ប្រតិកម្មសហជីពនិងកម្មករ តបលិខិត GMAC ផ្ញើទៅក្រសួងការងារ
លិខិតមួយ ដែលសមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើជួនទៅរដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤កន្លងទៅ ត្រូវបានតំណាងសហជីព និងកម្មករប្រតិកម្មតបថា បាតុកម្មអាចនឹងកើតមានសាជាថ្មី។
លោក អាត់ ធន់ (ខាងឆ្វេង) ក្នុងអង្គប្រជុំសម្រេចការតម្លើងប្រាក់បៀវត្សកម្មករ នៅក្រសួងការងារថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
ប្រាក់ខែកម្មករ - កាលពីថ្ងៃកាលទី០៨ ខែមករា ឆ្នាំ២០១៤ សមាគមរោងចក្រកាត់ដេរកម្ពុជា បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង ក្នុងគោលបំណងអោយក្រសួងចេញសេចក្តីជូនដំណឹងមួយ អំពីការដែលកម្មករមិនទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងពេលធ្វើកូដកម្ម-បាតុកម្មនៅពេលថ្មីៗនេះ ដោយសំអាងថា ក្នុងពេលកូដកម្ម-បាតុកម្មនោះ ព្រឹត្តិការណ៍បានបង្កអោយរោងចក្រជាច្រើនបានខាតបង់ទឹកប្រាក់សរុបមិនតិចជាង២០០លានដុល្លា និងទ្រព្យសម្បត្តិមួយចំនួនត្រូវបានបំផ្លាញ។
នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាប្រតិកម្មតបថា នោះជាការព្យាយាម របស់សមាគម ថៅកែរោងចក្រ ក្នុងការមិនផ្តល់ប្រាក់ឈ្នួលអោយកម្មករ។ ប្រធានសហជីពរូបនេះ បាននិយាយប្រកបដោយសុទ្ទិដ្ឋិនិយមថា «តែក៏មានក្រុមហ៊ុនមួយចំនួនដែលគេបានរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ផ្សេងៗអោយនៅដដែល និងមួយចំនួនទៀត គេកាត់តែប្រាក់ថ្ងៃ ដោយទុកប្រាក់រង្វាន់និងប្រាក់ផ្សេងៗទៀត។» លោក អាត់ ធន់ បានបន្ថែមទៀតថា «ការដែលនិយោជក ពន្យាពេលមិនបើកប្រាក់ខែជូនកម្មករនេះ វាកំហុសធ្ងន់របស់និយោជក។ ដែលជាទូទៅប្រាក់ខែ ត្រូវតែបើកអោយកម្មករតាមពេល។ បើសិនជាយឺត យ៉ាងយូរណាស់ត្រឹមតែរយៈពេលពីសប្តាហ៏ប៉ុណ្ណោះ។»
កន្លងមកក្នុងការធ្វើកូដកម្ម-បាតុកម្មរបស់កម្មករ ក្រុមនិយោជកព្យាយាមធ្វើការចរចារជាមួយកម្មករ ដោយមិនកាត់ប្រាក់ឈ្នួល ប្រាក់រង្វាន់និងប្រាក់ផ្សេងៗ ដើម្បីជាថ្នូរនឹងការចូលធ្វើការរបស់កម្មករវិញ។ តែបើសិនជាខាងសមាគមរោងចក្រកាត់ដេរកម្ពុជា មិនសម្រុះសម្រួលជាមួយកម្មករទេនោះ វាអាចនឹងធ្វើអោយសភាពការណ៍ដែលស្ងប់ស្ងាត់នេះពុះកញ្រ្ជោលឡើងវិញ។ ទាក់ទងនឹងបញ្ហានេះលោកអាត់ ធន់ បានបញ្ជាក់អះអាងទៀតថា «យើងឃើញថាកម្មករ បានចូលធ្វើការវិញ តាំងពីថ្ងៃទី៦មកម្លេះ បើខាង"ជីម៉ាក់"គេធ្វើបែបនេះ វាកាន់តែបង្កបញ្ហានោះទេ ហើយអាចធ្វើអោយកម្មករ ដែលចូលធ្វើការវិញនោះ អាចនឹងធ្វើបាតុកម្មសារជាថ្មី»។
