សហគមន៍ទាំង៦ខ្លាចភ្លៀង តែសាលារាជធានីថាដោះស្រាយបណ្ដើរៗ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សាលារាជធានីភ្នំពេញ ថានឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រាំមួយសហគមន៏តាមការស្នើសុំ។ រាល់ការសន្យាទាំងនេះ បានអូសបន្លាយជាច្រើនសប្តាហ៍ តែការឆ្លើយតប ឬការចុះទៅតាមការសន្យានោះ នៅតែមិនទាន់មានដំណោះស្រាយណាមួយឡើយ។
រដូវវស្សាបានចូលមកដល់ បានធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្អូញត្អែរ ពីជួបការលំបាកក្នុងការរស់នៅ ដែលស្ថិតនៅកណ្តាលថ្ងៃ ហាលភ្លៀង រស់នៅជាមួយបរិដ្ឋានដ៏អាប់អួរ។ ប្រជាពលរដ្ឋទាំងប្រាំមួយសហគន៍បានរួមគ្នា ស្នើរសុំឲ្យមានការដោះស្រាយដ៏សមស្របមួយ មុនការបោះឆ្នោត។
នាថ្ងៃទី២០ ខែឧសភាព្រឹកម៉ិញនេះ សហគមន៍ទាំងប្រាំមួយរួមមាន អតីតបឹងកក់អ្នកចាកចេញ(៣៧៥គ្រួសារ) បុរីកីឡា (៨៣គ្រួសារ) ថ្មគោលប្រលានយន្តហោះ(៣០គ្រួសារ) បេងកក់ភូមិ២២(១៣គ្រួសារ) សហគមន៍៣៤៧(១២គ្រួសារ) និងសហគមន៍បឹងឈូក(៤៩គ្រួសារ)។ សហគមន៍ទាំងប្រាំមួយនេះសរុបមានចំនួន៥៦២ គ្រួសារ បានស្នើសុំជាថ្មីទៅលោកអភិបាល ប៉ា សុជាតិវង្ស ជួយបញ្ចប់នូវជម្លោះដីធ្លីដ៏រាំរ៉ៃ ដែលបានអូសបន្លាយមកជាច្រើនឆ្នាំ។
លោក ពៅ បញ្ញា តំណាងសហគមន៍៣៤៧ បានលើកឡើងថា កន្លងមកខាងសាលារាជធានី បានហៅតំណាងប្រជាពលរដ្ឋសហគន៏នីនួយៗចូលជួប នឹងសន្យាថាដោះស្រាយបញ្ហាជូននៅសប្តាហ៍ក្រោយ។ រាល់ការសន្យាមិនត្រូវបានអនុវត្តឡើយ ដូច្នេះពួកគាត់សម្រេចផ្លាស់ប្តូរពីចាត់តំណាងចូលជួប ឲ្យគាត់ ចុះជួបជាមួយប្រជាពលរដ្ឋទាំងអស់វិញ ហើយសន្យានឹងដោះស្រាយពេលណាប្រាកដ។ តំណាងរូបនេះបន្តរថា សម្រាប់ពួកគាត់ទាំងប្រាំមួយសហគមន៍ទុកពេលមួយសប្តាហ៍ សម្រាប់ធ្វើការដោះស្រាយ។ «បើមិនដូចឆ្នោះទេ ប្រជាពលរដ្ឋទាំងអស់នឹងមកស្នាក់នៅមុខសាលារាជធានីទាំងយប់ ទាំងថ្ងៃ ហូបចុកនៅទីនោះតែម្តង»។
អ្នកស្រីហេង មុំ តំណាងប្រជាពលរដ្ឋមកពីសហគមន៍អតីតបឹងកក់អ្នកចាកចេញ បាននិយាយថា ពួកគាត់មកក្នុងថ្ងៃនេះ ដោយសារតែសាលាក្រុងបានធ្វើការវាស់វែងរួចជាស្រេចហើយ តែមិនព្រមដោះស្រាយនូវប្លង់កម្មសិទ្ធិដល់ពួកគាត់។ អ្នកស្រីបន្តថា សម្រាប់ការស់នៅរបស់ពួកគាត់ហាក់បីដូចជាគ្មានការកក់ក្តៅសោះ មិនដឹងថាពួកគាត់នឹងប្រឈមមុខ ទៅនឹងបញ្ហាអ្វីទេនាថ្ងៃខាងមុខ។ អ្នកស្រីលើកឡើងថា ហេតុអ្វីបានជាសាលារាជធានីមិនព្រមចេញប្លង់ កម្មសិទ្ធិជូនពួកគាត់? នេះជាចម្ងល់ដែលពួកគាត់ធ្វើការទាមទា។
អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់ បានប្រាប់មនោរម្យព័ងអាំងហ្វូថា លោក កើត ឆែ ព្រមចុះមកទទួលយកញ្ញតិរបស់ប្រជាពលរដ្ឋ។ លោក កើត ឆែ មិនបានធ្វើការសន្យាអ្វីទេចំពោះករណីនេះ ដោយគ្រាន់តែបញ្ជាក់ថាសាលារាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយជូនចាប់ពីសប្តាហ៍នេះទៅជាបណ្តើរៗ។ លោកបន្តថា ដោយសារការងារមានច្រើន ហើយក្នុងសប្តាហ៍មុនក៏ឈប់ច្រើនទៀត ដែលជាបញ្ហារាំងស្ទះនូវការងារទាំងនេះ។ លោកបានបញ្ជាក់ថា ប្រទេសមានច្បាប់ សូមឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ សូមកុំធ្វើអ្វីឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងរៀបរៀបរយសារធារណៈ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