«ការ​ប្រាក់​ប្រលាក់​ឈាម» បើ​តាម​ពលរដ្ឋ​រងគ្រោះ​នឹង​ចំការ​អំពៅ លីយ៉ុងផាត់

ពលរដ្ឋមកពីសហគមន៍ចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបានឡើងមកតវ៉ា នៅមុខធនាគារ​អេអ៊ិនហ្សិត (ANZ ROYAL ) បានអះអាងថា ការប្រាក់ដែលធនាគារមួយនេះ ទទួលបានពីការផ្តល់កំចី ឱ្យក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើ របស់លោក លី យ៉ុងផាត់ គឺជាឈាមរបស់ពួកគាត់ ដូចនេះធនាគារនេះ​ត្រូវផ្តល់សំណង​ដល់​ពួកគាត់ ជាជនរងគ្រោះវិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០១ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 02, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រដាសប្រាក់ដុល្លាខ្មោច ប្រលាក់ទៅដោយល័ក្ខក្រហម ដែលតំណាងឱ្យឈាម ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពីការ​អភិវឌ្ឍន៍​ចំការអំពៅ របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ត្រូវបានប្រជាពលរដ្ឋ​បាចនៅ​ពី​មុខ​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ ដែលក្រុមអ្នកតវ៉ាទាំងនោះលើកឡើងថា អស់​ជា​ច្រើន​ឆ្នាំ​មកហើយ ដែល​ធនាគារនេះ ទទួល​បាន​ផល​ចំណេញ​ពី​ញើស​ឈាម និង​ទឹក​ភ្នែក​របស់​ពួក​គាត់។

លោក ចេង សុភាព ជាតំណាងប្រជាពលរដ្ឋ មក​ពី​ស្រុក​ឱរ៉ាល់ បានលើកឡើងថា ដោយ​សារ​តែ​ធនាគារ​មួយ​នេះ បាន​ផ្តល់​កម្ចី​ឱ្យ​ក្រុមហ៊ុន លីយ៉ុងផាត់ ទើប​ក្រុមហ៊ុន​នេះ មាន​ទុន​យក​ទៅ​ឈូសឆាយ រំលោភ​យក​ដី​ប្រជាជន​ដោយ​គ្មាន​មេត្តា។ បើ​ទោះ​បី​លោក​មមាញឹក ក្នុងធ្វើស្រែចំការយ៉ាងណាក៏ដោយ ក៏តំណាង​អ្នករង​គ្រោះ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋនឹងមកធ្វើការតវ៉ារហូត លុះត្រាធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ ព្រម​សងនូវសំណង ដែល​ទទួលបានការប្រាក់ ពីផ្តល់កំចីឱ្យក្រុមហ៊ុនលីយ៉ុងផាត់ ផ្តល់ទៅ​ឱ្យអ្នក​ដែល​រងគ្រោះ ពីការប៉ះពាល់​ដី​ធ្លី​វិញ ព្រោះធនាគារនេះ ក៏មានទំនួលខុសត្រូវមួយចំណែក ក្នុងការធ្វើឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​​ដី ផ្ទះ​សម្បែង និង​មុខរបរផងដែរ។

«ដោយសារតែគាត់មានលុយ ឱ្យលីយ៉ុងផាតទៅឈូសឆាយ ដីប្រជាពលរដ្ឋខ្ទេចខ្ទីអស់រលីងហើយ ដូច្នេះខ្ញុំ​អត់សុខចិត្តទេ ខ្ញុំត្រូវតែមក! អ្នកណាសុខចិត្ត បើដីប្រជាពលរដ្ឋរាប់សិបហិចតា យកមកសំងំឈឹងអញ្ចឹង ឱ្យ​ពួកខ្ញុំសុខចិត្តម៉េចបាន? ត្រូវតែតវ៉ា!» នេះជាអះអាងរបស់អ្នកស្រី សួន ឃៀង តំណាងម្នាក់ទៀតរបស់​ក្រុម​ប្រជាពលរដ្ឋ។ អ្នកស្រីបានបញ្ជាក់បន្ថែមថា អ្នកស្រីបាត់បង់ដីអស់៩ហិចតា ពីការផ្តល់ដីសម្បទាននេះរបស់​រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុនលីយ៉ុងផាត។

