន នៅចំពោះហ្វូងមនុស្សរាប់ពាន់នាក់កាលពីយប់ថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់ការសែតបាំងកកប៉ុស្តិ៍របស់ថៃ។ ការប្រកាសបញ្ចប់យុទ្ធនាការតវ៉ាបិទទីក្រុងបាំងកកនេះ បានធ្វើឡើងក្រោយពីការវាយប្រហារដោយគ្រាប់កាំភ្លើង និងគ្រាប់បែបក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។
សូមរម្លឹកថា ក្រុមអាវលឿងថៃដែលដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តី ស៊ូថេប ថង ស៊ូបាន បានដឹកនាំបាតុករធ្វើសកម្មតវ៉ាបិទទីក្រុងទាំងមូលកាលពីថ្ងៃទី ១៣ ខែមករា កន្លងទៅ ដើម្បីដាក់ទម្ងន់ឲ្យលោកស្រីនាយករដ្ឋមន្រ្តីចាំផ្ទះបច្ចុប្បន្នចុះចេញពីតំណែង។ ការតវ៉ាបានបណ្តាលឲ្យមានអ្នកស្លាប់រហួតដល់ ២៣ នាក់ និងរងរបួសប្រមាណ ៧០០ នាក់ ដោយសារការបំផ្ទះគ្រាប់បែក និងការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់មក។
មេដឹកនាំបាតុករថៃដ៏មានប្រជាប្រិយភាព លោក ស៊ូថេប ថងស៊ូបាន បានថ្លែងកាលពីយប់ថ្ងៃសុក្រទី ២៨ ខែកុម្ភៈម្សិលមិញថា ក្រុមបាតុករនឹងទៅប្រមូលផ្តុំគ្នា នៅឧទ្យានលុម្ពិនីវិញ នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ការបញ្ចប់សកម្មភាពបិទក្រុងបាំងកក និងការផ្លាស់ប្តូរទៅជួបជុំគ្នានៅលុម្ពិនីនេះ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ ដែលបង្កឡើងដោយការប្រមូលផ្តុំគ្នានេះ។ លោក ស៊ូថេប ក៏បញ្ជាក់ដែរថា ក្រុមបាតុករបិទទីក្រុងបាងកកប្រឈមមុខនឹងហានិភ័យច្រើនណាស់ ពោលគឺពួកគេគឺជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែក នៅពេលយប់។ ម្លោះហើយដើម្បីបញ្ជៀសហានិភ័យទាំងនេះ យើងសូមបញ្ចប់ការតវ៉ាបិទរាជធានីបាងកក។
យ៉ាងណាក៏ដោយ មេដឹកនាំចលនាបាតុកររូបនេះ នៅតែបង្ហាញជំហររឹងមាំនៅចំពោះមុខក្រុមបាតុករថា រូបលោកនឹងខំប្រឹងជានិច្ច ដើម្បីពន្លឿននូវក្តីប្រាថ្នារបស់ខ្លួន និងរបស់ក្រុមបាតុករ ដើម្បីឲ្យលោកស្រី យីង ឡាក់ ចុះចេញពីតំណែង ពោលគឺរំលាយខ្សែស្រឡាយលោក ថាក់ ស៊ីន ឲ្យបាត់ពីរបបដឹកនាំនៅក្នុងប្រទេសថៃ។
ទាក់ទងនឹងសំណុំរឿងពុករលួយរដ្ឋាភិបាល កាលពីថ្ងៃព្រហហស្បតិ៍ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនេះ លោកស្រី យីងឡាក់ បានគេចវេសមិនចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅ របស់គណកម្មការប្រឆាំងអំពើពុករលួយថៃនោះទេ។ សំណុំរឿងពុករលួយ ដោយសារការធ្វេសប្រហេសកម្មវិធីទិញស្រូវជួយឧបត្ថម្ភដល់កសិករ ដែលបានកំពុងធ្វើឲ្យលោកស្រី យីងឡាក់ ឈឺក្បាលមិនតិចនោះទេ បើទោះបីជាលោកស្រីអះអាងថា ខ្លួនមិនបានធ្វើក៏ដោយ។ ពីព្រោះថា ប្រសិនបើគណកម្មការប្រឆាំងអំពើពុករលួយថៃរកឃើញថា លោកស្រីពិតជាបានប្រព្រឹត្តកំហុសមែននោះ បេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សភឿថៃរបស់លោកស្រី នឹងត្រូវបាត់បង់ជាក់ជាមិនខាន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល លោកស្រី យីង ឡាក់ បានស្នើសុំទៅលោក បាន គីមូន ឲ្យអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែឆ្លើយតបនឹងជំហររបស់រដ្ឋាភិបាលថៃបែបនេះ មេដឹកនាំចលនាបាតុករលោក ស៊ូថេប ថងស៊ួបាន បានចំអកថា មិនអាចទៅរួចនោះទេ ពីព្រោះថា អង្គការសហប្រជាជាតិ មិនដឹងពីស្ថានការណ៍នៅស្រុកថៃ ច្បាស់ជាងពលរដ្ឋថៃនោះឡើយ។ តែកាលពីព្រហស្បតិ៍ទី ២៧ ខែកុម្ភៈ លោក ស៊ូថេប បានបង្ហាញជំហរចង់ជួបចរចា ជាមួយលោកស្រីនាយករដ្ឋមន្រ្តីចាំផ្ទះ។
អស់រយៈពេលជាងបួន ខែមកហើយ ពោលគឺចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៣មក ប្រទេសថៃបានធ្លាក់ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរបំផុត។ ក្រុមបាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទារឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។ មូលហេតុចម្បងដែលនាំឲ្យមានការតវ៉ា គឺដោយសារដ្ឋាភិបាលថៃ ប្រុងបង្កើតច្បាប់លើកលែងអ្នកទោសនយោបាយ ដែលទំនងជាចង់ឲ្យលោក ថាក់ស៊ីន បងប្រុសរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន អាចចូលស្រុកវិញបាន។ មូលហេតុនេះ បានរាលដាលរហូតក្លាយជាការតវ៉ា ដើម្បីទម្លាក់លោកស្រីយីងឡាក់ ពីនាយករដ្ឋមន្រ្តី ពោលគឺក្រុមបាតុករ ចង់រំលាយឥទ្ធិពលលោក ថាក់ស៊ីន និងត្រកូលស៊ីណាវ៉ាត្រា ចេញឲ្យបាត់ពីនយោបាយថៃតែម្តង ឬអាចនិយាយម្យ៉ាងទៀតដើម្បីទុកឲ្យរាជបល្ល័ង្គថៃ ដែលបានថយប្រជាប្រិយភាព អាចនឹងបន្ដឥទ្ធិពលរបស់ខ្លួនបាន ដោយគ្មានឧបសគ្គ៕
--------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៤