ឆែលស៊ី ត្រៀម៣០លានផោនពីលើ តូរែស ដើម្បីប្ដូរយកខ្សែប្រយុទ្ធស្ស៊ារ៉ាវី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមតោខៀវឆែលស៊ី (Chelsea) ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមអេស៊ី មីឡាន (AC Milan) ស្តេហ្វាន់ អេល ស្ស៊ារ៉ាវី (Stephan El Shaarawy) មកចូលរួមជាមួយក្រុម ដោយពួកគេនឹងឲ្យតម្លៃដល់ក្រុមស៊េរីអេ (Serie A) ប្រមាណ ៣០លានផោន និងថែមខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ម្នាក់ទៀត។ នេះបើតាមសេចក្ដីរាយការណ៍ របស់កាសែតអ៊ីតាលី ស្ពតមីដៀសិត (SportMediaSet)។
គ្រូបង្វឹកថ្មី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅតែបន្តចង់បន្តនាំយកខ្សែប្រយុទ្ធឲ្យបានច្រើន ខណៈដែលខ្សែប្រយុទ្ធអេឌីនសិន កាវ៉ានី (Edinson Cavani) ត្រូវបានដឹងថា បានឈានដល់ការព្រមព្រាងល័កខ័ណ្ឌផ្ទាល់ខ្លួនអស់ហើយ។ ប៉ុន្តែគាត់នៅតែចង់បាន ស្ស៊ារ៉ាវី បន្ថែមទៀត ព្រោះតែគាត់យល់ថា ក្រុមរបស់គាត់នៅមានភាពអន់ខ្សោយនៅតំបន់ប្រយុទ្ធ។
កីឡាករអន្តរជាតិអ៊ីតាលីវ័យ ២០ឆ្នាំ ជាតួរអង្គសំខាន់របស់ក្រុមមីឡាន កាលពីរដូវកាលមុន ខណៈដែលគាត់ចូលលេងជំនួសដំណែងកីឡាករស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ដែលបានចាកចេញ ទៅក្រុមប៉ារីស ហ្សិនជឺម៉ិន (PSG)។ គាត់រកគ្រាប់បាល់បញ្ចូលទីបាន ១៩គ្រាប់ គ្រប់ការកម្មវិធីប្រកួតទាំងអស់។
ស្ស៊ារ៉ាវី រកគ្រាប់បាល់បានញឹកញាប់ណាស់ កាលពីពាក់កណ្តាលរដូវកាល ២០១២-២០១៣ ដំបូង ប៉ុន្តែនៅពាក់កណ្តាល់រដូវកាលចុងក្រោយ គាត់ពុំសូវរកគ្រាប់បានទេ បន្ទាប់ពីក្រុមបានទិញខ្សែប្រយុទ្ធ ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ចូលកាលពីខែមករា និងធ្វើឲ្យគាត់ ពុំសូវបានចូលលេងទៀតទាត់។
លោកម៉ូរីញ៉ូ បានទិញខ្សែប្រយុទ្ធអាឡឺម៉ង់ អេដ្រេ ស្កឺរ៉ល (Andre Schurrle) មួយរូបហើយដែរ ហើយពេលនេះ គាត់កំពុងតែចង់បញ្ចេញខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែសចេញ ក្នុងតម្លៃមួយទាប ហើយអាចនឹងដោះដូរជាមួយ នឹងក្រុមមីឡាន យកស្ស៊ារ៉ាវី ឬអាចលក់ទៅក្រុមណាមួយផ្សេង។
កីឡាករវ័យ ២៩ឆ្នាំ មានទម្រង់លេងធ្លាក់ចុះខ្លាំងនៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) ដោយគាត់អាចរកគ្រាប់បញ្ចូលទីបានតែ ៨គ្រាប់តែប៉ុណ្ណោះ កាលពីរដូវកាលមុន។ ប៉ុន្តែក្រៅពីក្របខ័ណ្ឌព្រីមែលីក អតីតខ្សែប្រយុទ្ធក្រុមលីវើភូល (Liverpool) រូបនេះ ធ្វើបានល្អដែរ ពោលគឺគាត់អាចរកគ្រាប់បាន ១៦គ្រាប់ គ្រប់កម្មវិធីប្រកួតទាំងអស់៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