មានអាយុ៤៦ឆ្នាំ ស្រ្តីដែលជាជនរងគ្រោះ ពីការផ្តល់ដីសម្បទានរូបនេះ បានរៀបរាប់បន្តថា នេះជាលើកទី៣​ហើយ ដែលប្រជាពលរដ្ឋឡើងមកតវ៉ាទាមទារ ឲ្យធនាគារមួយនេះទទួលខុសត្រូវ ខណៈដែលការ​ទាមទារ២​លើកកន្លងមក មិនដែលមានដំណោះស្រាយ និងការឆ្លើយជាវិជ្ជមានណាមួយ ពីធនាគារនេះឡើយ។

ក្រៅពីជ្រលក់លុយ ទៅនឹងទឹកឈាមសិប្បនិមិត្ត ប្រជាពលរដ្ឋរងផលប៉ះពាល់ ពីការដីផ្តល់ដីសម្បទាន ក្នុង​ខេត្តកំពង់ស្ពឺទាំងនោះ បាននាំគ្នាជ្រលក់ដៃនឹងល័ក្ខ ពណ៌ដូចឈាមនោះ ប៉ាតទៅលើជញ្ជាំង និងទ្វារ​របស់​ធនាគារដើម្បីផ្ញើសារ ទៅកាន់អ្នកគ្រប់គ្រងធនាគារ។ តែគេមិនឃើញមាន តំណាងធនាគារណាម្នាក់ ចេញ​មុខមកដោះស្រាយ ជាមួយប្រជាពលរដ្ឋឡើយ។

ស្រែកតវ៉ាទាំងទឹកភ្នែក អ្នកស្រី វ៉ាន់ នេន បានឱ្យដឹងថា ការដែលក្រុមប្រជាពលរដ្ឋ ឡើងមកតវ៉ានេះ មិនមែន​ជាការធ្វើបាតុកម្មនោះទេ តែដោយសារអស់ជម្រើស ដោយសារតែក្រុមហ៊ុនយកដីអស់ និងគ្រាន់តែមក​ទាមទារកយុត្តិធម៌ ពីធនាគារអេអ៊ិនរ៉ូយ៉ាល់ ដែលទទួលលុយពុករលួយរបស់ឈ្មួញ។ អ្នកស្រីបន្ទរតាម​ឧឃោសនស័ព្ទបន្តថា៖ «ឈឺចាប់ពីរថ្ងៃហើយ ដោយសារតែធនាគារអេអ៊ិនហ្សិតរ៉ូយ៉ាល់ មិនចេញមក​ដោះ​ស្រាយ»។

អ្នកស្រី ឃុន ខន ប្រជាពលរដ្ឋដែលបាត់បង់ដីអស់២ហិចតាដែរនោះ បានរៀបរាប់ថា បន្ទាប់ពីមានការ​បាត់​បង់ដីធ្លី ព្រោះរដ្ឋាភិបាលបានសម្បទានដី ប្រមាណ៩០០ហិចតា ទៅឱ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ប្រជាពលរដ្ឋ​នៅទីនោះ ប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង ក្មេងៗត្រូវឈប់រៀន ដើម្បីមកស៊ីឈ្នួលជាកម្មករ ក្នុងចំការអំពៅ ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើទំនាក់ទំនង សុំអត្ថាធិប្បាយ ពីធនាគារបានទេ នៅថ្ងៃនេះ។ ប៉ុន្តែ​បើ​យោងតាមលិខិតមួយរបស់ធនាគារ បានបញ្ជាក់ថា ជម្លោះដីធ្លីនៅកំពង់ស្ពឺ ជាសមត្ថកិច្ចរបស់ក្រុមហ៊ុន​ភ្នំពេញ​​ស៊ូហ្គឺរ និងរដ្ឋាភិបាល ជាអ្នកដោះស្រាយ ព្រោះក្រុមហ៊ុននេះ លែងជាអតិថិជន របស់ធនាគារ អេអ៊ិនហ្សិត​រ៉ូយ៉ាល់ ទៀតហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...