ជាប់ជាបវរកញ្ញាចក្រវាឡត្រឹមតែ៥នាទី នាងប្រតិកម្មជាលើកទី១
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 23, 2015
- ប្រធានបទ: សម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃអាទិត្យកន្លងមក នៅក្នុងក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហេតុការណ៍ដ៏មិនគួរឲ្យជឿមួយ បានកើតឡើង ដើម្បីចូលរួមបញ្ចប់ឆ្នាំ២០១៥។ នោះគឺលោក ស្ទេវ ហាវៃ (Steve Harvey) ពិធីកររបស់កម្មវិធី «ប្រឡងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» បានច្រឡំប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ ថាអ្នកដែលជាប់ជាបវរកញ្ញាចក្រវាឡ ជាបវរកញ្ញា របស់ប្រទេសកូឡំប៊ី នាង «Ariadna Gutierrez Arevalo» មុននឹងចេញមកកែតម្រូវ នៅ៥នាទីក្រោយ ថាអ្នកដែលជាប់ពិតប្រាកដ ជាបវរកញ្ញារបស់ប្រទេសហ្វីលីពីន នាង «Pia Alonzo Wurtzbach» ទៅវិញ។ ការប្រកាសច្រឡំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល សឹងមួយចំហៀងផែនដី ព្រោះមានមនុស្សជាច្រើនលាននាក់ បានទស្សនាកម្មវិធីប្រកួតប្រជែងនេះ ដោយផ្ទាល់ពីក្រុងឡាសវេហ្គាស។
បន្ទាប់ពីប្រព្រឹត្តិកំហុសរួច ពិធីករអាមេរិក ដែលមានដើមកំណើតពីប្រទេសនីហ្សេ បានឡើងមកកាន់ឆាកវិញ ហើយបានប្រកាសសុំទោស ពីបញ្ហានេះមុននឹងថ្លែងបញ្ជាក់ថា៖ «បវរកញ្ញាអមទីមួយ គឺបវរកញ្ញាមកពីប្រទេសកូឡំប៊ី។ ឯបវរកញ្ញាចក្រវាឡឆ្នាំ២០១៥ បានទៅលើបវរកញ្ញា មកពីប្រទេសហ្វីលីពីន។»
សូមទស្សនាវីដេអូខាងក្រោម ដែលផ្សាយជាផ្លូវការ ពីកម្មវិធី «ប្រឡងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥» នៅពេលប្រកាសលទ្ធផលចុងក្រោយ គេឃើញបវរកញ្ញាកូឡំប៊ី បានពាក់ខ្សែឆៀង (ដោយច្រឡំ) នៃបវរកញ្ញាចក្រវាឡរួចហើយ រីឯម្កុដរបស់បវរកញ្ញាចក្រវាឡវិញ ក៏ទើបត្រូវបានបវរកញ្ញាឆ្នាំមុន (ដែលមកពីប្រទេសកូឡំប៊ីដូចគ្នា) ដោះពីក្បាលរបស់បវរកញ្ញាកូឡំប៊ី ហើយយកមកបំពាក់ឲ្យបវរកញ្ញាហ្វីលីពីនវិញដែរ។
នៅចំពោះហេតុការណ៍ ដ៏មិនគួរឲ្យជឿបាន បវរកញ្ញាកូឡំប៊ីមិនបានប្រតិកម្មអ្វី ជាសាធារណៈភ្លាមៗឡើយ។ រហូតលុះត្រាមកដល់ថ្ងៃពុធទី២៣ ខែធ្នូនេះ ទើបបវរកញ្ញាកូឡំប៊ី បានចេញមកសរសេរ នៅលើទំព័រផ្លូវការរបស់ខ្លួន ក្នុងបណ្ដាញសង្គម អ៊ីនស្ថាហ្គ្រាម (Instagram) ដោយអះអាងថា បន្ទាប់ពីខ្យល់ព្យុះ គឺភាពស្ងប់ស្ងាត់បានត្រឡប់មកវិញ។ នាងបានថ្លែងអំណរគុណ ទៅដល់មនុស្សរាល់គ្នា សម្រាប់ការគាំទ្រ និងកំលាំងចិត្ត ដែលបានផ្ដល់មកឲ្យនាង។ នាងបានសរសេរថា៖ «ខ្ញុំសប្បាយចិត្ត ជាងពេលណាៗទាំងអស់ និងដឹងថា ការគាំទ្រមិនមែនមានតែមួយប្រទេស (កូឡំប៊ី) ប៉ុណ្ណោះទេ តែមានមកពីគ្រប់ជ្រុងទាំងអស់ នៅក្នុងពិភពលោក»។
នាង «Ariadna Gutierrez Arevalo» បានត្រឡប់មកនិយាយ ពីហេតុការណ៍ដែលកើតឡើង កាលពីយប់ថ្ងៃអាទិត្យថា៖ «ខ្ញុំបានផ្ដល់មុខមាត់ និងភាពសប្បាយរីករាយ ឲ្យប្រទេសរបស់ខ្ញុំ នៅពេលខ្ញុំបានក្លាយជាបវរកញ្ញាចក្រវាឡ ដែលមានរយៈពេល ត្រឹមតែប៉ុន្មាននាទី។ ថ្ងៃនេះ ដោយសារតែហេតុការណ៍ខាងលើ គ្រប់គ្នាបាននិយាយពីប្រទេសកូឡំប៊ី និងពីសហគមន៍អាមេរិកឡាទីន សឹងតែនៅគ្រប់ជ្រុងជ្រោយ ក្នុងពិភពលោក។»
បវរកញ្ញាកូឡំប៊ី បានថ្លែងនូវពាក្យជូនពរមួយចំនួន ទៅកាន់អ្នកឈ្នះជ័យលាភីថា៖ «ខ្ញុំសូមអបអរសាទរ ទៅដល់បណ្ដាជនហ្វីលីពីនទាំងអស់ សម្រាប់រាជនីសម្ផស្ស ដែលទើបនឹងទទួលបានតំណែងថ្មី ជាបវរកញ្ញាចក្រវាឡ របស់ពួកគេ»៕