កម្ពុជា៖ គ្រោះថ្នាក់ថ្មីទៀតក្នុងរោងចក្រកាត់ដេរ ធ្វើឲ្យរបួស២៣នាក់
យ៉ាងហោចណាស់ កម្មករកម្មការិនីចំនួន២៣នាក់ បានរងរបួសនៅថ្ងៃច័ន្ទនេះ នៅក្នុងព្រឹត្តិការណ៍បាក់រលំរោងបាយ ក្នុងរោងចក្រសម្លៀកបំពាក់មួយ ស្ថិតនៅជាយរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍មួយទៀត ដែលបានកើតក្រោយតែបួនថ្ងៃប៉ុណ្ណោះ ពីព្រឹត្តិការណ៍បាក់ពិតានរោងចក្រមួយផ្សេងទៀត ដែលបានបង្កអោយកម្មករពីរនាក់ស្លាប់។
សកម្មភាពលើកកកាយ ដើម្បីស្វែងរកជនរងគ្រោះ។
គ្រោះថ្នាក់បានកើតឡើងនៅថ្ងៃត្រង់ ខណៈដែលកម្មករកំពុងសម្រាប់ទទួលទានបាយ នៅក្នុងរោងបាយមួយដែលសង់ពីបេតុង និងប្រកសង្កសី ដែលជាផ្នែកមួយនៃរោងចក្រ «ថបវើល (Top World)» ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌលោកហ៊ី ណារិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «រោងនេះ មានសភាពចាស់ទ្រុតទ្រោម ហើយបានបាក់ស្រុតចុះ ទៅក្នុងបឹងកំបោ្លក នៅពេលដែលកម្មករជាច្រើននាក់បានជួបជុំគ្នាញ៉ាំបាយថ្ងៃត្រង់»។ បើតាមមន្ត្រីនគរបាលដដែល ហេតុការណ៍បាក់រោងបាយនេះ បានបង្កឲ្យមនុស្សរបួសចំនួន២៣នាក់ តែមិនមានអ្នករងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ។
សាក្សីជាច្រើននៅនឹងកន្លែង បាននិយាយថា ការជួយសង្គ្រោះនៅតែបានធ្វើ រហូតមកដល់ពេលរសៀលថ្ងៃច័ន្ទដដែល ដើម្បីធានាថា នឹងគ្មាននរណាផ្សេង នៅជាប់ក្រោមបំណែកបាក់បែកនៃរោងបាយនេះទៀតទេ។ ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ បានឲ្យដឹងថា រោងចក្រនេះ ផលិតសម្លៀកបំពាក់ជាច្រើន សម្រាប់ឲ្យក្រុមហ៊ុនសម្លៀកបំពាក់របស់ប្រទេសស៊ុយអែដ មានយីហោ H&M ដ៏ល្បីនៅអ៊ឺរ៉ុប។
កាលពីថ្ងៃព្រហស្បត្តិ៍មុន ពិតានអាគាររោងចក្រផលិតស្បែកជើងមួយ ស្ថិតនៅខេត្តកំពង់ស្ពឺ បានបាក់ធ្លាក់ បង្កអោយកម្មករពីរនាក់ស្លាប់។ នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់មួយទៀត កាលពីខែមេសាកន្លងទៅ នៅប្រទេសបង់ក្លាដេស អាគាររោងចក្រដ៏ធំមួយបានបាក់ស្រុត ហើយបានសម្លាប់កម្មករប្រមាណជា ១១២៧នាក់។ ហេតុការណ៍ទាំងអស់នេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីលក្ខខ័ណ្ឌការងារ ដែលមិនសមប្រកប សម្រាប់កម្មករកម្មការិនីនៅក្នុងប្រទេសមួយចំនួន នៅទ្វីបអាស៊ី។
ការនាំចេញផ្នែកសម្លៀកបំពាក់ បានផ្ដល់ចំណូលទៅឲ្យប្រទេសកម្ពុជា ចំនួន៤,៦ពាន់លានដុល្លា កាលពីឆ្នាំកន្លងទៅ។ វិស័យវាយនភ័ណ្ឌ បានផ្ដល់ការងារអោយពលរដ្ឋកម្ពុជាប្រមាណជា ៦៥០ពាន់នាក់ ក្នុងនោះពលរដ្ឋ៤០០ពាន់នាក់ ធ្វើការឲ្យសហគ្រាស់ ដែលផលិតសម្រាប់តែការនាំចេញ។ ប៉ុន្តែការក្អួតចង្អោរ និងការដួសសន្លប់ របស់ក្រុមកម្មករ ដែលមានចំនួនយ៉ាងសន្ធឹកសន្ធាប់ជាបន្តបន្ទាប់នោះ បានបង្កឲ្យមានការរិះគន់កាន់តែខ្លាំងឡើង ពីលក្ខខ័ណ្ឌការងារ និងពីស្ថានភាពសង្គមកិច្ចនៅកម្ពុជា៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