បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ យូ វេនស៊ា ជាជនជាតិចិន

នាង យូ វេនស៊ា (Yu Wenxia) បានជាប់ជាបវរកញ្ញានេះ នៅក្នុងការប្រលងប្រចាំឆ្នាំមួយ ដែលមានបក្ខេនារី សឹងតែគ្រប់ប្រទេស មកចូលរួមមានចំនួន ១១៥នាក់ កាលពីថ្ងៃសៅរិ៍ទី ១៨សីហានេះ នៅទីក្រុងអ័រដុស (Ordos) នៃតំបន់ស្វ័យត (មុងហ្គោលីខាងក្នុង) ផ្នែកខាងជើងនៃប្រទេសចិន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: August 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង យូ វេនស៊ា ជាជនជាតិចិន ទើបតែបានប្រលងជាប់ ជាបវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ ពីក្នុងចំណោមបេក្ខនារី​ចំនួន ១១៦នាក់។ នាងនឹងបន្តវេននៅឆ្នាំនេះ បន្ទាប់ពីបវរកញ្ញាពិភពលោក ប្រចាំឆ្នាំទៅមិញ គឺនាង អ៊ីវៀន ស្សារកូស ដែលជាជនជាតិវេណៃស៊ុយអេឡា។


អ្នកទាំងបី ដែលជាប់ នូវចំណាត់ថ្នាក់ចុងក្រោយគេ។

ការប្រកួតបវរកញ្ញាពិភពលោក នៅឆ្នាំនេះ មានបេក្ខនារីមកចូលរួម ចំនួន ១១៦នាក់ ហើយត្រូវបានតាមដានដោយ ទស្សនិកជនប្រមាណជា ជាង១កោដនាក់ក្នុងពិភពលោក ជាពិសេសទស្សនិកជននៅអាស៊ី។

នាង យូ វេនស៊ា (Yu Wenxia) បានជាប់ជាបវរកញ្ញានេះ នៅក្នុងការប្រលងប្រចាំឆ្នាំមួយ កាលពីថ្ងៃសៅរិ៍ទី១៨សីហានេះ នៅទីក្រុងអ័រដុស (Ordos) នៃតំបន់ស្វ័យត មុងហ្គោលីខាងក្នុង ផ្នែកខាងជើងនៃប្រទេសចិន។ អ្នកទៅចូលរួមទស្សនា ដែលភាគច្រើនជាជនជាតិចិននោះ បានលោត ឡើង សប្បាយរីករាយនឹងជ័យជំនះរបស់នាង យូ វេនស៊ា ដែលជា បវរកញ្ញាឯកមកពីប្រទេសរបស់ខ្លួន។ នៅក្នុងឈុត សំលៀកបំពាក់វែងពណ៌ខៀវដ៏ស្អាត នាង យូ វេនស៊ា បាននិយាយ នៅក្នុងវិញ្ញាសារប្រកួតចុងបញ្ចប់ថា «កាល ខ្ញុំនៅពី កុមារ ខ្ញុំមានភាពសប្បាយរីករាយណាស់ ដោយសារមានមនុស្ស ជាច្រើន បានជួយខ្ញុំ។ ដូច្នេះទៅថ្ងៃអនាគត ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចជួយកុមារដទៃៗទៀត អោយគ្នាមានភាពសប្បាយ រីករាយអញ្ចឹងដែរ។»


បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ នាង យូ វេនស៊ា ជាជនជាតិចិន។

បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១១ នាង អ៊ីវៀន ស្សារកូស (Ivian Sarcos) ដែលជាជនជាតិវេណេស៊ុយអេឡា បាន ឡើងមកបំពាក់ម្កុដអោយ បេក្ខនារីដែលបានឈ្នះថ្មីថ្មោងនេះ ក្រោមសំលេងទះដៃ យ៉ាងកងរំពង នៅក្នុងកីឡាដ្ឋាន ដុងស្សេង (Dongsheng) នៃទីក្រុង ដែលនៅមិនឆ្ងាយប៉ុន្មាន ពីវាលរហោដ្ឋាន ហ្គោលី (Gobi) ហើយមានចំងាយជាង ៧០០គីឡូមែត្រ ពីមាត់សមុទ្រ។ ការជ្រើសរើសទីកន្លៃងប្រកួតលើកនេះ អាចនិយាយបានថា មានលក្ខណៈខុសធម្មតា បើពិនិត្យមើលទៅការប្រកួតមុនៗ ដែលគណកម្មាធិការបវរកញ្ញាពិភពលោក បានធ្វើនៅប្រទេសចិនចំនួន៧ដង ក្នុង រយះពេល៩ឆ្នាំកន្លងមកនេះ។

ឈុតងូតទឹក ដើរក្នុងក្រុងអ័រដុស ទីក្រុងរហោដ្ឋាន !

