កែម ឡី៖ ទំនាក់​ទំនង​កម្ពុជា-ថៃ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ក្រោយ​យីងឡាក់​ធ្លាក់

មជ្ឈដ្ឋានមួយចំនួនបានសម្តែងការព្រួយបារម្ភ ពីទំនាក់ទំនងកម្ពុជា និងថៃ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី។ តែសម្រាប់លោកកែម ឡី ជាអ្នកតាមដាន​ស្ថានការណ៍សង្គម និងជាអ្នកវិភាគនយោបាយឯរាជ្យកម្ពុជា បានអះអាងថា ទំនាក់ទំនងកម្ពុជា និងថៃ មិនមានផល​ប៉ះពាល់ធ្ងន់ធ្ងរ ពីការទម្លាក់តំណែងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មជ្ឈដ្ឋានមួយចំនួនបានសម្តែងការព្រួយបារម្ភ ពីទំនាក់ទំនងកម្ពុជា និងថៃ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី។ តែសម្រាប់លោកកែម ឡី ជាអ្នកតាមដាន​ស្ថានការណ៍សង្គម និងជាអ្នកវិភាគនយោបាយឯរាជ្យកម្ពុជា បានអះអាងថា ទំនាក់ទំនងកម្ពុជា និងថៃ មិនមានផល​ប៉ះពាល់ធ្ងន់ធ្ងរ ពីការទម្លាក់តំណែងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ ឧសភា ២០១៤
---------------

នយោបាយ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ លោកកែម ឡី ជាអ្នកតាមដានស្ថានការណ៍សង្គម និងជាអ្នកវិភាគនយោបាយឯរាជ្យកម្ពុជា បានពន្យល់ថាមានកត្តាបីយ៉ាង ដែល​ធ្វើ​ឲ្យទំនាក់ទំនងកម្ពុជា និងថៃ មានភាពល្អប្រសើរ ក្រោយការទម្លាក់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ក្នុងនោះរួមមាន៖

ទី១. បើទោះជាលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាធ្លាក់ពីតំណែងនាយករដ្ឋមន្រ្តី តែគណៈរដ្ឋមន្រ្តី និងគណបក្សភឿថៃ ដែលស្និតនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា របស់ប្រទេសកម្ពុជា នៅបន្តកាន់តំណែង និងដឹកនាំប្រទេសថៃនៅឡើយ។ តែទំនាក់ទំនងកម្ពុជា និងថៃ ទំនងជាមានការប្រែប្រួលខ្លាំង ឬប្រេះឆា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ របស់លោកអភិសិទ្ធ វិជ្ជាជីវៈ ដែលធ្លាប់បង្កទំនាស់ព្រំដែនជាមួយកម្ពុជា ឈ្នះឆ្នោត ដឹកនាំ​ប្រទេសថៃ។

ទី២. ប្រទេសកម្ពុជា និងថៃមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ព្រោះប្រទេសទាំងពី មានផលប្រយោជន៍រួមគ្នាច្រើន លើ​គ្រប់​វិស័យ។ ចំណុចសំខាន់អ្នកដឹកនាំថៃត្រូវមានការទទួលខុសត្រូវ ចំពោះអ្នកជំនួញថៃ និងពលរដ្ឋថៃ ខណៈ​ប្រទេស​ថៃបាននាំទំនិញមានតម្លៃរាប់ពាន់លានដុល្លារ មកកាន់ទីផ្សារកម្ពុជា រៀងរាល់ឆ្នាំ។ ចំណែកមេដឹកនាំកម្ពុជា ក៏ត្រូវ​មាន​ការទទួលខុសត្រូវចំពោះពលករកម្ពុជា និងពលរដ្ឋកម្ពុជា ខណៈពលករកម្ពុជា រាប់សែននាក់កំពុងធ្វើការនៅ​ប្រទេស​ថៃ ហើយចំនួនពលករកម្ពុជា កំពុងហូរចូលកើនឡើង ទៅក្នុងប្រទេសថៃ ព្រោះនៅកម្ពុជាគ្មានការងារ ឬប្រាក់ឈ្នួល​ទាប។

ទី៣. បញ្ហាព្រំដែនក៏បណ្តាលឲ្យគណបក្សនយោបាយ ដែលកំពុងដឹកនាំប្រទេសថៃ និងគណបក្សនយោបាយ​ដឹកនាំ​ប្រទេសកម្ពុជា មិនអាចយកមកធ្វើជាឧបករណ៍បង្កជម្លោះ ឬកេងចំណេញនយោបាយ ឬជាអាវុធសម្រាប់វាយប្រហារ​លើគណបក្សជំទាស់ផងដែរ ព្រោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ភាគច្រើនយល់ឃើញថា ប្រទេស​របស់​ពួកគេ មានការខាតបងទឹកដី និងផលប្រយោជន៍ ពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

គួរកត់សម្គាល់ថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញ​របស់ប្រទេសថៃ ទម្លាក់ ពីតំណែងនាយករដ្ឋមន្ត្រីរបស់ប្រទេស ក្រោមបទចោទប្រកាន់ថាស្ត្រីប្រមុខដឹកនាំថៃរូបនេះ បានរំលោភទៅលើការប្រើប្រាស់អំណាចរដ្ឋ។ តែការចោទប្រកាន់នោះ ត្រូវបានលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ច្រានចោល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...