វៀតណាមរំលឹកខួបទី៦០ នៃការ«ឈ្នះ»បារាំង នៅដៀនបៀនភូ (pic)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាហានជើងចាស់ មេដឹកនាំបក្សកុំម្មុយនីសវៀតណាម និងក្រុមអ្នកមុខអ្នកមាត់ជាច្រើនសិបនាក់ បានជួបជុំគ្នានៅថ្ងៃពុធនេះ នៅក្នុងទីក្រុងដៀនបៀនភូ ដើម្បីប្រារព្ធពិធីរំលឹកខួបទី៦០ នៃជ័យជំនះជា«ប្រវត្តិសាស្ត្រ» របស់ប្រជាជនវៀតណាម ទៅលើកងទ័ពអាណានិគមបារាំង។
ព្យុះហយាត្រា របស់កងទ័ពប្រជាជនបដិវត្តន៍វៀតណាម ក្នុងថ្ងៃរំលឹកខួបទី៦០ នៅដៀនបៀនភូ។ (រូបថត Reuters)
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ ឧសភា ២០១៤
---------------------
ដៀនបៀនភូ - រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់វៀតណាម លោក ភុង ក្វនថាញ់ (Phung Quang Thanh) ដែលមានវត្តមាននៅក្នុងពិធីនោះដែរ បានថ្លែងថា៖ «ជ័យជំនះនៅដៀនបៀនភូ នេះ បានជួយដាក់បញ្ចប់នូវសម័យកាលអាណានិគមនិយម និងបាននាំប្រទេសវៀតណាម ឲ្យឈានឆ្ពោះទៅកាន់ឯករាជ្យភាព»។
ប្រធានសារមន្ទីរដែលតាំងបង្ហាញ ទាក់ទងនឹងសង្គ្រាមរវាងបារាំង និងវៀតណាមក្នុងសម័យនោះ លោក វូ ណាមហៃ (Vu Nam Hai) បានសង្កត់ធ្ងន់ដែរថា បើគ្មានដៀនបៀនភូ ការបង្រួបបង្រួមជាតិ (រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង) នឹងមិនអាចកើតមានបានទេ។
បន្ទាប់បានប្រឈមមុខតទល់គ្នាយ៉ាងស៊ីសាច់ហុតឈាម អស់រយៈពេល៥៦ថ្ងៃ រវាងកងទ័ពបារាំង និងវៀតណាម សង្គ្រាមនេះបានបញ្ចប់ទៅនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ ដោយកងទ័ពវៀតណាម បានចូលទៅវាយកបាន នូវលេណដ្ឋានចុងក្រោយរបស់កងទ័ពបារាំង ដែលជានិមិត្តរូបបង្ហាញពីការដួលរលំ នៃរបបអាណានិគមរបស់ប្រទេសអ៊ឺរ៉ុបមួយនេះ នៅលើទឹកដីឥណ្ឌូចិន។
ចម្បាំងនេះ បានធ្វើឲ្យមានមនុស្សស្លាប់ ខាងវៀតណាម ប្រមាណជា១សែននាក់ និងខាងបារាំង ប្រមាណជា៣ពាន់នាក់ (ឬបាត់ខ្លួន)។ ប៉ុន្តែខាងបារាំង មេបញ្ជាការកងទ័ព និងទាហានប្រមាណជា ១សែននាក់ផ្សេងទៀត ត្រូវបានចាប់ជាឈ្លើយសង្គ្រាម តែភាគច្រើនពីក្នុងចំណោមនោះ ត្រូវបានដោះលែង នៅប៉ុន្មានខែក្រោយមក៕