ច្បាប់សិទ្ធិទទួលបានព័ត៌មាន៖ ជំហានទី១ អនុស្សារណ:យោគយល់គ្នា
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការទន្ទឹងរង់ចាំជាច្រើនឆ្នាំ និងការតស៊ូមតិយ៉ាងស្វិតស្វាញមកនោះ ទីបំផុតទៅច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានឈានចូលដល់ដំណាក់កាល ផ្តើមបង្កើតហើយ ដោយគេរំពឹងថាច្បាប់នេះ នឹងដើរតួនាទីសំខាន់ជំរុញឲ្យមានតម្លាភាព ស្ទើរគ្រប់វិស័យក្នុងសង្គម។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)
សិទ្ធិទទួលព័ត៌មាន - យោងតាមលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែឧសភា នឹងចូលរួមជា អញ្ជើញអធិបតី ក្នុងការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នារវាង ក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ UNESCO ស្តីពី គម្រោងរៀបចំច្បាប់ សិទ្ធិទទួលបានព័ត៌មាន។»
ច្បាប់សិទ្ធិទទួលបានព័ត៌មាន ត្រូវបានគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយបរទេស ស្ថាប័នសារព័ត៌មានឯករាជ្យ និងភាគីពាក់ព័ន្ធផ្សេងទៀត ទន្ទឹងរង់ចាំ មើលច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន លិចចេញជារូបរាង ជាច្រើនឆ្នាំមកហើយ ដោយសារតែច្បាប់នេះ ត្រូវបានមជ្ឈដ្ឋានទាំងនោះវាយតម្លៃថា នឹងដើរតួនាទីចម្បង ក្នុងការជំរុញលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស តម្លាភាពសង្គម អភិបាលកិច្ចល្អជាដើម ឲ្យមានភាពប្រសើរឡើង។
មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានអង្គការសមាគមជាដៃគូចំនួន ១២ ស្ថាប័ន លោក សន ជ័យ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះថា នៅពេលវិស័យសារព័ត៌មានរបស់ប្រទេសមួយ មានការរីកលូតលាស់លឿន ប្រទេសនោះ ក៏មានការរីកលូតលាស់លឿនតាមនោះដែរ តែបើមានការត្បិតត្បៀត លើសេរីភាពសារព័ត៌មាន ឱកាសនៃការអភិវឌ្ឍប្រទេសទាំងនោះ នឹងរងការប៉ះទង្គិច ទៅតាមកម្រិតនោះដូចគ្នា។
លោក សន ជ័យ បានថ្លែងប្រាប់ទៀតថា៖ «នៅពេលច្បាប់នេះចេញមក វានឹងទប់ស្កាត់មន្រ្តីខិលខូចមួយចំនួន ពិសេសការចាយប្រាក់របស់រដ្ឋ ដែលពលរដ្ឋជាអ្នកបង់ពន្ធ។ (...) វាអាចងាយស្រួលដល់អ្នកសារព័ត៌មាន ស្វែងរកព័ត៌មានដែលចង់បាន។ ហើយនឹងនាំឲ្យសង្គមនេះ ទៅជាសង្គមជឿជាក់ មានតម្លាភាព លែងមានអាថកំបាំង ទាំងអ្នកផ្តល់សេវារដ្ឋ និងអ្នកទទួលសេវា។»
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីពេលកន្លងមក លោក កៃ កឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានអត្ថាធិប្បាយថា៖ «តើមានឧបសគ្គអ្វី បានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បង្កើតយូរម្លេះ? ឥឡូវអ្នកសារព័ត៌មាន កំពុងមានឧបសគ្គ ក្នុងការបំពេញការងារ។ តែទោះយូរ ឬឆាប់យើងចង់បានច្បាប់ល្អ ដែលទទួលបានទាំងអស់គ្នា។ យើងក៏មិនចង់បានច្បាប់ឆាប់ពេក តែគ្មានគុណភាព៕»