របបយោធាថៃ ចង់ធ្វើឲ្យរាស្ត្រថៃ «សប្បាយ» !
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែលបានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុងព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។
អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)
នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែតាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គមេបញ្ជាការកងទ័ពថៃ លោក ប្រាយុទ ចាន់អ៊ូចារ៊ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ ចេញពីការបោះឆ្នោត ហើយបានដាក់របបដឹកនាំយោធាថ្មីមួយ ក្រោមផ្លាក«ក្រុុមប្រឹក្សាដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងកំណែទម្រង់»។
យ៉ាងណាក៏ដោយ ប្រជាជនថៃរាប់សិបរយនាក់ បានចុះមកតាមផ្លូវនានា នៅកណ្ដាលរាជធានីបាងកក ហើយបានចូលរួមជាមួយកម្មវិធីរបស់កងទ័ពនេះ។ ពួកគេបានលើកឡើង ពីចំណាប់អារម្មណ៍របស់ពួកគេតែរៀងខ្លួនៗ។ នៅចំពោះក្រុមសិល្បៈករកងទ័ព ជាច្រើននាក់ ដែលកំពុងប្រគុំតន្ត្រីនៅលើឆាក លោក ជុតិម៉ាក គ្រិតចារើន ពលរដ្ឋរស់នៅក្នុងរាជធានី បានថ្លែងអំណរឡើងថា «នៅថ្ងៃនេះ សង្គមថៃចាប់ផ្ដើមសើចសប្បាយឡើងវិញ»។
រីឯអ្នកស្រី អារុណី អ៊ុមស៊ីន អាយុ៥៩ឆ្នាំ បានលើកពីក្ដីរំភើបរបស់អ្នកស្រី ដែលអាចចេញមកដើរលេងបាន ដោយគ្មានការព្រួយបារម្ភ នឹងការបាញ់បោះ ឬការវាយប្រហារដោយគ្រាប់បែក ដូចកាលពីមុនពេលធ្វើរដ្ឋប្រហារ។ កំពុងតម្រង់ជួរ ចូលទៅយកចំណីអាហារដែលមិនគិតថ្លៃ ចែកជូនដោយកងទ័ពនោះ អ្នកស្រីនិយាយថា៖ «ពីមុនគេហៅយើងថា ជាប្រទេសនៃស្នាមញញឹម តែយើងបានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ»។
ប៉ុន្តែទិដ្ឋភាពបែបនេះ ធ្លាប់កើតមានរួចហើយ កាលពីពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ទាមទារឲ្យលោកស្រីរំលាយរដ្ឋាភិបាល ហើយបង្កើតឲ្យមាន«ក្រុមប្រឹក្សាប្រជាជន» ដែលមិនចេញពីការបោះឆ្នោតមួយឡើង ដូចគ្នាដែរ។ លោកស្រី យីងឡាក់ ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បុរសសំខាន់មួយរូប ស្ថិតនៅក្នុងការស្អប់ខ្ពើមយ៉ាងខ្លាំង ពីសំណាក់ក្រុមប្រឆាំងដែលភាគច្រើន សុទ្ធសឹងជាអ្នកអន្ទ្រើសៗ និងជាក្រុម«អាមាត្រ»ស្និតនឹងរាជបាល្ល័ង្គ។
អពមង្គលនៃប្រជាជាតិ ...
ទោះជាកងទ័ពតាំងខ្លួន ជាអ្នកកណ្ដាលចូលមកដោះស្រាយ វិបត្តិនយោបាយនេះក៏ដោយ ប៉ុន្តែអ្នកវិភាគនយោបាយថៃ ជាច្រើនបានរំពឹងរួចជាស្រេច ថាការកញ្ឆក់យកអំណាចដោយយោធានេះ គឺជាអ្វីដែលជាការចង់បានរបស់ក្រុមប្រឆាំង បូករួមនឹងមេដឹកនាំយោធានេះតែម្ដង។ លោកសាស្ត្រាចារ្យ ធីរិទ្ធនន ពង្សស៊ូឌីរ៉ាក់ (Thitinan Pongsudhirak) មកពីសកលវិទ្យាល័យ ជូឡាឡុងកន នៅរាជធានីបាងកក បានថ្លែងថា៖ «បើមើលទៅលើវិបត្តិនយោបាយ ដែលកើតមាននៅទស្សវត្តចុងក្រោយនេះ ប្រជាជនថៃបានជួបនឹងភាពអពមង្គលយ៉ាងច្រើន ហើយកងទ័ពបានដឹងពីរឿងនេះច្បាស់ណាស់។ ប៉ុន្តែគែមិនអាចដោះស្រាយ បញ្ហាអពមង្គលរបស់ប្រជាជាតិ ដោយគ្រាន់តែធ្វើយុទ្ធនាការច្រៀងរាំ និងចែកបាយដោយឥតគិតថ្លៃដូច្នេះឡើយ។»
កាលពីចុងសប្ដាហ៍នេះ របបយោធាបានចាប់ខ្លួនមេដឹកនាំប្រឆាំងរដ្ឋប្រហារមួយរូប លោក សម្បត្តិ ប៊ូនញ៉ាម៉ានុង (Sombat Boonngamanong) ដែលល្បីឈ្មោះតាមបណ្ដាញសង្គម តែងតែអំពាវនាវឲ្យមានការងើបឡើង ជំទាស់នឹងការហាមឃាត់បំបិទសិទ្ធិនានា។ ប៉ុន្តែលោក សម្បត្តិ មិនមែនជាមនុស្សតែម្នាក់ឯងទេ ដែលត្រូវបានចាប់ឃាត់ខ្លួន ដោយរបបយោធា ព្រោះបណ្ដាជនរាប់រយនាក់ផ្សេងទៀត ក្នុងនោះអ្នកនយោបាយ បញ្ញាជន និងអ្នកសារព័ត៌មាន ត្រូវបានកោះហៅនិងឃាត់ខ្លួនដោយកងទ័ពទាំងអស់។ បើទោះជាអ្នកទាំងនោះមួយចំនួន រួមទាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាផង ត្រូវបានដោះលែងមកវិញក៏ដោយ តែរបបយោធាបានបង្ខំអ្នកទាំងនោះ ឲ្យធ្វើកិច្ចសន្យាមួយ ឲ្យឈប់ធ្វើ«នយោបាយ»ឬការតវ៉ាផ្សេងៗ៕
រូបភាពខាងក្រោមនេះ ឆ្នៃប្រឌិតដោយ ក្រុមអ្នកតវ៉ាថៃ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គម៖