ថៃ៖ អាមេរិក«គាប»របបដឹកនាំយោធា ឲ្យរៀបចំការបោះឆ្នោតឆាប់ៗ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកាសក្រមប្រតិបត្តិ របស់មេដឹកនាំរបបយោធានៅថៃ ពីការអង្គុយនៅក្នុងអំណាចយ៉ាងហោច១ឆ្នាំកន្លះ មុននឹងធ្វើការបោះឆ្នោតនោះ បានក្លាយជាប្រធានបទថ្មីមួយ ដែលមិនសូវត្រូវចិត្តសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងប្រតិកម្មមួយជាសាធារណៈ លោករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមហាអំណាច បានស្នើទៅរបបដឹកនាំយោធាក្នុងប្រទេសថៃ ឲ្យធ្វើយ៉ាងណារៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់។
ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)
នយោបាយថៃ - ក្នុងដំណើរមកចូលរួមក្នុង កិច្ចប្រជុំកំពូលស្ដីពីសន្តិសុខអាស៊ីលើកទី១៣ នៅប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ទី៣១ ខែឧសភា លោក ឈុក ហាជែល (Chuck Hagel) រដ្ឋមន្ត្រីការពារប្រទេសអាមេរិក បានថ្លែងទៅកាន់មេដឹកនាំរដ្ឋប្រហារនៅថែ ឲ្យធ្វើការដោះលែងអ្នកជាប់ឃុំទាំងឡាយ និងរៀបចំឲ្យបានឆាប់ នូវការបោះឆ្នោតសកលមួយឡើង។
ការថ្លែងរបស់ប្រមុខមន្ទីរប៉ង់តាហ្គូន ជាការសម្ដែងប្រតិកម្មភ្លាមៗ ទៅនឹងការប្រកាសក្រមប្រតិបត្តិមួយ ដែលត្រូវបានធ្វើឡើងដោយមេទ័ពថៃ លោកឧត្ដមសេនីយ ប្រាយុទ ចាន់អ៊ូចា កាលពីថ្ងៃសុក្រទី៣០ ខែឧសភា បញ្ជាក់ថារបបយោធានឹងនៅកាន់អំណាច យ៉ាងហោចណាស់១ឆ្នាំ៣ខែទៅមុខទៀត មុននឹងការបោះឆ្នោតដោយលិទ្ធិប្រជាធិបតេយ្យមួយ ត្រូវបានរៀបចំធ្វើ។
លោក ហាជែល បានអំពាវនាវ កាលពីថ្ងៃសៅរ៍នេះដដែល ដោយស្នើឲ្យរបបដឹកនាំយោធា បញ្ឈប់ការឃាត់ឃាំងសេរីភាពបញ្ចេញមតិ រួមទាំងការហាមឃាត់ មិនឲ្យមានការជួបជុំនយោបាយលើសពីប្រាំនាក់ និងដាក់ការត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ។
ដោយនិយាយដល់ពីការថ្កោលទោស ចំពោះការដើរថយក្រោយ នៃលិទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកបានផ្អាកទំនាក់ទំនងយោធា ដែលមានតាំងពីយូរមកហើយ ជាមួយប្រទេសអាស៊ីផ្នែកអាគ្នេយ៍មួយនេះ។
នៅក្នុងការថ្លែងមួយរបស់លោក នៅតាមកញ្ចក់ទូរទស្សន៍នាយប់ថ្ងៃទីសុក្រ ទី៣០ ខែឧសភានេះ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អ៊ូចា បានលើកឡើងថា៖ «កាលវិភាគមួយឆ្នាំ និង៣ខែ ដើម្បីបោះជំហានទៅរកការបោះឆ្នោត»។ «ក្រមប្រតិបត្តិ»មួយ ដែលត្រូវបានលើកឡើងដោយបុរសខ្លាំង បានគ្រោងនៅក្នុងជំហានដំបូង ទៅក្នុងការបង្រួបបង្រួមជាតិ ជាមុនសិន ដែលត្រូវប្រើរយៈពេលពី ២ ទៅ ៣ខែ។
បន្ទាប់មកទៀត ជំហានទីពីរ នឹងត្រូវដាក់ឲ្យមាននូវកំណែទម្រង់ ដែលគ្មានជម្លោះ នៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាកំណែទម្រង់ (រដ្ឋាភិបាលដែលមិនចេញពីការបោះឆ្នោត) មុននឹងឈានទៅដល់ដំណាក់កាលទី៣ នៃការបោះឆ្នោតជាតិ។
ក្រមប្រតិបត្តិ ដែលចេញពីរបបដឹកនាំយោធានេះ បានប្រមែប្រមូលសឹងតែទាំងអស់ នូវកម្មវិធីទាំងឡាយរបស់ក្រុមប្រឆាំង ដែលបានធ្វើបាតុកម្មនៅតាមដងផ្លូវ តាំងពី៧ខែមកហើយ មុននឹងកងទ័ពថៃសម្រេចធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស្របច្បាប់។
សូមរំលឹកថា ក្នុងរយៈពេលនៃការទាមទារតវ៉ាកន្លងមក ក្រុមបាតុករប្រឆាំងទាំងនោះ បានស្នើឲ្យបង្កើតនូវ«ក្រុមប្រឹក្សាប្រជាជន»មួយ ដែលមិនចេញពីការបោះឆ្នោតនេះដូចគ្នា ហើយក៏មានភារកិច្ចធ្វើកំណែទម្រង់ មុននឹងឈានទៅដល់ការបោះឆ្នោត ដោយប្រើរយៈពេលច្រើនជាង១ឆ្នាំ អញ្ចឹងដែរ។
ចំណែកប្រទេសអូស្ត្រាលីឯណោះវិញ បានប្រកាសផ្អាកទំនាក់ទំនងយោធាជាមួយនឹងប្រទេសថៃ កាលពីចុងសប្ដាហ៍នេះ។ រដ្ឋាភិបាលទីក្រុងកង់ប៊េរ៉ា បានថែមទៀតហាមឃាត់មេដឹកនាំយោធាជាច្រើនរូប មិនឲ្យចូលទៅជាន់ទឹកដីអូស្ត្រាលី រហូតលុះត្រាការបោះឆ្នោតប្រកបដោយលិទ្ធិប្រជាធិបតេយ្យមួយ ត្រូវបានរៀបចំធ្វើ ដោយសេរី និងយុត្តិធម៌ នៅក្នុងប្រទេសថៃ។
លោក ប្រាយុទ បានថ្លែងឲ្យដឹងទៀតថា៖ «តាំងពីថ្ងៃទី២២ ខែឧសភា (ថ្ងៃធ្វើរដ្ឋប្រហារ) មក សុភមង្គលបានកើតមានឡើង»។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ យល់អំពីស្ថានភាពរបស់ប្រទេសថៃ ដែល«ត្រូវការពេលវេលា ដើម្បីផ្លាស់ប្ដូរបែបផែន តម្លៃប្រជាជាតិ និងលើកកំពស់លិទ្ធិប្រជាធិបតេយ្យ» ។ លោកនិយាយថា៖ «យើងសង្ឃឹមថា អ្នក (សហគមន៍អន្តរជាតិ) នឹងជ្រើសរើសយកព្រះរាជាណាចក្រថៃ ជៀសជាងរើសយកប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យមួយដែលស្អុយរលួយ»៕