អ្នកកាសែតត្រូវការពារខ្លួនដោយខ្លួនឯង គ្មាននរណាការពារឲ្យទេ!
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 31, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ច្បាស់ហើយ! ពលរដ្ឋកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន ភាគច្រើន ចង់បានច្បាប់មួយ ការពារអ្នកសារព័ត៌មាន ជាមួយនឹងការបញ្ជាក់ ឲ្យបានច្បាស់លាស់ នូវសិទ្ធិទទួលបានព័ត៌មាន របស់អ្នកសារព័ត៌មាន ពីសំណាក់ក្រសួងស្ថាប័ន របស់រដ្ឋទាំងនោះ ជាពិសេសការពារ នូវការម៉ាក់ងាយ មកលើអ្នកសារព័ត៌មាន ពីសំណាក់មន្រ្តីអាជ្ញាធរ របស់រដ្ឋ តាមរយៈការប្រើហិង្សាជាដើម។ ឆ្លើយទៅនឹងចំណោទ ដែលលើកឡើង នៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចគាំពារអ្នកកាសែត សិទ្ធិទទួលព័ត៌មាន និងយេនឌ័រ» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុក គឹមសេង អតីតទីប្រឹក្សាក្រសួង ក្រសួងព័ត៌មាន មិនបានបញ្ជាក់ពីសិទ្ធិ ឬការកម្រិតសិទ្ធិ របស់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នរដ្ឋទាំននោះទេ ហើយក៏មិនបានបញ្ជាក់ ពីការអន្តរាគមជាផ្លូវការ ពីក្រសួងព័ត៌មាន មកលើមន្រ្តីសាធារណៈទាំងឡាយ ដែលវាយតប់ មកលើអ្នកសារព័ត៌មានដែរ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន គ្រាន់តែលើកឡើងថា បើខ្លួនអ្នកសារព័ត៌មានទាំងនោះ ត្រូវបានគេបំពានលើរាងកាយ នោះមានច្បាប់ក្រមព្រហ្មទណ្ឌ ជាអ្នកការពារ។ តែលោកថា ទាំងនេះក៏ព្រោះតែ អ្នកសារព័ត៌មានខ្លួនឯង មិនចេះការពារខ្លួន ដើម្បីគេចឆ្ងាយ ពីការវាយដុំទាំងនោះដែរ។ លោកថា អ្នកសារព័ត៌មានខ្លះ លបទៅអង្កេតរឿងមួយដោយម្នាក់ឯង គ្មានប្រាប់អ្នកណាម្នាក់ទេ លុះដល់មានរឿងកើតឡើង ទើបប្រកាសខ្លួនថា ជាអ្នកសារព័ត៌មាន។ លោកលើកឡើងថា៖ «បើដឹងកន្លែងនោះ វាមានហានិភ័យខ្ពស់ រឿងអ្វីយើងត្រូវទៅដោយស្ងាត់ៗ។ យើងត្រូវរៀបក្រុមជាស្រេច មួយចាំថត មួយដើរចូលទៅ ដើម្បីចាប់ភស្តុតាងទាំងនោះឲ្យបាន ម្តេចយើងមិនចេះធ្វើ?។ (...) អ្នកប្រព្រឹត្តិបទល្មើសគេឆ្លាត យើងជាអ្នកយកព៏ត៌មាននោះ ក៏ត្រូវពូកែដែរ។ (...) អ្នកធ្វើល្មើសនោះ ច្បាស់ជាពូកែជាងយើងហើយ បានជាគាត់អាចធ្វើល្មើសបាន។ (...) គ្មានការការពារណាជាក់លាក់ ក្រៅពីយើងចេះការពារខ្លួនឯង ដោយខ្លួនឯងទេ។»
