រដ្ឋាភិបាលកម្ពុជាប្រកាសកាត់ដីសម្បទានពីក្រុមហ៊ុន មកឲ្យពលរដ្ឋក្រីក្រ
រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ដែលក្នុងនោះបានកាត់ចេញ ពីក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១១៦ក្រុមហ៊ុន និងដីព្រៃរបស់រដ្ឋដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ២០១២។
ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ (រូបថត MONOROOM.info/ C.Bunthoeun)
ដីធ្លី - នៅក្នុងសេចក្តីជូនដំណឹង ដែលបានបោះត្រាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ដែលទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទើបទទួលបាន សរសេរថា រដ្ឋាភិបាលបានធ្វើអនុប្រយោគ កាត់ផ្ទៃដីសរុបទំហំជាង៩៣ ម៉ឺនហិកតា ដែលនោះក្នុងនោះផ្ទៃដីទំហំ ជិត ២៨ម៉ឺន ហិកតា បានកាត់ចេញពីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចចំនួន១១៦ ក្រុមហ៊ុន និងទំហំជាង ២០ម៉ឺនហិកតា បានកាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៨ និងទំហំជាង ៤៥ម៉ឺនហិកតា បានកាត់ចេញពីដីរដ្ឋ និងដីព្រៃមានដីកាដកហូត ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។
នៅក្នុងសេចក្តីជូនដំណឹងនោះ បានឲ្យដឹងទៀតថា ទាក់ទិនទៅនិងបទបញ្ជា ០១បប នយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មកទល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៤ បានវាស់វែងដីបាន ៧១ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋ បានជាង៤០ម៉ឺនប័ណ្ណ។
កាលពីថ្ងៃទី៧ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។ និងបានបញ្ជារ ឲ្យអាជ្ញាធរទូទាំងប្រទេស ធ្វើការវាស់វែងបែងចែកដីធ្លីឲ្យប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ចហើយធ្វើយ៉ាងយូរបំផុត រយៈពេល៦ខែ។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងថា ដីសម្បទានសង្គមកិច្ច គឺផ្តល់ទៅឲ្យពលរដ្ឋក្រីក្រ ពលរដ្ឋដែលគ្មានដីពិតប្រាកដ អតីតយុទ្ធជននិង យុទ្ធជនពិការ ដោយក្នុងមួយគ្រួសារអាចទទួលបានដីលំនៅដ្ឋាន និងដីចំការសរុប ៥ ហិកតា។ លោកបានឲ្យដឹងទៀតថា ៖«ពលរដ្ឋត្រូវតែមានលិខិត បញ្ជាក់អំពីភាពក្រីក្ររបស់គាត់ ទើបអាចទទួលបានដី»។
លោក គុជ វ៉េង ពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុនភាពីម៉ិចនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់បានថ្លែងថា លោកពិតជាបានឃើញរដ្ឋាភិបាលកាត់ដីសម្បទានសង្គមកិច្ច ដោយឲ្យយុវជនស្ម័គ្រចុះមកវាស់ដីមែន ប៉ុន្តែពុំបានដល់ប្រជាពលរដ្ឋដែលមានបញ្ហាពិតប្រាកដនោះទេ គឺគេវាស់ឲ្យតែបក្សពួករបស់គេតែប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដីនោះ មិនបានអ្នកដែលរស់នៅពិតប្រាកដ និងគ្មានដីពិតប្រាកដនោះទេ គឺបានទៅលើអ្នកមកពីចម្ងាយ ដោយសារតែអាជ្ញាធរឃុបឃិតបានពីយុវជនស្ម័គ្រ យកទៅលក់ឲ្យឈ្មួញ។ ពួកយើងខ្លះដែលបានវាស់ហើយនោះ ក៏បានតែកន្ទុយបង្កាន់ដៃប៉ុណ្ណោះ គ្មានដីនោះទេ។»
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមនការពារសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា តាមសកម្មភាពរបស់យុវជនស្ម័គ្រចិត្តនោះ គឺពុំបានកាត់ដីចេញពីដីដែលប្រជាជនមានទំនាស់នោះទេ គឺភាគច្រើនបានកាត់ដីឲ្យតែពលរដ្ឋ ដែលចូលទន្ទ្រានយកដីព្រៃរបស់រដ្ឋតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យមិនអាចបញ្ចប់ជម្លោះបាន។ លោកបានពន្យល់យ៉ាងដូច្នេះទៀតថា៖ «ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច តាមរយៈក្រុមយុវជនស្ម័គ្រនោះ គឺជាឱកាសផ្តល់ឲ្យអ្នកដែលមានដីមានដីកាន់តែច្រើន ដោយសារតែការស៊ីសំណូកគ្នា ហើយពលរដ្ឋដែលគ្មានដី និងមានជម្លោះនៅតែមានជម្លោះដដែល»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១២ មីនា ២០១៤