សំរាប់វិធានការណ៍បន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហានេះ ប្រធានសហជីពល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា «យើងបានជំរុញអោយក្រុមហ៊ុនដោះស្រាយបញ្ហាប្រាក់ខែកម្មករនេះឡើងវិញ និងស្នើសុំអោយខាងក្រុមហ៊ុន មានការផ្តល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ ទៅអោយកម្មករ ដើម្បីអោយពួកគាត់មានទឹកចិត្តក្នុងការធ្វើការអោយក្រុមហ៊ុនឡើវិញ។»
លោក ជួន មុំថុល គ្រោងធ្វើបាតុកម្មប្រឆាំងបក្សប្រឆាំង និងសហជីពទាំង៦
ដោយឡែក លោកជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលបានគាំទ្រនូវគោលជំហរ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នោះ បានពន្យល់ថា តាមច្បាប់ការងារនៃប្រទេសកម្ពុជា ថ្ងៃធ្វើកូដកម្ម កូដករនឹងមិនទទួលបានប្រាក់ខែទេ។ ផ្ទុយពីការថ្លែងរបស់ លោក អាត់ ធន់ ដែលនិយាយទាក់ទងរវាងតែកម្មករ និងថៅកែរោងចក្រ លោកជួន មុំថុល បានថ្លែងដាក់បន្ទុកទៅគណបក្សសង្រ្គោះជាតិ និងមេដឹកនាំសហជីពទាំងប្រាំមួយថា «ធ្វើអោយកម្មករមួយចំនួនដែលចង់ធ្វើការ ត្រូវប្រឈមមុខនឹងការកាត់លុយរបស់ក្រុមហ៊ុនដែរ»។
ចំពោះការមិនទទួលបានប្រាក់ខែ របស់កម្មករក្នុងអំឡុងពេលធ្វើបាតុកម្មនេះ លោកជួន មុំថុលអះអាង នឹងគ្រោងធ្វើបាតុកម្មប្រឆាំងគណបក្សសង្រ្គោះជាតិ និងអ្នកដឹកនាំសហជីពទាំងប្រាំមួយ ដែលធ្វើអោយកម្មករបាត់ប្រាក់ខែ ដែលគម្រោង នៃការធ្វើបាតុកម្មនេះ លោកមិនទាន់បានកំណត់ពេលនៅឡើយទេ រងចាំដល់ថ្ងៃទី១០ ដែលជាថ្ងៃកម្មករបើកប្រាក់ខែសិន។
ការគម្រាមធ្វើបាតុកម្មខាងលើនេះ ជា«បញ្ហាមួយ គោលជំហរពីរ» រវាងក្រុមសហជីពស្និតនឹងលោក អាត់ ធន់ និងក្រុមដែលស្និតនឹងលោកជួន មុំថុល។ ប៉ុន្តែសម្រាប់ក្រុមកម្មករខ្លួនឯង បានគម្រាមរួចជាស្រេចដែរថា បើរោងចក្រមិនបើកប្រាក់ខែកម្មករទេនោះ បាតុកម្មតវ៉ានឹងកើតមាន។ «ថ្ងៃទី១០នេះ បើរោងចក្រមិនបើកប្រាក់អោយកម្មករទេនោះ ថ្ងៃទី១១យើងនឹងនាំគ្នាធ្វើកូដកម្ម» នេះការលើកឡើងរបស់លោក ទ្រី ស៊ុ ជាតំណាងកម្មករមួយរូបមកពីរោងចក្រអ៊ីខាង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីការសម្រេចរបស់ក្រសួងការងារ បានកំណត់លើប្រាក់ខែគោលកម្មករ ៩៥ដុល្លាក្នុងមួយខែរួចមក កម្មករបាននាំគ្នាធ្វើកូដកម្ម-បាតុកម្ម មិនចូលធ្វើការដោយទាមទារ ប្រាក់អប្បបមា ១៦០ដុល្លាក្នុងមួយខែ រហូតមានការបង្រ្កាបយ៉ាងហិង្សា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅមុខសូនកាណាឌីណាលើផ្លូវវេងស្រេង។ ប៉ុន្តែរាប់ចាប់តាំងពីថ្ងៃទី៦ រហូតមកដល់ថ្ងៃទី៩ ខែមករានេះ កម្មកស្ទើតែ១០០% បានចូលធ្វើការធម្មតាវិញហើយ៕
--------------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