ផ្លូវក្រោមដី ដើម្បីបញ្ជៀសការកកស្ទះ ឬបណ្ដោះទឹកភ្លៀងជន់?
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: June 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទន្ទឹមនឹងការរីករាយអបអរ ទៅនឹងការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលប្រកាសឲ្យដឹង ពីការបើកឲ្យប្រើប្រាស់ នូវផ្លូវក្រោមដីនាទីតាំងស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជៀសការកកស្ទះនោះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងរាជធានី និងជាអ្នកប្រើប្រាស់ផ្លូវថ្នល់ បាននិយាយថា ការបើកផ្លូវក្រោមដីនឹងមិនមានប្រយោជន៍អ្វីខ្លាំងក្លាឡើយ ដោយសារតែរដូវវស្សាបានឈានចូលមកដល់ ហើយផ្លូវថ្នល់ក្នុងរាជធានីដែលទាបៗ នឹងប្រាកដជាត្រូវលិចលង់ដោយទឹកភ្លៀងជន់ជាពុំខាន។
ស្ពានអាកាស ដែលសាងសង់ហើយមួយភាគធំហើយនេះ។ (រូបថត MONOROOM.info/ D. Rith)
ទឹកភ្លៀងជន់ - ពលរដ្ឋអ្នករត់ម៉ូតូឌុបមួយរូប លោក ផល បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីម្ដុំគល់ស្ពានស្ទឹងមានជ័យថា «ធ្វើតែថ្នល់ តែលូកុំធ្វើ អញ្ចឹងអាផ្លូវក្រោមដីនេះ នឹងត្រូវលិចលង់ដោយទឹកភ្លៀងរហូត។ ហើយតែលិចហើយ អាផ្លូវនៅខាងលើ ក៏នៅតែកកស្ទះដដែលណ្នឹង។ ខ្ញុំមើលទៅមិនមានប្រយោជន៍អីប៉ុន្មានទេ។» រីឯពលរដ្ឋរួមអាជីព ជាមួយលោក ផល ម្នាក់ទៀតដែលឈរនៅក្បែរនោះ បានលូកមាត់ដែរថា «បើមិនធ្វើលូឲ្យហូរស្រួលបួលទេ គេបើកផ្លូវក្រោមដីនេះ គឺដើម្បីឲ្យយើង ដឹកភ្ញៀវជិះជ្រមុជក្នុងទឹក»។
ការលើកឡើងរបស់ពលរដ្ឋខាងលើ ជាចម្លើយតបនឹងសំនួររបស់ទស្សនាវដ្ដី ទាក់ទងនឹងការប្រកាសថ្មីៗនេះ របស់សាលារាជធានីភ្នំពេញ ដែលជូនដំណឹងថា នឹងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះតទៅ នូវកំណាត់ផ្លូវក្រោមដីមួយ ស្ថិតនៅទីតាំងស្ពានស្ទឹងមានជ័យ ក្នុងភូមិសាស្ត្រព្រំប្រទល់ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ សេចក្ដីជូនដំណឹង ដែលផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា បានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន គឺដើម្បីបញ្ចៀសការកកស្ទះចរាចរ ដោយសារតែការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ បានបង្កឲ្យមានកកស្ទះនៅលើតំបន់នោះ ជាច្រើនម៉ោង និងជារៀងរាល់ថ្ងៃ។
តែពលរដ្ឋមួយចំនួនទៀត បានថ្លែងអបអរ ដោយបាននិយាយថា យ៉ាងហោចណាស់ ក៏ការបើកផ្លូវក្រោមដី នឹងអាចជាជំនួយដល់ការធ្វើចរាចរ បានមួយកម្រិតដែរ។ អ្នកស្រី ផល្លា ដែលមានមុខរបរលក់ឈើ នៅក្បែរនោះ បាននិយាយថា «មានប្រឡាយបណ្ដោះទឹកលូ នៅក្បែរនេះដែរ មើលទៅប្រហែលជាមិនអីទេ។ បើទោះជាលិច ក៏គេអាចនឹងធ្វើការបូមចេញភ្លាមៗ។»
ចរិកដូចកញ្ជើធ្លុះ ...
សាលារាជធានីបានបញ្ជាក់ ក្នុងសេចក្ដីប្រកាសទៀតថា ស្ពានអាកាសស្ទឹងមានជ័យបានសម្រេចជារូបរាង ប្រមាណជា៩៥ភាគរយនៃគម្រោងហើយ ខណៈការសាងសង់នឹងត្រូវបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ លោក ប៊ុនថា ដែលអង្គុយនៅក្នុងរថយន្ដតូចរបស់លោក ចតនៅមុខវត្តសាមគ្គីរង្សី បាននិយាយដោយក្ដីសង្ឃឹមថា៖ «ការបើកផ្លូវក្រោមដីតែមួយរយៈនេះ ក៏វាគ្រាន់បើជាងអត់»។ តែលោកបានរិះគន់សាលារាជធានីថា គួរតែធ្វើផ្លូវជំនួយនេះ ពីយូរមកហើយ មិនមែនជិតចប់ការដ្ឋានហើយ ទើបនឹងចេញសេចក្ដីប្រកាសឲ្យប្រើប្រាស់អញ្ចឹងនោះទេ។ លោកនិយាយថា៖ «សាលារាជធានីទាំងមូល តែចរិកដូចកញ្ជើធ្លុះ។ ទុកឲ្យកូន ទាល់តែមានជម្ងឺ ទើបនាំទៅរកថ្នាំព្យាបាល។ អារឿងធ្វើលូនេះ ក៏អញ្ចឹងដែរ។»។
មិនទាន់អាចទាក់ទងមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងការលើកឡើង របស់ប្រជាពលរដ្ឋទាំងនេះ បាននៅឡើយ នៅថ្ងៃអាទិត្យទី១ ខែមិថុនានេះ។
បញ្ហាកកស្ទះចរាចរក្នុងតំបន់នេះ បានកើតមានសឹងរហូតមក តាំងពីមុនបើកការដ្ឋាធ្វើស្ពានអាកាស ហើយបង្កឲ្យមានភាពមិនសប្បាយចិត្ត ពីពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដែលតែងតែប្រើប្រាស់ផ្លូវថ្នល់នេះ។ លោក វី មន្ត្រីរាជការមួយរូប រស់នៅខាងលិចវត្តសាមគ្គីរង្ស៊ី បាននិយាយថា «វាមិនមែនស្ទះតែនៅត្រឹមស្ពានស្ទឺងមានជ័យនេះទេ តែវាបានស្ទះតាំងពីមួយគីឡូដី ខាងលិចស្ពានស្ទឺងមានជ័យនេះទៅទៀត»។ លោក វី បានពន្យល់ថា ចង់សាលារាជធានីធ្វើផ្លូវក្រោមដី១០កំណាត់ផ្លូវទៀត ក៏នៅតែបញ្ជៀសបញ្ហាមិនបានដែរ ព្រោះវាមិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែង។ លោកថាអ្នកប្រើប្រាស់ទ្រូងផ្លូវសព្វថ្ងៃ មិនគោរពច្បាប់ចរាចរ ជាពិសេសការចតរថយន្ដម៉ូតូ និងការដាក់តាំងលក់ធ្វើអាជីវកម្មមកលើទ្រូងថ្នល់ មានលក្ខណៈយ៉ាងអាណាធិបតេយ្យ ពាសវាលពាលកាល៕
រូបភាពពីគម្រោងប្លង់នៃស្ពានអាកាសនៅស្ទឺងមានជ័យ៖