ករណីយន្ដហោះបាត់ខ្លួន នឹងតាមលងមហាសន្និបាតរបស់ IATA
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជំនួបប្រចាំឆ្នាំនៃបណ្ដាក្រុមហ៊ុនអាកាសចរណ៍ ក្នុងពិភពលោក ត្រូវបានធ្វើនៅថ្ងៃអាទិត្យទី០១ នេះ រហូតដល់ថ្ងៃអង្គារទី០៣ ខែមិថុនាខាងមុខ នៅទីក្រុងដូហា នៃប្រទេសកាតា។ ប៉ុន្តែកិច្ចប្រជុំដ៏សំខាន់នេះ ទំនងជាត្រូវនិយាយជុំវិញតែបញ្ហាដ៏អាថ៌កំបាំង និងគ្រោះថ្នាក់មិនដែលធ្លាប់មាន នៃយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីដើមខែមីនាកន្លងទៅ តែបានបន្សល់ទុកនូវការប៉ះទង្គិចយ៉ាងខ្លាំងមួយ សម្រាប់វិស័យដឹកជញ្ជូនផ្លូវអាកាស។
យន្ដហោះ និងរូបសញ្ញារបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។
បាត់យន្ដហោះ - មហាសន្និបាតលើកទី៧០ របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ដែលហៅកាត់តាមភាសាអង់គ្លេសថា IATA និងជាបណ្ដុំក្រុមហ៊ុនអាកាសចរណ៍ប្រមាណជា ២៤០ក្រុមហ៊ុន ត្រូវជា៨៤% នៃវិស័យគមនាគមន៍ផ្លូវអាកាសរបស់ពិភពលោក នឹងប្រារព្ធទិវាខួបលើកទី១០០ នៃការធ្វើពាណិជ្ជកម្មក្នុងវិស័យអាកាសចរណ៍។ ជំនួបដ៏ធំប្រចាំឆ្នាំនោះ នឹងត្រូវលើកមកពិភាក្សា នូវការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់យន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ។ យន្ដហោះ ដែលបានហោះចេញពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង ជាមួយនឹងមនុស្ស២៣៩នាក់ នៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនាកន្លងមកនេះ បានបាត់ខ្លួនពីកញ្ចាក់ប្រព័ន្ធរលកអាកាស ហើយរហូតមកដល់ថ្ងៃនេះ នៅតែស្ថិតក្នុងការរុករកនៅឡើយ។
នាយកសមាគម លោក តូនី ថៃល័រ (Tony Tyler) បានថ្លែងប្រាប់អ្នកការសែតថា «ការបាត់បង់យន្ដហោះ MH370 បានដក់ជាប់នៅក្នុងអារម្មណ៍គ្រប់ៗគ្នា»។
ហេតុការណ៍នេះ បានបង្កឲ្យមានការប៉ះទង្គិចជាទូទៅមួយ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស និងបន្សល់ទុកនូវការសញ្ជឹងគិតដែលមិនអាចយល់បានមួយ នៅក្នុងសាធារណមតិ ជាពិសេសទាក់ទងនឹងសំនួរមួយថា ហេតុអ្វីក៏យន្ដហោះប៊ូអីង ៧៧៧ មួយទាំងមូល បែរជាអាចបាត់ខ្លួន ដោយមិនបានទុកស្លាកស្នាមអ្វីសោះយ៉ាងនេះ? ការរុករកបានធ្វើជាច្រើនថ្ងៃ នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ទីកន្លែងដែលគេសង្ស័យថា យន្ដហោះបានហោះទៅធ្លាក់នៅទីនោះ តែរហូតមកដល់ថ្ងៃនេះ គ្មានបំណែកណាមួយត្រូវបានគេរកឃើញនោះឡើយ។
ក្រៅពីសំនុំរឿងយន្ដហោះបាត់ខ្លួន សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ត្រូវលើកឡើងដូចជារៀងរាល់ឆ្នាំដែរ នូវទស្សនវិស័យសេដ្ឋកិច្ច នៅលើវិស័យនេះ ជាមួយនឹងរាល់សមាជិករបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំនេះ សមាគមនឹងងាកទៅជជែកពិភាក្សា ទៅលើការរៀបចំផ្លូវធ្វើដំណើរនានារបស់យន្ដហោះ ដែលគួរតែតាមដានដឹងដោយប្រព័ន្ធផ្កាយរណប ការបញ្ជូនទិន្នន័យនៃជើងហោះហើរនីមួយៗ ជាលក្ខណៈស្វ័យប្រវត្តិ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីកំណត់ពីផ្លូវធ្វើដំណើររបស់យន្ដហោះ។ យ៉ាងណាក៏ដោយ ប្រធានបទដែលត្រូវលើកមកដាក់នៅលើតុទាំងនេះ សុទ្ធសឹងជាវិធានការចំពោះមុខ ដែលសមាគមនិងក្រុមហ៊ុនអាកាសចរណ៍នានា ចាំបាច់ត្រូវយកមកពិចារណា និងអនុវត្តទៅថ្ងៃមុខ ដោយយោងទៅលើគ្រោះថ្នាក់ដ៏ចម្លែក របស់យន្ដហោះ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ៕
មហាសន្និបាតរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៤៤កន្លងទៅ។