«សាលារាជធានីចុះវាស់វែងនៅផ្សារដើមគ» មានអាថ៌កំបាំង?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 17, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំងល់បានកើតឡើង នៅក្នុងចំណោមអាជីវករ នៃផ្សារដើមគ បន្ទាប់ពីប្រធានផ្សារ និងក្រុមការងារមួយចំនួន ពីសាលារាជធានីភ្នំពេញ បានមកវាស់វែងតូបរបស់ពួកគាត់។ អាជីវករខ្លះ បានលើកឡើងថា តាំងពីចាប់ផ្តើមលក់ នៅផ្សារដើមគរនេះ ជាង១០ឆ្នាំមកហើយ ប្រធានផ្សារមុនៗ មិនដែលមានរឿងបែបនេះ កើតឡើងទេ ចុះហេតុអ្វីនៅសុខៗ មានអ្នកចុះមកវាស់វែងតូប ក្នុងផ្សារដែលកំពុងលក់ដូរបែបនេះ។
អាជីវករលក់ស្បែកជើងម្នាក់ លោក ហាង សុធា នៅក្នុងវ័យ ៥២ឆ្នាំលោក បានស្រដីប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ពិតជាមានគេមកវាស់វែង នៅកន្លែងលក់របស់លោកមែន។ អាជីវកររូបនេះ បានបញ្ជាក់ថា តាំងពីមុនមក លោកមិនដែលឃើញ ប្រធានផ្សារមុនៗ ធ្វើបែបនេះទេ ចុះមកវាស់វែង ដោយមិនប្រាប់ហេតុផលច្បាស់លាស់ ធ្វើឲ្យអាជីវករព្រួយបារម្ភ។
មិនខុសគ្នា ពីអាជីវករខាងលើទេ អ្នកស្រី នួន ស៊ីថា អ្នកលក់ដូរក្នុងផ្សារនេះដែរ បានថ្លែងថា ពិតជាមានការចុះវាស់វែងស្ងាត់ៗ ពីសំណាក់ប្រធានផ្សារ និងអ្នកផ្សេងទៀត ដែលលោកប្រធានផ្សារបញ្ជាក់ប្រាប់អ្នកស្រីថា ជាមន្ត្រីមកពី សាលារាជធានីភ្នំពេញ។ អ្នកស្រីមិនបានដឹងព័ត៌មាននេះ មុនសោះថា ប្រធានផ្សារ និងសាលារាជធានីភ្នំពេញ ចង់ធ្វើអ្វី ព្រោះអ្នកស្រីបញ្ជាក់ថា បើតាមអាណត្ត គឺនៅរហូតដល់ឆ្នាំ២០២៦ទើបផុត។
ចំណែកអ្នកលក់ខោអាវម្នាក់ នៅតូបលេខ ៥២ អ្នកស្រី ពេជ្យ ផល្លា បានលើកឡើងថា នៅពេលអ្នកស្រី សួរទៅកាន់ប្រធានផ្សារ ពេលកំពុងវ៉ាស់ លោកបានឆ្លើយថា គ្រាន់តែចង់ដឹងថា គម្លាតពីតូបទៅកន្លែងនីមួយ មានទំហំប៉ុន្មានប៉ុណ្ណោះ។ តែក្រុមអាជីវករទាំងអស់ មិនជឿសម្តីនេះទេ ហើយអ្នកទាំងនោះ បានស្រុះស្រូលគ្នា ទៅតវ៉ាដល់ទីស្នាក់ការផ្សារ ព្រោះយល់ថា ការចុះវ៉ាស់ម្តងនេះ «មានអាថ៌កំបាំង» ហើយត្រូវបានប្រធានផ្សារបដិសេធ និយាយថាមិនដឹង ពីបញ្ហានេះទៀត។
ទស្សនាវដ្តីបានស្វែងរកការបំភ្លឺ ពីលោក សេង សារ៉ន ប្រធានផ្សារដើមគ ជុំវិញបញ្ហាទាំងអស់នេះ តែលោកបានបដិសេធថា លោកមិនបានដឹង រឿងទាំងអស់នេះទេ ដោយលោកបង្វែ ឲ្យទៅសួរ សាលារាជធានីភ្នំពេញវិញ។ លោកបានថ្លែង នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ថា៖ «ខ្ញុំមិនដឹងរឿងនេះទេ បើចង់ដឹងទៅសួរអ្នកវ៉ាស់ទៅ!»។ រីឯអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ វិញ ក៏មិនបានឆ្លើយ នឹងការសាកសួរ របស់ទស្សនាវដ្ដីដែរ។ លោកគ្រាន់តែបានថ្លែងថា លោករវល់ប្រជុំ៕