មន្ត្រីជាន់ខ្ពស់ខាងសិទ្ធិមនុស្សអាមេរិក អង្កេតសិទ្ធិលំនៅដ្ឋាននៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ៃឃើល ផន័រ (Michael Posner) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកទីបីហើយ នាថ្ងៃទី១៩ ខែកុម្ភៈនេះ។
លោក ម៉ៃឃើល ផន័រ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក។ MONOROOM.info photo/ O. Vary។
ក្នុងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងចំពេលដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ បានបញ្ចេញនូវរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១២ ដែលបង្ហាញពីស្ថានភាពតឹងតែង នៃសិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លីកាលពីថ្ងៃទី១២ ខែកុម្ភៈ និងរបាយការណ៍សិទ្ធិមនុស្ស កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលចាត់ទុកថាជាឆ្នាំដែលមានអំពើហិង្សាខ្លាំងបំផុត ។
បន្ទាប់ពីមានសវនាការសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលម៉ោង៤ ថ្ងៃទី១៩ ខែកុម្ភៈនេះ លោក ម៉ៃឃើល ផន័រ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានធ្វើសន្និសិទកាសែតនៅស្ថានទូតអាមេរិក។
នៅក្នុងសន្និសិទកាសែតនេះ លោក ម៉ៃឃើល ផន័រ បានចាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស។ ក្នុងនោះលោកសុំឲ្យរដ្ឋាភិបាល ទទួលយកអនុសាសន៍ពីគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល សម្រាប់គ្រប់គ្រងការបោះឆ្នោត និងមានការពិភាក្សាដេញដោលគ្នាមួយ ដែលធ្វើឡើងតាមវិទ្យុ ទូរទស្សន៍ និងអ៊ីនធើណែត ដោយពេញលេញ យុត្តិធម៌ សន្តិភាព និងគ្មានការគំរាមកំហែង។
លោកបានសំណូមពរឲ្យមានការដោះលែង លោក ម៉ម សូណង់ដូ ឥស្សរជននាំមុខគេ ផ្នែកសារព័ត៌មាន និងសកម្មជនសិទ្ធិដីធ្លី ដែលកំពុងជាប់ពន្ធនាគារ និងបញ្ឈប់ការដាក់សម្ពាធ ដែលមិនត្រឹមត្រូវ ទៅលើអង្កការសង្គមស៊ីវិល ឬសកម្មជនសិទ្ធិដីធ្លី ដែលជម្រុញទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិដីធ្លី ប្តូរមកជាការលើកទឹកចិត្ត ការផ្តល់សេរីភាពក្នុងការតស៊ូមតិ និងគ្មានកំហិតឧបសគ្គផ្លូវច្បាប់ ឬការរំខាន។ នៅពេលនេះដែរ លោកបានជំរុញឲ្យមានការកែទម្រង់ ប្រព័ន្ធតុលាការមិនលំអៀង ដែលដំណើរការក្តីដោយត្រឹមត្រូវ និងយុត្តិធម៌ រួមទាំងការប្រើប្រាស់ នូវកំលាំងសមត្ថកិច្ចហួសហេតុ ទៅលើប្រជាពលរដ្ឋ ដែលព្យាយាមការពារនូវសិទ្ធិលំនៅដ្ឋានរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋសហគមន៍បឹងកក់ ដែលមានជម្លោះដីធ្លីជិត១០០នាក់ បានស្វែងរកអន្តរាគមន៍ ពីឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរសៀលថ្ងៃអង្គារនេះដែរ ដោយសុំជួយឲ្យមានការដោះលែង សកម្មជនដីធ្លីម្នាក់ អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ពួកគាត់បានដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិក សុំមន្ត្រីជាន់ខ្ពស់ នៃប្រទេសមហាអំណាចរូបនោះ ជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាដោះលែង អ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។ ព្រោះអ្នកស្រីមិនបានធ្វើខុស ដូចការចាទប្រកាន់របស់តុលាការទេ។
សូមបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទប្រើហឹង្សាដោយចេតនា។ មកដល់ពេលនេះ សកម្មជនរូបនោះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាងប្រាំខែហើយ។ ចំណែកសហគមន៍ជាតិ និងអន្តរជាតិវិញ បានចាត់ទុក សាលក្រមកាត់ទោសនោះថា ជាការ«បំបាក់ស្មារតីសកម្មជនដីធ្លី និងបំបិទសេរីភាពបញ្ចេញមតិ»។
គួរំលឹកថា ដំណើរមកដល់ប្រទេសកម្ពុជា របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅខណៈនេះ ស្របពេលដែលប្រទេសនេះ ត្រូវបានគេធ្វើរបាយកាណ៍ បញ្ចេញពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ង និងគ្មានដំណោះស្រាយ ដូចជាករណីបាញ់សម្លាប់ប្រធានអង្គការការពារបរិស្ថាន លោក ឈុត វុទ្ធី ការសម្លាប់អ្នកកាសែត លោក ហង្ស សេរីឧត្តម នៅខេត្តរតនគិរី ការបាញ់កម្មករ៣នាក់ឲ្យរងរបួស នៅក្រុងបាវិត និងការកើនឡើង នៃការចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារ និងការគំរាមកំហែងមន្ត្រីអង្គការសង្គមស៊ីវិល តាមរយៈប្រពន័្ធតុលាការនោះជាដើម៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