វិភាគ៖ តើ«ខ្លាខាងកើត» ប្រាយុទ ចាន់អ៊ូចារ អាចស្រាយបញ្ហាបានឬ?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាំងពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា ដែលជាថ្ងៃធ្វើរដ្ឋប្រហារ ទម្លាប់រដ្ឋាភិបាលស្របច្បាប់មួយពីអំណាចមក លោកឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ បានក្លាយជាមនុស្សខ្លាំងថ្មីមួយ របស់ប្រទេសថៃ។ មេទ័ពមានឥទ្ធិពលរូបនេះ ដែលគេធ្លាប់ស្គាល់រួចហើយ ពីការចូលរួមបង្ក្រាបយ៉ាងរង្គាល ទៅលើបាតុកម្មរបស់ក្រុមអាវក្រហម កាលពីឆ្នាំ២០១០កន្លងទៅ បានរក្សាការស្ងៀមស្ងាត់រហូត ក្នុងអំឡុងពេលបាតុកម្ម៧ខែចុងក្រោយនេះ។ ប៉ុន្តែនៅទីបំផុត ការអំណត់របស់លោក បានឈានដល់ទីបញ្ចប់។ លោកបានចេញមុខមកធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋទាំងអស់ ក្នុងប្រទេសថៃ និងបានព្យាយាមធ្វើជាអ្នកដោះស្រាយបញ្ហា ដែលបានរួមរឹតយ៉ាងស្មុគ្រស្មាញរហូតមកដល់ពេលនេះ។
លោកឧត្ដសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ មេទ័ព និងជាមេដឹកនាំធ្វើរដ្ឋប្រហារឆ្នាំ២០១៤ នៅថៃ។ (រូបថត Reuters)
នយោបាយថៃ - លោក ប្រាយុទ ចាន់អ៊ូចារ ជាឧត្តមសេនីយ៍ដៃឆៅមួយ ដែលងាយនឹងប្រតិកម្មតបនឹងការរិះគន់ និងមិនសូវមានចរិកការទូតទេ។ ក្នុងពេលនេះ លោកកំពុងតែដឹកនាំកងទ័ពផង ជាមេដឹកនាំរបបយោធាថ្មីដែលហៅខ្លួនឯងថា ជា«ក្រុមប្រឹក្សាជាតិដើម្បីសន្ដិសុខ និងរក្សាសណ្ដាប់ធ្នាប់»ផង និងបានប្រកាសខ្លួនឯង ជានាយករដ្ឋមន្ត្រីនៃប្រទេសថៃនោះផង។ ប៉ុន្តែនៅក្នុងភាពជាពលរដ្ឋសមញ្ញ បុរសខ្លាំងរូបនេះនៅមានមុខតំណែងជាច្រើនទៀត ក្នុងនោះរាប់ទាំង ជានាយករដ្ឋបាលក្រុមហ៊ុនប្រេងឥន្ទនៈថៃ នាយកធនាគារយោធាថៃ និងជាប្រធានក្រុមបាល់ទាត់ របស់កងទ័ពថៃនោះទៀត។
កើតនៅឆ្នាំ១៩៥៤ ក្នុងខេត្តនគររាជសីមា លោកបានចាប់ផ្ដើមអាជីពរបស់លោក នៅក្នុងកងពលយោធាមួយ មានតួនាទី ជាកងការពារ និងរក្សាព្រះមហាក្សីយានីថៃ ដែលគេឲ្យរហស្សនាមថា ជា«ក្រុមខ្លាខាងកើត»។ នៅពេលដែលមានបាតុកម្មបះបោរ របស់ក្រុមអាវក្រហម កាលពីឆ្នាំ២០១០ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី អាភីសីទ វៀចាជីវ៉ា លោក ប្រាយុទ ចាន់អ៊ូចារ កាលនោះជាអគ្គមេបញ្ជាការរង កងទ័ពថៃ គឺជាអ្នកបញ្ជាកងទ័ពឲ្យធ្វើការបង្ក្រាប ក្រុមបាតុករទាំងនោះ ដែលធ្វើឲ្យមានបាតុករស្លាប់ប្រមាណជា ៩០នាក់។
