សុខ ទូច៖ បើកម្ពុជាអោបជើងចិន កម្ពុជានឹងមានវាសនាដូចភូមាពីមុន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលកម្ពុជាហាក់មិនបានសម្តែងការបារម្ភសោះឡើយ ចំពោះប្រទេសមហាអំណាចណាមួយ ដែលចង់ដកការជឿទុកចិត្ត និងចង់ផ្តាច់ជំនួយមកលើប្រទេសកម្ពុជា តាមរយៈការបញ្ចុះបញ្ចូលរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានអះអាងថា រដ្ឋាភិបាលអាចរស់បាន ដោយមានសម្ព័ន្ធមិត្តចិនជួយជ្រោមជ្រែង។ ជាមួយនឹងការលើកឡើងនេះ អ្នកវិភាគលោក សុខ ទូច បានលើកឡើងថា បើកម្ពុជាអោបជើងចិន នឹងមានវាសនាដូចភូមាជាក់ជាមិនខាន។
ទិដ្ឋភាពមួយក្នុងផ្នែកខាងលិចនៃប្រទេសភូមា ក្រោយអំពើហឹង្សាទៅលើជនជាតិរ៉ូហឺយ៉ា។ (រូបថត © Soe Zeya Tun/Reuters)
រាជធានីភ្នំពេញ - មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកនានា ស្ទើររៀងរាល់ថ្ងៃដោយបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនខ្លាំងណាស់ និងខ្លួនមិនខ្វល់ខ្វាយពីជំនួយបរទេសនោះទេ ជាពិសេសគឺជំនួយរបស់អាមេរិកតែម្តង ដោយចង់ផ្តាច់ជំនួយមកកម្ពុជាក៏បានដែរ។ មន្រ្តីទាំងនោះ បានលើកសរសើរពីមហាមិត្តចិនរបស់ខ្លួនថា កម្ពុជាអាចរស់បាន ឲ្យតែមានមហាណាចចិននេះ ជួយផ្តល់ជំនួយជួយជ្រោមជ្រែង និងរក្សានូវភាពជាសម្ព័ន្ធមិត្តជិតដិតជាមួយប្រទេសនេះ ។
ជុំវិញការលើកឡើងរបស់មន្រ្តីកំពូលៗរដ្ឋាភិបាលនេះ លោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បាននិយាយយ៉ាងខ្លីថា «ប្រសិនបើរដ្ឋាភិបាលកម្ពុជា ទៅអោបជើងចិនមែន នោះកម្ពុជានឹងដូចភូមាពីមុនដែរជាក់ជាមិនខាន»។ លោកថា ភូមា អាងចិននឹងហើយ ដែលភូមាធ្លាក់ខ្លួនក្រ។ ម្យ៉ាងវិញទៀតអ្នកវិភាគរូបនេះ បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្រ្តខ្មែរអប់ជើងចិននឹងហើយ ដែលនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ប្រជាជនខ្មែរជាង ១ លាន ៧ សែននាក់។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅមិនអាចសុំការបកស្រាយ ពីមន្រ្តីរដ្ឋាភិបាលបានទេនៅថ្ងៃនេះ។
កាលពីពេលកន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់បាននិយាយដែរថា ចិនផ្តល់ជំនួយដល់កម្ពុជា ធ្វើឲ្យរដ្ឋាភិបាលលោកស្រួលចាយបំផុត ដោយមិនមានលក្ខខណ្ឌអ្វី ដូចជាជំនួយរបស់សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសនៅសហគមន៍អ៊ឺរ៉ុបឡើយ។ លោក ហ៊ុន សែន ថាជំនួយមកប្រទេសបស្ចឹមលោកពិបាកណាស់ គឺជួយកម្ពុជាភ្ជាប់មកជាមួយនឹងលក្ខខ័ណ្ឌជាច្រើន។ ជាមួយគ្នានេះ ដែលកាលពីពេលកន្លងទៅ លោកប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង ក៏បាននិយាយដែលថា បើអាមេរិកចង់កាត់ជំនួយដល់កម្ពុជា ក៏កាត់ទៅកម្ពុជាមិនខ្វល់នោះទេ។ មន្រ្តីជាន់ខ្ពស់កម្ពុជាមួយរូបទៀតលោក ជាម យៀប ដែលលឺសំឡេងតាមប្រព័ន្ធផ្សព្វផ្សាយមិនដែលដាច់នោះ ក៏ធ្លាប់បាននិយាយដែរថា កម្ពុជាមានសម្ព័ន្ធមិត្តចិន ចាំជួយជ្រោមជ្រែងរឹងមាំ ហើយធ្វើឲ្យកម្ពុជាអាចរស់បាន។
