បវរកញ្ញាបារាំងឆ្នាំ២០១៦ បានទៅលើយុវតីនៅភាគខាងជើងជាថ្មី
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២០ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 21, 2015
- ប្រធានបទ: សម្ផស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវតីដ៏ស្រស់ស្អាត អាយុ២២ឆ្នាំ ដែលជាបវរកញ្ញាប្រចាំឲ្យតំបន់ «Nord-Pas-de-Calais» កញ្ញា អ៊ីរីស មីតេណេរ៉េ ត្រូវបានជ្រើសជាប់ ជាបវរកញ្ញាបារាំង ប្រចាំឆ្នាំ២០១៦ នៅក្នុងការប្រកួតរាជនីសម្ផស្ស កាលពីយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ នៅទីក្រុង លីល្ស៍។
កញ្ញា អ៊ីរីស ត្រូវបានប្រកាស ឲ្យជាប់ស្នងតំណែង ពីកញ្ញា កាមី សែរហ្វ៍ បវរកញ្ញាឆ្នាំមុន ដែលមកពីតំបន់ ភាគខាងជើងប្រទេសបារាំងដូចគ្នា បង្កការខកចិត្តមិនស្ទើ ទៅបវរកញ្ញាមកពីកោះ «Martinique» (ជាប់ជាបវរកញ្ញាអមទី១) និងបវរកញ្ញា មកពីកោះ «Tahiti» (ជាប់ជាបវរកញ្ញាអមទី២)។ បវរកញ្ញា ដែលមកពីតំបន់ «Provence» និងពីកោះ «Réunion» ទទួលបានចំណាត់ថ្នាក់ ជាបវរកញ្ញាអម លេខ៣ និងលេខ៤។
កញ្ញា អ៊ីរីស ដែលមានសក់ពណ៌មាស កំពស់ ១,៧២ម៉ែត្រ និងជានិស្សិតឆ្នាំទី៥ខាងទន្ដសាស្ត្រ ត្រូវបានចម្រាញ់ចេញ ពីបេក្ខនារីដែលអាយុពី១៨ ដល់២៤ឆ្នាំ មកពីតំបន់ចំនួន ៣១ នៃប្រទេសបារាំង និងទឹកដីបារាំង ឯនាយសមុទ្រ។ នាងបានថ្លែងប្រកាស នៅក្នុងកម្មវិធីប្រឡងនោះ ពីគម្រោងរបស់នាង ក្នុងការប្រយុទ្ធតស៊ូ ដើម្បីឲ្យកុមារីទាំងឡាយ អាចទទួលបានការសិក្សាអប់រំ។
» កញ្ញា អ៊ីរីស ក្នុងសភាពជាធម្មជាតិ៖
កម្មវិធីប្រឡងបវរកញ្ញាបារាំង នាឆ្នាំនេះ ត្រូវបានរៀបចំឡើង នៅជុំវិញប្រធានបទ«សុបិន្ត»។ កម្មវិធីបានយកសុបិន្ត របស់អតីតបវរកញ្ញាបារាំងចំនួន១០រូប មកចាក់ផ្សាយ ដោយពីក្នុងចំណោមនោះ ពួកនាងៗបានឆ្លងកាត់ នូវការតស៊ូជាច្រើន ដើម្បីក្លាយជា«បវរកញ្ញា»។
ចំណែកការជ្រើសវើស អ្នកដែលស្អាតដាច់គេវិញ កម្មវិធីបានឆ្លងកាត់ នូវដំណាក់កាលចំនួន៣ដង៖ ជម្រុះលើកទី១ ដោយគណកម្មាករវាយតម្លៃ នៅសល់តែ១២នាក់ - ជម្រុះលើកទី២ ដោយគណកម្មការមេប្រយោគ នៅសល់៥នាក់ និងការសម្រេច ជាលើកចុងក្រោយ ត្រូវធ្វើឡើងដោយទស្សនិកជន ដោយការបោះឆ្នោត តាមទូរស័ព្ទ។ កាលពីឆ្នាំ២០១៤កន្លងទៅ បណ្ដាជនប្រមាណជា ៨,៦លាននាក់ បានទស្សនាកម្មវិធីប្រឡងបវរកញ្ញានេះ នៅលើកញ្ចក់ទូរទស្សន៍ TF1 ហើយចំនួននេះ បានក្លាយជាតួលេខមួយ ដ៏ខ្ពស់ បើប្រៀបធៀបនឹងកម្មវិធីផ្សេងទៀត ដែលចាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍ដទៃទៀត៕
» ប្រតិកម្មដំបូង របស់កញ្ញា អ៊ីរីស បន្ទាប់ពីបានជាប់ជាបវរកញ្ញា៖
------------