សង្គមស៊ីវិល ថាការផ្ដល់ដីសម្បទានឲ្យពលរដ្ឋ មានតែនៅលើក្រដាស
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 08, 2014
- ប្រធានបទ: វិបត្តិដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដីធ្លី - យោងទៅតាមរបាយការណ៏ប្រចាំឆ្នាំ ២០១៣ របស់សមាគមអាដហុក ដែលមានកម្រាស់៤៥ ទំព័រដែលមានចំណងជើងថា «ស្ថានភាពដីធ្លីនៅក្នុងប្រទេសកម្ពុជា» បានចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ យោងទៅតាមទិន្នន័យដែលប្រមូលដោយអង្គការអាដហុក រដ្ឋាភិបាលបានធ្វើអនុប្រយោគ និងផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់អ្នកក្រីក្រតាមជនបទ ៤៨៥ កន្លែង ត្រូវបានផ្តល់លើផ្ទៃដីសរុបចំនួន ៦២៦.៨២៣,២៦ ហិកតា បើធៀបទៅនឹងឆ្នាំ២០១២ ការផ្តល់ដីសម្បទានសង្គមកិច្ច មានចំនួន៣៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១០០.៧៩០ ហិកតា។
លោក ធន សារាយ ប្រធានសមាគមអាដហុកបានថ្លែងថា ក្នុងចំណោមអនុក្រឹត្យចំនួន ៤៨៥ មានអនុក្រិតចំនួន ៤២៩ ដែលត្រូវបានចេញក្នុងចន្លោះពីខែកក្កដា ដល់ខែធ្នូ ហើយក្នុងរយៈពេលមួយខែមុនបោះឆ្នោត ដីសម្បទានសង្គមកិច្ចចំនួន១៥៩ ត្រូវបានផ្តល់ក្នុងចំនួន ដែលមិនធ្លាប់មានពីមុនមក។ ការផ្តល់ដីសម្បទានសង្គមកិច្ចដ៏ច្រើននេះ គឺដើម្បីចំណេញខាងនយោបាយ ដណ្តើមយកការគាំទ្រ។ លោកបានឲ្យដឹងទៀតថា៖ «យើងឃើញថាតូលេខច្រើន ប៉ុន្តែនេះគ្រាន់ជាតួរលេខនៅលើក្រដាស់ទេ ដីមួយចំនួនធំមិនទាន់បានអនុវត្តន៍ទេគឺគ្រាន់តែដាក់ផ្លាក់ដីសម្បទានសង្គមកិច្ច ដូច្នេះចំនួនជាក់ស្តែង យើងនៅមានការសង្ស័យនៅឡើយ»។
លោកបានថ្លែងឲ្យដឹងទៀតថា ទាក់ទិនទៅនឹងការផ្តល់ដីសម្បទានសង្គមកិច្ចដ៏ច្រើន ជូនដល់ប្រជាពលរដ្ឋក្រីក្រនោះ គឺជារឿងមួយដែលល្អ ហើយសូមឲ្យបង្កើនការចែកចាយដីនេះបន្តទៀត ប៉ុន្តែលោកនៅមានការសង្ស័យ ថាតើធ្វើតែនៅលើក្រដាស់ រឺមួយយ៉ាងណា? នេះគឺជាបញ្ហា។ លោកបានថ្លែងឲ្យដឹងថា៖ «ការផ្តល់ដីឲ្យច្រើននោះជាការល្អ តែកុំគូសតែនៅលើក្រដាស់ ធ្វើឲ្យប៉ះពាល់ទៅដល់ដីប្រជាពលរដ្ឋដទៃទៀត ហើយមេត្តាកុំយកប្រជាជន ដែលតវ៉ារឿងដីធ្លីធ្វើជាចំណាត់ខ្មាំង ហើយយកទៅដាក់គុក»។
លោកបានពន្យល់ថា ទាក់ទិនទៅនិងបទបញ្ជារ០០១គឺជាការល្អដែលរដ្ឋាភិបាល បានវាស់ដីចែកជូនប្រជាពលរដ្ឋ រហូតដល់ជាង ៦សែនហិកតា ប៉ុន្តែក្នុងនាមអង្គការសង្គមស៊ីវិលមានការសោកស្តាយ ដែលរដ្ឋាភិបាលមិនអនុញ្ញាតិឲ្យអង្គការក្រៅរដ្ឋាភិបាលចូលរួម ក្នុងការតាមឃ្លាំមើល និងផ្តល់មតិយោបល់ច្រើន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលអវិជ្ជាមាននៅក្នុងបទបញ្ជារ០០១នោះ គឺរដ្ឋាភិបាលពុំបានយកចិត្តទុកដាក់ ចំពោះរឿងដែលមានជម្លោះ គឺយន្តការដោះស្រាយនៅតែរយីករយៀកនៅឡើយ ដីជម្លោះដ៏រ៉ាំរ៉ៃមកហើយមិនត្រូវបានយកចិត្តទុកដាក់ ហើយក៏មិនបានទទួលស្គាល់ដោះស្រាយបញ្ហាប្រជាជន នៅក្នុងក្រុងនៅឡើយដែរ»។