ជាការពិតណាស់ប្រទេសចិន ត្រូវបានគេមើលឃើញថា ជាអ្នកផ្តល់ជំនួយច្រើនជាងគេដល់ កម្ពុជា ហើយជំនួយទាំងនោះ ភាគច្រើនមិនបានភ្ជាប់លក្ខខ័ណ្ឌមកជាមួយនោះទេ ដែលវាផ្ទុយពីជំនួយរបស់អាមេរិក។ ប៉ុន្តែសម្រាប់ក្រុមអ្នកសិទ្ធិមនុស្សនៅកម្ពុជា មិនសូវពេញចិត្តនឹងជំនួយរបស់ចិននោះទេ ដោយពួកមើលឃើញថា ជំនួយចិននេះ ថ្វីដ្បិតតែគ្មានលក្ខខណ្ឌ តែបង្កប់នូវមហិច្ចតាលោភលន់មកជាមួយ សំឡឹងឃើញផលប្រយោជន៍ណាមួយចង់ស្រូបយកទៅវិញ ជាពិសេសមិនបានធ្វើឲ្យមានការប្រសើរឡើង ក្នុងការគោរពច្បាប់ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើយ។
ដោយឡែកខុសពីប្រទេសកម្ពុជា ប្រទេសភូមាដែលទើបនឹងងាកខ្លួនចេញ ពីរបបដែលគ្រប់គ្រងដោយមេដឹកនាំយោធា«ផ្ដាច់ការ»នោះ កំពុងតែធ្វើនយោបាយបើកជើងមេឃមួយ ហើយធ្វើជំហានដើរទៅមុខតាមបែបប្រជាធិបតេយ្យ និងខិតខំបោះដៃរបស់ខ្លួនទៅរកសហគមន៍អន្តរជាតិ។ ដោយសារតែនយោបាយកែទម្រង់ ដ៏គួរឲ្យលើកទឹកចិត្តរបស់ប្រទេសនេះ បណ្ដាប្រទេសបស្ចឹមលោកជាច្រើន បានលើកចេញដូចគ្នាដែរ នូវទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ច ដែលបានដាក់ហ៊ំព័ទ្ធប្រទេសនេះ ក្នុងពេលកន្លងមក។ ការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងនយោបាយ ដែលមានរយៈពេលរាប់សិបឆ្នាំ និងបានរួមរិទ្ធប្រទេសភូមា ឲ្យនៅតែជាប្រទេសមួយ ដែលក្រីក្រ និងអន់ថយជាងគេក្នុងពិភពលោក បើទោះជាប្រទេសនេះ ធ្លាប់ជា«ក្លើម្រាស់»ចាក់ទឹកមិនលេច របស់ប្រទេសចិនក៏ដោយ។
សម្រាប់អ្នកឃ្លាំមើលស្ថានការណ៍សង្គមកម្ពុជា បានយល់ថា កម្ពុជាមិនអាចមានទំនាក់ទំនងតែជាមួយចិន ដែលជាប្រទេសកុំម្មុយនីសនោះទេ។ ម្យ៉ាងវិញទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏ពឹងផ្អែកលើបស្ចឹមលោកផងដែរ ដោយសារថា ក្នុងមួយឆ្នាំៗ សម្រាប់វិស័យកាត់ដេរកម្ពុជា បាននាំទៅលក់នៅលើទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបរាប់ពាន់លានដុល្លារអាមេរិក។ ដូច្នេះ សម្រាប់ភាសាដែលនិយាយថា មិនខ្វល់ពីអាមេរិក ឬអ៊ឺរ៉ុប ដោយពឹងផ្អែកតែទៅលើប្រទេសចិននោះ ត្រូវបានគេរិះគន់ថា គឺជាការនិយាយមិនជឿនលឿន និងដោយមិនចេះប្រើពាក្យការទូត ដែលតាមធាតុពិតទៅរដ្ឋាភិបាលកម្ពុជាខ្លួនឯង បានភ័យខ្លាចនឹងរឿងនេះជាទីបំផុត៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ១១ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