បក្សសង្គ្រោះជាតិមិនទាន់ជឿថា អង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជាបានអះអាងថា អង្គការសហប្រជាជាតិបានសម្តែងការទទួលស្គាល់ខ្លួនជាផ្លូវការ តែការអះអាងនេះត្រូវបានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លើកឡើងថាវាអាចជារឿងមិនពិត។
លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១០។ (រូបថត AP/Heng Sinith)
រាជធានីភ្នំពេញ - ការអះអាងផ្ទុយគ្នា រវាងរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា កំពុងមានភាពទាល់ច្រកនយោបាយនៅឡើយ។ ក្រុមអ្នកតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ទាំង៥៥រូប នៅតែបន្តធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភា និងជម្រុញឲ្យសហគមន៍អន្តរជាតិ បដិសេធមិនទទួលស្គាល់រដ្ឋាភិបាលឯកបក្ស ដែលទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកការសែត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ថា ក្នុងជំនួបរវាងលោក បាន គីមូននិងលោក ហ៊ុន សែន នៅប្រទេសប្រុយណេ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាតិ បានកោតសរសើរ ចំពោះការបោះឆ្នោតនៅប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និងសន្តិភាព។
តែការលើកឡើងនេះត្រូវបានលោក យ៉ែម ប៉ុញ្ញឬទ្ធិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ នេះថា វាពិបាកនឹងមានការជឿជាក់ណាស់ ចំពោះព័ត៌មាននេះ ព្រោះវាគ្រាន់តែជាការអះអាងរបស់អ្នកការទូតកម្ពុជា តែម្ខាងតែប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាង គឺអាស្រ័យលើពលរដ្ឋកម្ពុជា កំពុងរង់ចាំមើលជាបន្តពីគោលជំហរពិតប្រាកដ របស់សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិជាដើម ។
អ្នកនាំពាក្យគណបក្សជំទាស់រូបនេះ អះអាងថាបើទោះជាការបោះឆ្នោត នៅកម្ពុជាបានប្រព្រឹត្តទៅ ដោយគ្មានអំពើហិង្សា និងសន្តិភាពយ៉ាងណាក្តី ក៏ការបោះឆ្នោតនេះត្រូវបានគេរកឃើញ ថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ លោក យ៉ែម ប៉ុញ្ញឬទ្ធិ បញ្ជាក់ថា៖ «នៅពេលនេះ យើងកំពុងតែរកស្នាមមេដៃឲ្យបានរាប់លាន ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ»។
បើទោះជាឥស្សរជននយោបាយ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានធ្វើការអះអាងខុសគ្នា ដែលគេអាចយល់បានថា វាជាការអះអាងមានលក្ខណៈនយោបាយ យ៉ាងណាក៏ដោយ ក៏នៅលើគេហទំព័ររបស់អង្គការសហប្រជាតិ បានបង្ហាញច្បាស់ថា ក្នុងជំនួបរវាងលោក បាន គីមូន និងលោក ហ៊ុន សែន អគ្គលេខាងធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ពិតជាបានការកោតសរសើរ ចំពោះការបោះឆ្នោតនៅកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និងសន្តិភាព និងបានអបអរសាទរចំពោះលោក ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោតនៅកម្ពុជា។
ទន្ទឹមនឹងការលើកឡើងនេះ លោក បាន គីមូន ក៏បានលើកឡើងពីបញ្ហា ការគោរពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ ការមិនចូលរួមប្រជុំសភារបស់គណបក្សសង្រ្គោះជាតិ និងការស្មើរបស់លោក សម រង្ស៊ី ឲ្យព្យួរបេក្ខភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិជាដើម។ តែលោក កៅ គឹមហួន មិនបានលើកយកបញ្ហាទាំងអស់នេះ បា្រប់អ្នកសារព័ត៌ នៅព្រលានយន្តហោះអន្តរជាតិនោះទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល ពន្យល់ថាប្រសិនបើលោក បាន គីមូន បានសម្តែងការទទួលស្គាល់មែននោះ ក៏រដ្ឋាភបាលត្រូវពិចារណាថាអង្គការសហប្រជាតិ និងអ្នករាយអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា សូបេឌី និងប្រទេសធំៗមួយចំនួនទៀត ធ្លាប់លើកឡើងពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និងទាមទារឲ្យមានការស៊ើបអង្កេត។ ដូច្នេះការដែល អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនផ្សេងទៀតប្រកាសទទួលស្គាល់ នៅចំពោះលោក ហ៊ុន សែន វាគ្រាន់តែជានយោបាយការទូតរបស់គេ តែប៉ុណ្ណោះ។ លោក គល់ បញ្ញា បញ្ជាក់ថា៖ «រដ្ឋាភិបាលត្រូវធានា និត្យានុកូលភាព (ភាពស្របច្បាប់) របស់ខ្លួន ខណៈគណបក្សជំទាស់មិនទាន់ទទួលស្គាល់នៅឡើយ»។
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