ឯការហាមឃាត់អ្នកសារពត៌មាន ក្នុងមន្ទីររដ្ឋសភា បើទោះជា«គ្មាន»ការឆ្លើយតប ណាមួយច្បាស់លាស់ ពាក់ព័ន្ធនឹងការមិនអនុញ្ញាត ឲ្យអ្នកព័ត៌មានចូលយកព័ត៌មាន ក្នុងរដ្ឋសភានាពេលថ្មីៗនេះ លោក អ៊ុក គឹមសេង ជាអ្នកនាំពាក្យ សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មាន បើសិនជាគេឲ្យចូលចាំចូល បើគេឲ្យចេញចាំចេញ មិនអាចដើរប្រសេកប្រសាច កន្លែងគេដោយស្រេចនឹងចិត្តឡើយ។ លោកបានចាត់ទុកថា ទាំងនេះជារឿងសាមញ្ញ ដែលកន្លែងនីមួយៗ តែងតែត្រូវបានរៀបចំ សម្រាប់អ្នកសារព័ត៌មាន ដែលគេចង់ផ្តល់ឲ្យ។ ផ្ទុយមកវិញ លោកហាក់ដូចជាចង់បញ្ជាក់ ផ្ទុយនឹងអ្វី ដែលលោកបានអះអាងខាងលើ យ៉ាងខ្លីថា៖ «បើរដ្ឋសភាមានកិច្ចប្រជុំ មិនឲ្យអ្នកសារព័ត៌មានចូល... ទោះបីជាប្រទេសកុម្មុយនីស ក៏គេមិនដែលធ្វើចឹងដែរ»។
លោកអនុរដ្ឋលេខាធិការ បានថ្លែងបន្តថា៖ «ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន» បើទោះជាគ្មានការកំណត់ទោសទណ្ឌ លើមន្រ្តីដែលត្រូវផ្តល់ព័ត៌មាន ទាំងនោះក៏ពិតមែន តែច្បាប់នេះ បានចាប់បង្ខំឲ្យមន្រ្តីនាំពាក្យ ឬអ្នកគ្រប់គ្រងព័ត៌មាន នៃក្រសួងទាំងអស់ត្រូវតែផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន ឬភាគីពាក់ព័ន្ធទាំងអស់ ដែលចង់ដឹងព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចការសាធារណៈនោះ។ លោកបានថ្លែងឡើងទៀតថា៖ «បើវាជាកិច្ចការសាធារណៈ ត្រូវតែបង្ហាញ។ អ្នកទាំងអស់គ្នា ជាភ្នែក ជាច្រមុះ របស់សាធារណៈជន របស់មហាជន។ (...) ខ្ញុំយល់ ដែលមានស្ថាប័នខ្លះ នៅមិនទាន់ធ្វើការបានល្អ ហើយសង្ឃឹមថានឹងធ្វើបានល្អ ក្រោយពេលមានច្បាប់នេះ។ (...) ច្បាប់នេះ បើកសិទ្ធិឲ្យសាធារណៈជន មានសិទ្ធិស្នើសុំព័ត៌មាន។ ព័ត៌មានមិនចាំបាច់ស្នើ ក៏ត្រូវធ្វើការផ្សាយជាសាធារណៈដែរ។»
សូមបញ្ជាក់ជូនដែរថា សិក្ខាសាលាខាងលើ មានគោលបំណង ដើម្បីលើកឡើង ពីបញ្ហា«ប្រឈម»នានា របស់អ្នកសារព័ត៌មាន សិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន ជាពិសេសដើម្បីបង្កើន ឲ្យមានការចូលរួមជាអ្នកសារព័ត៌មាន ពី«ស្រ្តី» ភាគច្រើន ឬស្មើនឹងបុរស លើវិស័យនេះ ដើម្បីភាពរីកចម្រើន ផ្នែកយែនឌ័រ។
ឯលោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានលើកឡើងថា ការបាញ់សម្លាប់លើអ្នកកាសែតនៅកម្ពុជា នៅតែជាបញ្ហាក្តៅ និងហាក់មិនទាន់ផ្តល់នូវយុត្តិធម៌ បានមួយរយភាគរយនៅឡើយ នេះជាមូលហេតុឲ្យអ្នកសារប័ត៌មានមូយចំនួនធំនៅមានការភ័យខ្លាចច្រើន។ លោកបានបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរមានកាតព្វកិច្ចការពារ បញ្ឈប់ការប្រើអំពើហិង្សា លើអ្នកសារព័ត៌មាន»៕