ពាក្យបណ្តៅខ្មែរ៖ ប្រភព និយមន័យ និងសារប្រយោជន៍

ពាក្យបណ្តៅ ជា កម្រងឃ្លា ដែលចាស់បុរាណលោក បានចងក្រងទុកឲ្យកូនចៅត្រិះរិះពិចារណា និង សាកល្បងរកចម្លើយ ដែលសម ស្រប ។
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: August 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រិយមិត្តអ្នកអានទាំងអស់ជាទីមេត្រី តើលោកអ្នកធ្លាប់ដឹងទេថា តើពាក្យបណ្តៅខ្មែរមានកំណើត ចាប់តាំងពីពេលណា មក? មានអត្ថន័យយ៉ាងដូចម្តេច? មានប៉ុន្មានប្រភេទ? មានសារប្រយោជន៍ បែបណាខ្លះសម្រាប់ ពលរដ្ឋខ្មែរគ្រប់រូប?


កុមារីម្នាក់នេះអស់សំណើច នឹងអ្វីដែលខ្លួនរកឃើញ នៅក្នុងសៀវភៅ។

ថ្ងៃនេះទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ សូមធ្វើការស្រាយចម្ងល់ជូនប្រិយមិត្ត ទាក់ទងនឹងសំនួរទាំងនេះដូចតទៅ៖

ក. ប្រភពកំណើត និង ស្ថានភាពពាក្យបណ្តៅនាសម័យខ្មែរបុរាណ ៖

ឆ្លងតាមរយៈការអានសៀវភៅ អរិយធម៌ខ្មែរ របស់អ្នកស្រីត្រឹង ងា យើងអាចសន្និដ្ឋានបានថា ពាក្យបណ្តៅខ្មែរ មាន ដើមណើតដំណាលគ្នានឹងការកកើតនៃសង្គមខ្មែរ ឬភាសាខ្មែរដូច្នោះដែរ ពោលគឺ តាំងពីប្រមាណ ៣០០០ឆ្នាំមុន គ.ស. មកម្លេះ ។ ព្រោះថា បុព្វបុរសខ្មែរ មានដើមកំណើតនៅលើទឹកដីខ្មែររាប់រយសតវត្សរ៍មកហើយ ។ បុព្វបុរសខ្មែរ គឺជា ជាតិសាសន៍មួយប្រភេទដែលពោរពេញដោយប្រាជ្ញាឆ្លាតវៃ ។ រាល់ទង្វើ ហេតុការណ៍ ឬដំណើររបស់សង្គមមនុស្ស សត្វ និង ធម្មជាតិ ខ្មែរតែ ធ្វើការសង្កេតយ៉ាងល្អិតល្អន់ និង កត់សម្គាល់ទុកជាភស្តុតាងជាដរាប ។ ដោយគោលបំណង នៃការផ្សព្វផ្សាយគំនិតដែលបានរកឃើញ និង ដើម្បីបង្កើនទំនាក់ទំនងក៏ដូចជា ជួយយពង្រីកចំណេះដឹង និងបង្កើន នូវភាពសប្បាយរីករាយដល់គ្នីគ្នាផងនោះ។ ពួកលោកក៏បានបង្កើតជាចេញជាពាក្យចួនប្រជាប្រិយ(ពាក្យបណ្តៅ) សម្រាប់ឲ្យអ្នកនៅជុំវិញខ្លួនដោះស្រាយ។ នៅពេលទំនេរពីការងារស្រែសម្ការ ច្បារដំណាំ ខ្មែរសម័យមុន តែងនិយម មកជួបជុំជជែកគ្នាលេង និងឆ្លៀតដោះស្រាយពាក្យបណ្តៅខ្មែរជានិច្ច ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ ទៅមួយ ជំនាន់ ពីមួយសម័យទៅមួយសម័យ ពាក្យបណ្តៅខ្មែរនាសម័យបុរាណ តែងទទួល បានការពេញនិយមជាលំដាប់ ពីសំណាក់មហាជនខ្មែរនាពេលនោះ ។

អាស្រ័យដោយពាក្យបណ្តៅស្ថិតក្នុងប្រភេទពាក្យចួនប្រជាប្រិយ ហេតុដូច្នេះហើយ បានជាគេពុំសូវបានចងក្រង ចេញ ជាក្បួនខ្នាតត្រឹមត្រូវណាមួយ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ បានរៀនសូត្របន្តឡើយ។ ទើបតែពេលសម័យ សង្គមរាស្ត្រនិយម និងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះប៉ុណ្ណោះ ដែលយើងឃើញមានការចងក្រង ពាក្យបណ្តៅ ជាទម្រង់សៀវភៅឡើង ។

