ខឹងប្រុសក្បត់ ប្រមូលសម្ភារៈ Apple បំផ្លាញចោល ដើម្បីសងសឹក
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៣ មេសា ២០១៥
- កែប្រែចុងក្រោយ: April 23, 2015
- ប្រធានបទ: គូស្នេហ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីណាមិនឈឺ នៅពេលដឹងថា បុរសដែលខ្លួនស្រឡាញ់ បានក្បត់ចិត្ត ល្មោភស្នេហ៍ ចង់ជិះទូកម្ដងពីរនោះ? ប៉ុន្តែធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យបុរសនោះដឹងខ្លួន និងយល់ ពីទំហំនៃការឈឺចាប់ សោកស្ដាយរបស់នាងបាន? យុវតីវ័យក្មេង ជាតិជប៉ុនម្នាក់ បានដឹងពីវីធីសាស្ត្រនេះ ហើយបានបង្កបង្កើតឲ្យបញ្ហា កាន់តែរំជើបរំជួលឡើង។
សង្សារបស់នាង ដែលជាប្រុសផិតក្បត់នេះ ជាមនុស្ស«ងប់» នឹងផលិតផល «អ័បផល» យ៉ាងសម្បើម។ អញ្ចឹងហើយ ទើបនាងបានប្រមែប្រមូល ផលិតផលនោះទាំងអស់ រាប់តាំងពី iPad មួយគ្រឿង iMac មួយគ្រឿង iPhones ពីរគ្រឿង MacBooks ពីរគ្រឿង និងអ្វីផ្សេងទៀត ជាច្រើន បើគិតជាប្រាក់ មានតម្លៃរាប់សិបពាន់ដុល្លារ ឬអាចឈានដល់ម៉ឺន នោះថែមទៀត។
ហើយនាងប្រមែប្រមូល មកធ្វើអី? ចម្លើយ៖ នាងយកមកត្រាំទឹក បំផ្លាញចោល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Daily Mirror»។ សារព័ត៌មានបានរៀបរាប់ថា របស់របរទាំងនោះ ត្រូវបាននាងដាក់ចូល ទៅក្នុងចានងូតទឹកមួយ ដែលមានពេញប្រៀបដោយទឹក និងសាប៊ូ។
ត្រឹមតែប៉ុណ្ណេះ យុវតីវ័យក្មេង នៅមិនទាន់អស់ចិត្តនៅឡើយ។ នាងបានថតរូប ពីសម្ភារៈទាំងនេះ រួចបង្ហោះឡើងចូល ទៅក្នុងបណ្ដាញសង្គម ដើម្បីប្រាប់មនុស្សរាល់គ្នា និងព្រមាន ទៅដល់ប្រុសចិត្តផិតក្បត់ ក្នុងលោក ឲ្យយល់ពីទង្វើដ៏អាក្រក់ របស់ពួកគេ។ នៅក្នុងគណនីទ្វីសធើរ (Twitter) របស់នាង ដែលមានឈ្មោះថា @foolishnessfly2 នាងបានផ្សាយរូបថត ពីរសន្លឹក កាលពីថ្ងៃទី១៨ ខែមេសានេះ និងបានបង្ក ឲ្យមានការចាប់អារម្មណ៍ ក្រៃលែង។
រូបថតទាំងពីរនេះ ត្រូវបានអ្នកផ្សេង យកទៅចែករំលែក ប្រមាណជាង១៧០០០ដង ហើយក៏មានអ្នកចូលមកផ្ដល់ ជាមតិយោបល់ គាំទ្រ«ការសងសឹក»របស់ម្ចាស់រូបថត យ៉ាងសន្ធឹកសន្ទាប់ដែរ៕