បន្ទាប់ពីបានឡើងកាន់ជាប្រមុខកងទ័ពថៃ នៅចុងឆ្នាំ២០១០ លោក ប្រាយុទ ដែលគេដឹងយ៉ាងច្បាស់ថា ជាអ្នករាជានិយមចាក់ទឹកមិនលេចនេះ បានបង្ហាញឲ្យគេឯងដឹងថា លោកគឺជាអ្នកគោរពយ៉ាងខ្ជាប់ខ្ជួន នូវល្បែងប្រជាធិបតេយ្យ ដោយបានបង្ហាញឲ្យគេបានឃើញ ពីទំនាក់ទំនងយ៉ាងល្អរបស់លោក ជាមួយនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៅមួយឆ្នាំក្រោយមក។
ក្នុងអំឡុងពេល៧ខែ នៃវិបត្តិនយោបាយ ដែលបានចាប់ផ្ដើមពីខែវិច្ឆិការឆ្នាំមុនមក លោក ប្រាយុទ្ធ បានស្ថិតក្នុងសភាពប្រយ័ត្នប្រយែងដ៏ខ្លាំងមួយ ដើម្បីបង្ហាញថាលោកឈរនៅកណ្ដាល បើទោះជាពេលខ្លះ លោកមេទ័ពរូបនេះត្រូវបានលាបពណ៌ ថាមានទំនោរទៅរកក្រុមបាតុករប្រឆាំងលោកស្រី យីងឡាក់ នោះក៏ដោយ។ ជម្លោះទាស់ទែងរវាងភាគីទាំងសងខាង ជាពិសេសបញ្ហា ដែលបានលើកមកជជែកពិភាក្សា នៅក្នុងការចរចារចុងក្រោយ ទំនងជាបានធ្វើឲ្យភាពអំណត់របស់លោក បានឈានមកដល់ទីបញ្ចប់។
នៅក្នុងកិច្ចចរចាលើកទីពីរ ក្រោមវត្តមានរបស់លោក ប្រាយុទ កាលពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែកក្កដា កន្លងទៅ ក្រុមប្រឆាំងបានទាមទារឲ្យរដ្ឋាភិបាល ដែលស្និតនឹងលោក ថាក់ស៊ី ស៊ីណាវ៉ាត្រា បញ្ចប់អណ្ណត្តិរបស់ខ្លួនភ្លាមៗ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ តំណាងឲ្យរដ្ឋាភិបាល ដែលមានភារកិច្ចទៅជួបចរចានោះ បានបដិសេធទៅនឹងការទាមទារនេះ។ ការបន្តជាប់គាំងនេះ បានធ្វើឲ្យលោក ប្រាយុទ ដែលមិនចូលចិត្តលោក ថាក់ស៊ីន ស្រាប់ផង បានងើបចេញពីកិច្ចចរចា ហើយដើរតម្រង់ទៅកាន់ស្ថានីយ៍ទូរទស្សន៍ ប្រកាសធ្វើរដ្ឋប្រហារតែម្ដង។ ក្រុមមេដឹកនាំក្នុងការចរចា នៃភាគីទាំងសងខាង ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅនឹងកន្លែង ហើយបានដឹកតាមរថយន្ដយោធា ចេញទៅកន្លែងឃុំខ្លួន។ ប៉ុន្តែការឃាត់ខ្លួននេះ នៅមានជាបន្តទៀត នៅពេលបន្ទាប់មក ទៅលើអ្នកទទួលខុសត្រូវនយោបាយផ្សេងទៀត រួមនឹងអ្នកសារព័ត៌មាន សាស្ត្រាចារ្យសកលវិទ្យាល័យ និងបើសូម្បីតែវរជនថៃចូលនិវត្តន៍ ដែលធ្លាប់មានឥទ្ធិពលនោះផង។