របាយការណ៍ស្តីពីស្ថានភាពដីធ្លីឆ្នាំ២០១៣ របស់សមាគមអាដ ឲ្យដឹងថា ក្នុងឆ្នាំ២០១៣ អាដហុក បានស៊ើបអង្កេតករណីវិវាទដីធ្លីចំនួន ១៣៥ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ លើទំហំដីជាង ៣ម៉ឺន៦ពាន់ហិកតា ដែលចំនួននេះ មានការកើនឡើង ៤៨% បើធៀបនឹងឆ្នាំ២០១២ ដែលមានចំនួន៧០ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ លើទំហំដីដីជាង ១សែនហិកតា។
បើតាមកំណត់ត្រាក្នុងរបាយការណ៍របស់អាដហុក ការកើនឡើងនៃករណីវិវាទដីធ្លី ភាគច្រើនជាវិវាទរវាងពលរដ្ឋ និងភាគីម្ខាងជាក្រុមហ៊ុនឯកជន ឬអ្នកមានអំណាចជាលក្ខណៈឯកជន និងភ្នាក់ងារអាជ្ញាធរសាធារណៈផ្សេងៗ ដែលបណ្តាលមកពីអំពើពុករលួយ ការគ្រប់គ្រងមិនត្រឹមត្រូវ និងការរំលោភបំពានធ្ងន់ធ្ងរ។
លោក ធន សារ៉ាយ ចាត់ទុកថា នេះទំនួលខុសត្រូវរដ្ឋាភិបាល ដែលត្រូវតែដោះស្រាយជាបន្ទាន់ ខណៈនៅដើមឆ្នាំ២០១៤នេះ បញ្ហាដីធ្លី បានស្ទុះឡើងជាគំហក់។ លោកថា រដ្ឋាភិបាល ត្រូវបញ្ឈប់ទាំងស្រុង នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មជាដើម ខណៈដែលរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចតាមសារាចរណ៍ ០០១ កាលពីពាក់កណ្តាលឆ្នាំ២០១២ ហើយរដ្ឋាភិបាល ក៏ត្រូវរៀបចំគោលនយោបាយ សម្រាប់ការបណ្តេញចេញ ឲ្យស្របតាមស្តង់ដារអន្តរជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោកបង្វែរសំណួរទៅ លោក ឡោ ណាវុធ អគ្គនាយកសូរិយោដី នៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់វិញ។ ប៉ុន្តែលោក ឡោ ណាវុធ ពុំអាចទាក់ទងបានទេក្នុងថ្ងៃនេះ។
យោងទៅតាមរបាយការណ៍របស់ក្រសូងដែនដីនគររូបនីយកម្ម សំណង់ បានឲ្យដឹងថា មកទល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងឯកសារគតិយុត្តបម្រើឲ្យបទបញ្ជាលេខ ០១ បប រាជរដ្ឋាភិបាលបានអនុបយោគ កាត់ផ្ទៃដីសរុបទំហំជាង ១លាន ហិកតាដែលក្នុងនោះទំហំ ជាង ៣៤ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១២៨ និងទំហំជិត២៣ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៦ និងទំហំជិត ៥០ហិកតា កាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូត ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យចំនួន ៩៦ អនុក្រឹត្យចំនួន ៦៧៨ និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៧០៧ ស.ជ.ណ៕