ហ្វេសប៊ុក រៀបចំ​ឲ្យ​មាន​ប៊ូតុង «មិន​ចូល​ចិត្ត»

បន្ទាប់ពីមានការសង្ខើញ ឲ្យមានប៊ូតុង«មិនចូលចិត្ត» ពីសំណាក់អ្នកប្រើប្រាស់ តាំងពីច្រើនឆ្នាំមកហើយ បណ្ដាញ​សង្គម​ដ៏​ធំ​ជាង​គេ នៅលើពិភពលោក កំពុងត្រៀមចេញប៊ូតុងនេះ មកដាក់ឲ្យដំណើរការ នៅ​ក្នុង​ពេល​ខាង​មុខ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 27, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងពិតជាបានស្ដាប់ឮ នូវការចង់បានរបស់លោកអ្នក» នេះជាចម្លើយខ្លី តែមានន័យវែង របស់អគ្គនាយក​ស្ថាបនិក របស់ក្រុមហ៊ុន ហ្វេសប៊ុក លោក ម៉ាក ហ្សូគ័រប៊ែរ (Mark Zuckerberg) នៅក្នុង​វេទិកាសំណួរ​និង​ចម្លើយ រៀបចំធ្វើជាសាធារណៈ ពីឧទ្យាន«Menlo Park» នៃសង្កាត់«Silicon Valley» ក្នុង​រដ្ឋ​កាលីហ្វ័រនី សហរដ្ឋ​អាមេរិក។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសួរទៅកាន់លោកនាយកវ័យក្មេង របស់ហ្វេសប៊ុក ថាហេតុអ្វី​បាន​ជាគ្មានប៊ូតុង «ខ្ញុំសោកស្ដាយ» «គួរឲ្យចាប់អារម្មណ៍» ឬ«មិនចូលចិត្ត» បន្ថែមពីលើប៊ូតុង «ចូលចិត្ត» ដែល​ជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ហ្វេសប៊ុក ដើម្បីអាចឲ្យគេបញ្ចេញយោបល់ យ៉ាងឆាប់បំផុត ទៅលើ​ការ​ចុះផ្សាយអ្វីមួយ នៅលើបណ្ដាញសង្គម?

តបនឹងសំនួរនេះ លោក ម៉ាក ហ្សូគ័រប៊ែរ បានថ្លែងឡើងថា៖ «មនុស្សជាច្រើន បានស្នើសុំបង្កើតប៊ូុង "មិន​ចូលចិត្ត" តាំងពីច្រើនឆ្នាំមកហើយ។ ប៉ុន្តែថ្ងៃនេះ ជាថ្ងៃដ៏ពិសេស ព្រោះជាថ្ងៃដែលខ្ញុំអាចនិយាយថា យើង​កំពុងធ្វើការនេះ ហើយនឹងឈានទៅដាក់ ឲ្យចាប់ផ្ដើមសាកល្បង។»

មេហ្វេសប៊ុកវ័យក្មេង បាននិយាយបន្តថា៖ «យើងគ្រាន់តែមិនចង់ បង្កើតប៊ូតុង"មិនចូលចិត្ត"នេះ ចេញ​មក​ភ្លាមៗ ព្រោះយើងមិនចង់ឲ្យហ្វេសប៊ុក ក្លាយជាវេទិកាមួយ ដែលមនុស្សម្នា អាចបោះឆ្នោត ស្របឬប្រឆាំង ទាក់ទងនឹងការចុះផ្សាយណាមួយ នោះឡើយ»។

លោក ម៉ាក បានថ្លែងឲ្យតម្លៃទៀតថា អ្នកប្រើប្រាស់ជាច្រើន ចង់បកស្រាយ ពីអារម្មណ៍«មិនស្រួល»​របស់​ពួកគេ នៅពេលដែលពួកគេចុច «ចូលចិត្ត» ទៅលើហេតុភេទអ្វីមួយ ដែលមានលក្ខណៈរន្ធត់ ខ្លោចផ្សារ។ល។ ដូចជាបុណ្យសព ឬដំណឹងស្ដីពីគ្រោះវិបត្តិ នៃជនភៀសខ្លួនជាដើម។ តែនាយកបណ្ដាញសង្គម បាន​បង្ហាញនូវពន្លឺថ្មីមួយថា៖ «តែយើងបានរកឃើញ យោបល់ថ្មីមួយ ដែលនឹងដាក់ឲ្យសាកល្បង ក្នុងពេល​ដ៏ខ្លីខាងមុខនេះ ហើយនៅពេល​ដែលយើងទទួលបាន ថាមានដំណើរការ​យ៉ាងដូចម្ដេចរួច យើងនឹងដាក់វា ឲ្យដើរជាផ្លូវការ ឲ្យបានទូលំទូលាយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...