ខ. និយមន័យ និង ប្រភេទ៖

តាមអារម្ភកថា សៀវភៅកម្រងពាក្យបណ្តៅខ្មែរ របស់លោក ជ័យ ចាប បានពន្យល់ថាពាក្យបណ្តៅជាផ្នែកមួយ ក្នុង ចំណោមផ្នែកទាំងបីនៃពាក្យចួនប្រជាប្រិយ ហើយដែលមហាជនខ្មែរ លោកតែងនិយមជាទូទៅ។ ពាក្យបណ្តៅ ជា  កម្រងឃ្លា ដែលចាស់បុរាណលោក បានចងក្រងទុកឲ្យកូនចៅត្រិះរិះពិចារណា និង សាកល្បងរកចម្លើយ ដែលសម ស្រប ។ ពាក្យបណ្តៅមាននៅលើគ្រប់វិស័យដូចជា វិស័យធម្មជាតិ វិស័យសម្ភារៈ វិស័យមនុស្ស ឬសត្វជាដើម ។ល។ ជាទូទៅពាក្យបណ្តៅ មានចំណាប់ចួនប្រហែលគ្នា នឹងកំណាព្យដែរ ។ ប៉ុន្តែពុំមានក្បួនខ្នាតជាក់លាក់ ដូចកំណាព្យ ឡើយ។ ពាក្យបណ្តៅខ្លះ មានលក្ខណៈត្រង់ ខ្លះទៀតមានលក្ខណៈប្រៀបធៀប ដោយគេនិយាយឧបមាបញ្ឆិតបញ្ឆៀង បញ្ជាចុះឡើង ខ្លះទៀតស្តាប់ទៅ ហាក់មានលក្ខណៈអាសអាភាស ប៉ុន្តែមានខ្លឹមសារជាក់លាក់ ច្បាស់លាស់ និងមិន មានន័យបកស្រាយ ជាលក្ខណៈអាសអាភាស ដូចអ្នកស្តាប់ខ្លះគិតឡើយ ។ ព្រោះថា ពាក្យដែលមានលក្ខណៈ អាសអាភាស ចំអាសចំអូងនោះ គឺគ្រាន់តែជាការប្រៀបធៀប ឬជាការរចនា តុបតែងឲ្យមានទឹកដម និងដើម្បីកំប្លុក កំប្លែងសើចសប្បាយតែប៉ុណ្ណោះ ។

ម្យ៉ាងទៀតពាក្យបណ្តៅខ្លះរបស់ខ្មែរ មានលក្ខណៈពិសេស គឺថា គេអាចសួរច្រើនយ៉ាង តែមានចម្លើយតែមួយ។ ក្រៅ ពីឯកសារ លោកជ័យ ចាប យើងពុំឃើញមានការឲ្យនិយមន័យផ្សេងទៀតទាក់ទងនឹង ពាក្យបណ្តៅនេះទេ ។

ពាក្យបណ្តៅត្រូវបានគេបែងចែងចេញជា ៤ ប្រភេទ(វិស័យ) គឺ៖
១. ពាក្យបណ្តៅនិយាយពីធម្មជាតិ
២. ពាក្យបណ្តៅនិយាយពីសម្ភារៈ ឬមុខរបរ
៣. ពាក្យបណ្តៅនិយាយពីមនុស្ស
៤. ពាក្យបណ្តៅនិយាយពីសត្វ