នៅក្នុងការថ្លែងធ្វើរដ្ឋប្រហារ របស់លោកតាមកញ្ចក់ទូរទស្សន៍ បុរសខ្លាំងរូបនេះបានបង្ហាញនូវចរិកស្ងប់ តែមានភាពច្បាស់លាស់ នៅក្នុងការគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាការហាមឃាត់ជាសាធារណៈនានា។ លោកបានបង្ហាញឲ្យគេដឹងថា រដ្ឋប្រហាលើកទី១៩ ដែលលោកនិងកងទ័ពសម្រេចធ្វើនេះ ជាកតព្វកិច្ចដែលកងទ័ពត្រូវរក្សាសណ្ដាប់ធ្នាប់ និងសន្តិភាពរបស់ប្រទេសថៃ ព្រមទាំងបញ្ជៀសនូវការប្រឈមមុខដាក់គ្នា រវាងបាតុករអាវលឿវ និងអាវក្រហម ហើយចង់ឲ្យក្រុមទាំងពីរនេះ ត្រឡប់មករួមរស់ជាមួយគ្នាវិញ។ ប៉ុន្តែលោកមិនបានបញ្ជាក់ ពីគម្រោងត្រៀមរៀបចំការបោះឆ្នោតឡើងវិញ នោះទេ។
រដ្ឋប្រហារដើម្បីបំបាក់ប្រជាប្រិយភាពរបស់ ថាក់ស៊ីន
រដ្ឋប្រហារ នៅឆ្នាំ២០០៦ និងនៅឆ្នាំនេះ សុទ្ធតែមានដើមចម មកពីប្រជាប្រិយភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាមហាសេដ្ឋីមួយរូប កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ មហាសេដ្ឋីនោះឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ហើយបើទោះជាលោក ប្រាយុទ ចាន់អ៊ូចារ បានព្យាយាមបង្ហាញថា លោកជាកងទ័ពដែលមានជំហរនៅកណ្ដាលក៏ដោយ ប៉ុន្តែលោកត្រូវបានគេដឹងរួចជាស្រេចហើយថា លោកមិនចូលចិត្តក្រុមអ្នកស្និត នឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះឡើយ។ តាមពិតទៅ ការសម្រេចចិត្តធ្វើរដ្ឋប្រហារនេះ គឺលោក ប្រាយុទ ខ្លួនឯងទៅវិញទេ ដែលបាននដាក់ខ្លួនលោក និងកងទ័ពថៃ ទៅក្នុងស្ថានភាពមួយយ៉ាងពិបាក ដើម្បីចាប់បង្ខំឲ្យគេទទួលយក នូវអ្វីដែលកងទ័ពហៅថា ជាកំណែទម្រង់នោះ។
តើកំណែទម្រង់នោះ ត្រូវធ្វើទៅបានដោយរបៀបណា បើលោក ថាក់ស៊ីន និងក្រុមអ្នកស្និតនឹងលោក នៅតែបន្តមានប្រជាប្រិយភាពយ៉ាងភ្លូកទឹកភ្លូកដី ក្នុងចំណោមស្រទាប់ប្រជាជនស្រទាប់ក្រោម និងកណ្ដាលរបស់ប្រទេសថៃ ដែលមានចំនួនច្រើនលើសលប់នោះ? គឺដោយសារតែប្រជាប្រិយភាព ដែលមានកាន់តែខ្លាំងនេះហើយ ដែលធ្វើឲ្យក្រុមប្រជាជនថៃស្រទាប់«លើ» និងក្រុម«អាមាត្រ»នៅជាប់នឹងព្រះរាជវាំង កាន់តែគិតថា មហាសេដ្ឋី ថាក់ស៊ីន នឹងក្លាយជាគ្រោះថ្នាក់សម្រាប់ពួកគេ និងប្រព័ន្ធ«អភិជន»និយមរបស់ប្រទេសថៃ។
ដូច្នេះ តើមានវិធីណា ដើម្បីចាប់ក្រុមជម្លោះទាំងសងខាង ត្រឡប់ឲ្យមករួមរស់ជាមួយគ្នាវិញ នៅពេលពួកគេមិនចង់នោះ? មកដល់ដំណាក់កាលនេះ គ្មាននរណាម្នាក់បូករួមទាំបុរសខ្លាំង លោក ប្រាយុទ នេះផង ចេះយុទ្ធសិល្ប៍អាចដោះស្រាយបញ្ហាដ៏ស្មុគ្រស្មាញនេះបានទេ។ នៅពេលដែលគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យ ត្រូវបានរំលោភនោះហើយ ដែលសង្គ្រាមស៊ីវិលដ៏គួរឲ្យបារម្ភ អាចនឹងផ្ទុះឡើងគ្រប់ពេល៕