នៅក្នុងកម្មវិធីប្រកួតបវរកញ្ញានៅឆ្នាំនេះ គេបានសង់សង្កាត់មួយ សំរាប់ទទួលពួកនាងៗជាបេក្ខនារី ដែលមើលទៅ មានរាងជាលក្ខណៈប្រពៃណី នៃជនជាតិមុងហ្គោល នៅកណ្ដាលទីក្រុងមួយ ដែលល្បីថា ជាទីក្រុងរហោដ្ឋានដែលធំ ជាងគេនៅក្នុងពិភពលោក។

ទីក្រុងអ័រដុសនេះ ហ៊ុំព័ទ្ធដោយវាលខ្សាច់ រងដោយខ្សល់ព្យុះមហាសមុទ្រខ្សាច់ញឺកញាប់ ​និងមានស្នាមអណ្ដូងរ៉ែខួងរក ធ្យូងថ្មជាច្រើន។ ប្រជាជនជាច្រើន បានចូលមករស់នៅទីនេះជាបណ្ដើរៗ និងមានអាគារស្នាក់នៅខ្ពស់ៗ បានត្រូវគេ បណ្ដុះរីកដូចផ្សិត។

ទោះជាយ៉ាងណាក៏ដោយ ក៏វាជាការភ្ញាក់ផ្អើលមួយ ដែលគណកម្មាធិការបវរកញ្ញាពិភពលោក បានជ្រើសរើសយក ទីក្រុងនេះ។ ពីព្រោះថា ការដើបង្ហាញឈុតងូតទឹករបស់បេក្ខនារី វាដូចជាសមរម្យនឹងរៀបកម្មវិធីនេះ នៅតំបន់ឆ្នេរ ដូច ធ្លាប់បានធ្វើលើកមុន នៅហៃណាម (Hainan) នៃប្រទេសចិន  ជៀសជាងមកដើរបង្ហាញឈុតងូតទឹកនេះ នៅក្នុងទីក្រុង រហោដ្ឋានមួយ ដូចទីក្រុងអ័រដុសនេះ។

សូមទស្សនាខ្សែរវីដេអូ ដែលនិយាយពី អ្នកជាប់ចំណាត់ថ្នាក់ចុងក្រោយ នៃការប្រកួតបវរកញ្ញាពិភពលោក ២០១២៖

រំលឹកពីប្រវត្តិសាស្រ្តបន្ដិច !

ការប្រកួតបវរកញ្ញាពិភពលោក មានប្រភពដើមនៅប្រទេសអង់គ្លេស ហើយបានចាប់ផ្ដើមធ្វើដំបូងនៅឆ្នាំ ១៩៥១ មាន ឈ្មោះថា «ប្រលងបវរកញ្ញា ដែលស្លៀកឈុតខ្លី (Concours bikini)»។ កាលណោះ ការប្រកួតបានធ្វើឡើងក្នុងបំណង ចង់ប្រជែង ជាមួយនឹងការប្រលងបវរកញ្ញាមួយទៀត របស់អាមេរិក មានឈ្មោះថា «ប្រលងបវរកញ្ញាសកលលោក»។ នាងបវរកញ្ញា ដែលស្លៀកឈុតខ្លី ជាប់លើកដំបូងគេ បានទៅលើស្រ្តីម្នាក់ជនជាតិស៊ុយអែដ មានឈ្មោះថា គីគី ហាកេនសុន (Kiki Hakansson)។

តារាភាពយន្ដនៅហូលីវូដ នាង ហាឡេ ប៊ើរី (Halle Berry) បានប្រលងជាប់នៅឆ្នាំ ១៩៨៦ និងតារាភាពយន្ដរបស់ឥណ្ឌា នាង អៃស្វារីយ៉ា រ៉េ (Aishwarya Rai) ជាប់នៅឆ្នាំ ១៩៩៤។ ប្រវត្តិសាស្រ្តរបស់ការប្រលងនេះ មានពេលខ្លះ បានឆ្លងកាត់ នឹងរឿងខ្លោចផ្សាជាច្រើន ដូចជានៅឆ្នាំ ២០០២ ការប្រកួត ដែលត្រៀមបម្រុង នឹងរៀបចំធ្វើ នៅប្រទេស នីហ្សេរីយ៉ា ត្រូវបានលើកទៅប្រទេសអង់គ្លេស ដោយសារតែព្រឹត្តិការណ៍ កាប់សម្លាប់រវាងអ្នកកាន់សាសនាអ៊ីស្លាម និងគ្រឹស្ដិ៍ ធ្វើ អោយមនុស្សស្លាប់ជាង ២០០នាក់។ មូលហេតុ មកពីកាលនោះ មានកាសែតមួយ បានផ្សាយថា បើ«មហាមេដ សាវ័ក របស់ព្រះជាម្ចាស់» នៅរស់ គួរតែមហាមេដជ្រើសរើស យកនាងណាម្នាក់ ក្នុងចំណោមបេក្ខនារី មកធ្វើជាប្រពន្ធ៕


បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ នាង យូ វេនស៊ា ជាជនជាតិចិន។

------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...