គ. សារប្រយោជន៍

ពាក្យបណ្តៅខ្មែរ មានសារសំខាន់ណាស់សម្រាប់ជនជាតិខ្មែរគ្រប់ជំនាន់ដូចជា៖
១. ជាពាក្យចួនប្រជាប្រិយដែលបានបង្កប់នូវចរិត ភាសា អក្សរសាស្ត្រ និង អក្សរសិល្ប៍របស់ខ្មែរ ។
២. បង្កឲ្យអ្នកចូលរួមដោះស្រាយចំណោទពាក្យបណ្តៅមានស្មារតីឆ្លាតវៃ ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះសង្កេតពិនិត្យពីអ្វីៗ ដែលនៅជុំវិញខ្លួនរបស់ពួកគេបានច្បាស់លាស់ ។
៣. បង្កនូវសាមគ្គីភាព និង មិត្តភាពនៅក្នុងភូមិស្រុក ។
៤. ជាពាក្យដែលបានបង្កប់នូវអត្ថន័យអប់រំជ្រាលជ្រៅសម្រាប់គ្រប់គ្នា ។
៥. បណ្តុះនូវសេចក្តីក្លាហាន ដល់កូនខ្មែរគ្រប់រូប ឲ្យហ៊ានប្រឈមមុខនឹងឧបសគ្គនានា ទាក់ទងនឹងការស្វែងរក ចំណេះដឹង និង បទពិសោធន៍សម្រាប់ផ្ទាល់ខ្លួន ។
៦. បង្កនូវភាពសប្បាយរីករាយ និងកាត់បន្ថយការនឿយហត់ពីការងារ ។
៧. កាត់បន្ថយនូវទុក្ខកង្វល់ដែលធ្លាប់មានកន្លងមក ។

ឃ. គោលបំណងនៃការចងក្រង ពាក្យបណ្តៅ មានដូចជា៖

១. ចូលរួមថែរក្សាអារ្យធម៌ និង ទំនៀមទម្លាប់ខ្មែរបុរាណឲ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត ។
២. ទុកជាឯកសារ សម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយ បានសិក្សារៀនសូត្របន្ត ។
៣. បង្កើននូវភាពសំបូរបែប ខាងឯកសារទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ ។
៤. បង្ហាញឲ្យឃើញ ពីសារប្រយោជន៍នៃពាក្យបណ្តៅខ្មែរដល់ខ្មែរគ្រប់រូប ។
៦. បង្ហាញពិភពលោកឲ្យបានឃើញ ពីសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ខ្មែរ ។

ង. ពាក្យចួនប្រជាប្រិយចែកចេញជា ៣ ប្រភេទ គឺ៖

១. កំណាព្យ
២. ចម្រៀង ឬ កម្រងកែវ(មិត្តមេត្រី និងមាសមេត្រី)
៣. ពាក្យបណ្តៅ-ពាក្យស្លោក-ប្រស្នា

ឆ្លងតាមរយៈការបកស្រាយខាងលើ យើងសង្កេតឃើញថា ពាក្យបណ្តៅខ្មែរ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ សង្គមខ្មែរ ។ ពលរដ្ឋខ្មែរគ្រប់ជំនាន់ គួរតែចូលរួមថែរក្សាសម្បត្តិវប្បធម៌មួយនេះកុំឲ្យបាត់បង់ និង គួរតែលើកស្ទួយ ឲ្យ បានល្បីល្បាញនៅលើឆាកអន្តរជាតិ ។

-------------------------------------------------

ចូររកពាក្យបណ្តៅដូចខាងក្រោម ៖
១. ឆក់ៗឆាងៗ ព្រលឹមស្រាងៗ ឆឹកក្តស្រីៗ ។
២. ឆឹកមីនាងកុយ សុយម៉ុយសំនុំនាង សើយរបស់នាង ឆឹករបស់បង ។
៣. ដងដូចនង្គ័ល យកដៃទៅពាល់ ពីរោះម្យ៉ាង ។
៤. ដើមប៉ុនសរសៃអំបោះ ស្លឹកកញ្ឆេះកញ្ឆោះ ផ្លែចាក់ក្បាច់ ។

តើចម្លើយណាមួយដែលត្រឹមត្រូវ ?
- ម្រះ
- កេះដែក
- គូសដែកឆឹក
- ចាប៉ី

មនោរម្យព័ងអាំងហ្វូ នឹងរើសយកពាក្យបណ្ដៅផ្សេងទៀត មកជូនលោកអ្នក ក្នុងទំព័រកំសាន្ដរបស់ខ្លួន។

ឯកសារយោង៖

  • សៀវភៅកម្រងពាក្យបណ្តៅខ្មែរ រៀបរៀងដោយ លោក ជ័យ ចាប បោះពុម្ពឆ្នាំ ១៩៩៨ និង ២០១០
  • សៀវភៅពាក្យបណ្តៅបុរាណ រៀបរៀងដោយ សារិះយ៉ាន បោះពុម្ពឆ្នាំ ១៩៦៩
  • សៀវភៅ អរិយធម៌ខ្មែរ រៀបរៀងដោយ អ្នកស្រីត្រឹង ងា បោះពុម្ពឆ្នាំ ១៩៧៥

-----------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...