នៅពេលដែលប្រទេសប្រជាធិបតេយ្យមួយ គ្មានទីលានបញ្ចេញមតិ...
សាលារាជធានីភ្នំពេញបានប្រកាសបិទ ទីលានប្រជាធិបតេយ្យជាបណ្តោះអាសន្ន។ ការប្រកាសបិទនេះ គឺស្របពេលដែលគណបក្សសង្រ្គោះជាតិ បានប្រកាសផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយព្រមានថានឹងធ្វើមហាបាតុកម្មជាថ្មីក្នុងពេលខាងមុខ។ សម្រាប់មន្រ្តីសិទ្ធិបានលើកឡើងថា ចំណាត់ការបិទទីលានប្រជាធិបតេយ្យ គឺជាហេតុផលនយោបាយ ច្រើនជាងការរក្សាសន្តិសុខសង្គម។
ទីលានប្រជាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D.KEO)
នយោបាយកម្ពុជា - ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីមួយ ស្ថិតនៅតំបន់ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ មីនា លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានរិះគន់ឥតសំចៃមាត់ ចំពោះក្រុមអ្នកភូមិបឹងកក់ និងបាតុករអាជីពមួយចំនួនទៀតថា ជាឈ្មួញបាតុកម្មពហុវិស័យ។ ក្នុងកម្មវិធីដដែលនោះ អភិបាលរាជធានីដែលបានមកកាន់តំណែងកាលពីខែឧសភា ឆ្នាំកន្លងទៅម៉ិញរូបនេះ បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ ទីតំាងទីលានប្រជាធិបតេយ្យ ត្រូវបិទមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេង បានបិទបញ្ចប់។
ការប្រកាសរបស់លោក ប៉ា សុជាតិវង្ស គឺស្របពេលដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង បានថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តត្បូងឃ្មុំ ក្នុងថ្ងៃដដែលនេះថា៖ «ប្រសិនបើពុំមានកំណែទម្រង់ សមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទេ យើងនឹងផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រៀមខ្លួនធ្វើមហាបាតុកម្មទៀត»។
ចំពោះបញ្ហានេះ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានពន្យល់ថា ស្ថានភាពសន្តិសុខនៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាបច្ចុប្បន្ន មិនមានភាពចាំបាច់ ដើម្បីឈានដល់ការបិទទីលានប្រជាធិបតេយ្យនោះទេ ហើយរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ មិនគួរយកករណីផ្លូវវ៉េងស្រេង និងទីលានប្រជាធិបតេយ្យដែលជារឿងពីរ និងទីកន្លែងពីរដាច់ពីគ្នា មកសំអាងក្នុងការបិទទីលានប្រជាធិបតេយ្យនោះទេ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតដដែលនេះ បញ្ជាក់ថា៖ «ទីលានប្រជាធិបតេយ្យ ជាកន្លែងដែលប្រជាពលរដ្ឋបញ្ចេញមតិដោយសន្តិវិធី ដែលជាមូលដ្ឋានគ្រឹះនៃលិទ្ធិប្រជាធិបតេយ្យ(...)។ ទីក្រុងភ្នំពេញមិនទាន់ដល់ថ្នាក់ ដាក់ជាតំបន់មានគ្រាអាសន្នទេ។ ការណ៍ដែលដាក់នេះ ខ្ញុំគិតថាគឺជាបំណងមួយ ទាក់ទងនឹងស្ថានការណ៍នយោបាយកំពុងតានតឹង ហើយយកបញ្ហានេះជាលេស មិនឲ្យប្រជាពលរដ្ឋបញ្ចេញមតិ។ អញ្ចឹងបើករណីផ្លូវវ៉េងស្រេង ស៊ើបអង្កេតគ្មានទីបញ្ចប់ ទីលានប្រជាធិបតេយ្យត្រូវបិទគ្នានទីបញ្ចប់ដែរឬយ៉ាងណា?»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងមន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែម ជុំវិញសេចក្ដីប្រកាសរបស់លោកអភិបាលបាននៅឡើយ តែលោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ការស៊ើបអង្កេតករណីណាមួយ គឺរឿងចាំបាច់ តែទីលានប្រជាធិតេយ្យ គឺជាទីកន្លែងមួយដាច់ដោយឡែក ដែលមិនមែនជាកន្លែងដែលរដ្ឋាភិបាល ត្រូវប្រមូលផ្តុំកម្លាំងបង្រ្កាបនោះទេ។ លោកនី ចរិយា បញ្ជាក់ថា៖ «កាលណាយើងដាក់ទ័ព បិទបាំង បង្រ្កាបហ្នឹង វាលែងទៅជាទីលានប្រជាធិបតេយ្យហើយ។ តែវាទៅជាទីលានបំបិទសេរីភាព៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មីនា ២០១៤