អតីតស្ដេចបាល់ទាត់ ថាសហព័ន្ធបាល់ទាត់អន្តរជាតិ Fifa ពុករលួយ
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៨ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតតារាបាល់ទាត់របស់ប្រទេសអាហ្សង់ទីន ឌីយ៉េហ្គូ ម៉ារ៉ាដូណា (Diego Maradona) បានបើកកកាយ ប្រឆាំងសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថាហ្វីហ្វា (Fifa) ទាក់ទងនឹងអំពើ«រត់ការក្រោមតុ» នៅក្នុងសំនុំរឿងប្រគល់សិទ្ធិអំណាចឲ្យប្រទេសកាតា រៀបចំការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ២០២២ខាងមុខ។ អតីតតារាបាល់ទាត់រូបនេះ ថែមទាំងទទូចឲ្យមានការស៊ើបអង្កេត ប្រឆាំងនឹងអ្នកដែលទទួលសំណូក«ក្រោមតុ» ទៅកាន់តុលាការនោះទៀត។
កីឡាករ ម៉ារ៉ាដូណា លើកពានបាល់ទាត់ពិភពលោក ឲ្យប្រទេសអាហ្សង់ទីន នៅឆ្នាំ១៩៨៦។ (រូបថត AP)
បាល់ទាត់ពិភពលោក - លោក ម៉ារ៉ាដូណា បានថ្លែងកាលពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ ក្នុងនាមជារដ្ឋទូតកីឡានៅក្នុងប្រទេសអារ៉ាប់រួម ថា៖ «មានសំណូកនៅក្រោមតុយ៉ាងធំសម្បើម ទៅឲ្យសហព័ន្ធបាល់ទាត់អន្តរជាតិ ហ្វីហ្វា ហើយគេត្រូវពិនិត្យមើលគណនីរបស់អ្នកទទួលខុសត្រូវទាំងឡាយ ជាពិសេសអ្នកដែលកាន់សំនុំឯកសារ បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា»។
នៅក្នុងកិច្ចសម្ភាសជាមួយកាសែតចេញប្រចាំថ្ងៃមួយ របស់ប្រទេសអារ៉ាប់រួម កំពូលតារាបាល់ទាត់ ដែលបានដណ្ដើមជើងឯកពិភពលោក ឲ្យប្រទេសអាហ្សង់ទីនក្នុងឆ្នាំ១៩៨៦នោះ បានអះអាងទៀតថា សំណូកក្រោមតុនេះ បានកើតឡើងរាប់សិបឆ្នាំមកហើយ នៅហ្វីហ្វា។
អតីតកីឡាករអាយុ៥៣ឆ្នាំរូបនេះ នឹងត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (ហ្វីហ្វា) ចាប់ពីថ្ងៃព្រហស្បត្តិ៍ទី១២ ខែមិថុនានេះ នៅប្រទេសប្រេស៊ីល ក្នុងនាមលោកជាអ្នកធ្វើអត្ថាធិប្បាយនៃការប្រកួត ឲ្យស្ថានីយ៍ទូរទស្សន៍មួយ របស់ប្រទេសវ៉េណេហ្សុយអេឡា។
លោកបានរំពឹងពីក្ដីសង្ឃឹមថា «បាល់ទាត់គួតែត្រូវបានរក្សានូវឬសគល់ដើមរបស់វា ជាកីឡា ប៉ុន្តែត្រូវដាក់វានៅឲ្យឆ្ងាយពីអំពើស៊ីសំណូក សូកប៉ាន់ និងអំពើពុករលួយ ដែលធ្វើឲ្យបាល់ទាត់ធ្លាក់ចុះខ្សោយ របៀបដូចសព្វថ្ងៃ»។
កំពូលតារាបាល់ទាត់ បានបរិហាទៀតថា មនុស្សពិសេសៗមួយចំនួន ដូចយ៉ាងអតីតកំពូលកីឡាករពិភពលោក ជនជាតិបារាំង លោក មីឆែល ប្លាទីនី (Michel Platini) បានទម្លាក់«អម្រែកគោលការណ៍»នេះចោល ដោយសារតែលោក ប្លាទីនី ត្រូវបានគេដាក់ឲ្យឈរឈ្មោះ សម្រាប់ការជ្រើសតាំងមេដឹកនាំហ្វីហ្វាថ្មី ជំនួសជនជាតិស្វីសសព្វថ្ងៃ លោក ចូសេហ្វ ប្លាស្ទ័រ (Joseph Blatter)។
ប្រទេសកាតាវិញ បានបដិសេធដាច់អហង្កា នូវរាល់ការចោទប្រកាន់ទាំងឡាយ ដែលទាក់ទងនឹងការប្រគល់សិទ្ធិអំណាចឲ្យខ្លួន រៀបចំការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ២០២២ ថាពោរពេញទៅដោយអំពើពុករលួយ។ ការសែតអង់គ្លេស Sunday Times ធ្លាប់បានបើកកកាយរឿងនេះ ដោយសំអាងលើសារអេឡិចត្រូនិកជាច្រើនសិប និងឯកសារផ្សេងទៀតផង មកបញ្ជាក់ថា ការផ្ទេរប្រាក់ដែលមានទំហំយ៉ាងធំសម្បើម ត្រូវបានធ្វើដោយជនជាតិកាតាមួយរូប ដើម្បីឈានទៅដល់ការប្រគល់សិទ្ធិឲ្យរៀបចំការប្រកួតនេះ៕