ខ្វែង​ដៃជើង​រុះរើ​សំណង់​«ណាហ្គា» ព្រោះ​មាន​បញ្ជា​ពី ហ៊ុន សែន

តើនេះ ជាការរុះរើមួយ ដើម្បីបង្ហាញពីប្រសិទ្ធិភាព នៃបញ្ជារបស់នាយករដ្ឋមន្ត្រី ឬចង់និយាយថា នៅប្រទេសកម្ពុជា មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលចេះខ្វល់ខ្វាយ ពីសណ្ដាប់ធ្នាប់?
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 10, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិបាកឆ្លើយ នឹងសំនួរខាងលើបន្ដិច ព្រោះបើសូម្បីករណី ​«យកផ្លូវសាធារណៈ ជាចំណតរថយន្ត»ជាដើម ស្ទើ​គ្រប់ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ គេកម្រឃើញអាជ្ញាធរមានសមត្ថកិច្ច យកក្បាលមកគិតគូ និង​យក​ចិត្ត​ទុកដាក់ណាស់។ មិនត្រឹមតែប៉ុណ្ណឹង អាជ្ញាធរឈរជើងនៅតំបន់នោះ តែងរងការចោទប្រកាន់ថា ទំនង​ជាបានផលប្រយោជន៍ខ្លះ ពីការយកផ្លូវសាធារណៈ ជាចំណតរថយន្តនោះដែរ ទើប​បាន​ជា​គ្មាន​ចាត់​វិធានការ​អ្វីសោះ។ ខាងក្រោមនេះ ជាករណីសំណង់ខុសច្បាប់អនុញ្ញាត របស់ក្រុមហ៊ុន ណាហ្គា ដែល​ទើប​តែ​ឃើញ​សាលារាជធានី រត់ខ្វែងដៃជើងចាត់វិធានការ បន្ទាប់ពីមានបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាមការបញ្ជាក់ របស់អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ឡុង ឌី ម៉ង់ បានឲ្យដឹងថា ភ្លាមៗ ក្រោយ​ពី​ចប់ពិធីសម្ពោធ គម្រោងការពារទឹកជំនន់ជំហ៊ានបី របស់ចៃការ (JICA) លោកនាយករដ្ឋមន្ត្រី បានចុះមើល​ការ​ដ្ឋានសំណង់ របស់ក្រុមហ៊ុន ណាហ្គាវឿល (NAGA World)។

លោក ឌីម៉ង់ បានសរសេរលើទំព័រហ្វេសប៊ុក របស់លោកថា ការដ្ឋានសំណង់ របស់ក្រុមហ៊ុន Naga បានសង់​ខុសច្បាប់អនុញ្ញាត និងបានប៉ះពាល់ ដល់សោភ័ណភាពរាជធានីភ្នំពេញ។ លោកថា លោកនាយករដ្ឋមន្រ្តី បានណែនាំឲ្យអាជ្ញាធរមានសមត្ថិកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ប្រជុំពិភាក្សា និង​មានវិធានការ​កែលម្អ​វិញ ជាបន្ទាន់ ដើម្បីធ្វើយ៉ាងណា ឲ្យរក្សាបាននូវលំហរសាធារណៈ សម្រាប់ប្រជាពលរដ្ឋ មកលម្ហែកំសាន្ត នៅ​សួន​ច្បារ«សម្ដេច ហ៊ុន សែន» ដ៏មានប្រជាប្រិយភាពនេះ បានដូចដើម។

ជាមួយនឹងសេចក្តីណែនាំ របស់លោកនាយករដ្ឋមន្រ្តីខាងលើនេះ មានសំនួជាច្រើន បានលើកឡើងថា តើ​ក្នុងរយៈកាលកន្លងមកនេះ ទាំងអាជ្ញាធរតំបន់ ដូចជាសាលារាជថានីភ្នំពេញ មិនបានមើលឃើញ ឬមិន​បាន​ដឹងថា ការដ្ឋានសំណង់ក្រុមហ៊ុន ណាហ្គា បានសង់ខុសច្បាប់អនុញ្ញាត និងប៉ះពាល់ដល់សោភ័ណភាព រាជធានី​ភ្នំពេញទេឬ បានជារហូតដល់ពេល លោកនាយករដ្ឋមន្រ្តីថាខុស ក៏នាំគ្នាថាខុសតាមដែរ?

លោក ឡុង ឌីម៉ង់ បានបន្ថែមដោយសរសេរថា៖ «នៅសាលារាជធានីរសៀលនេះ នឹងមានការប្រជុំបន្ទាន់ ដើម្បី​ពិភាក្សាផ្លូវច្បាប់ និងបច្ចេកទេស ដើម្បីអនុវត្តឲ្យបានម្មឺងម៉ាត់ នូវបទបញ្ជារបស់សម្តេច!» លោក​បាន​បញ្ជាក់​ថា ក្រោមអធិបតីភាពលោក អឹម ឈុនលឹម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានជជែកគ្នាយ៉ាងលំអិត អំពី​ករណី​​សំណង់ របស់ក្រុមហ៊ុន ណាហ្គាវឿល (NAGA World) ដែលបានសាងសង់ខុសច្បាប់អនុញ្ញាត របស់​ក្រសួង​​​រៀបចំ​​ដែនដី នគរូបនីយកម្ម និងសំណង់។

អ្នកនាំពាក្យបានបញ្ជាក់ ពីលទ្ធផលនៃកិច្ចប្រជុំនោះ យ៉ាងដូច្នេះថា៖ «ក្រសួងរៀបចំដែនដីចេញលិខិត ផ្អាក​សំណង់ និងឲ្យរុះរើ។ ក្រុមជាងក្រុមហ៊ុន ចាប់ផ្តើមរុះរើដោយខ្លួនឯង ពីថ្ងៃស្អែក គឺរុះដំបូល មុខពុទ្ធសាសន​បណ្ឌិត​​មុន។ ចាត់មន្ត្រីជំនាញ ប្រចាំការ ជំរុញដំណើរការនេះ រហូតដល់ទីបញ្ចប់។»

កន្លងមក ព្រះសង្ឃ យុវជនមួយចំនួន ធ្លាប់ស្នើសុំឲ្យសាលារាជធានីភ្នំពេញ ចាត់វិធានការលើក្រុមហ៊ុន ណាហ្គា នេះ ដែលបានធ្វើការសាងសង់ ដោយខុសច្បាប់ បំពានបិទវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត និង​ប៉ះ​ពាល់​​ដល់​សោភ័ណភាព រាជធានីភ្នំពេញ តែហាក់ដូចជាគ្មានចំណាត់ការ ឬទទួលដឹងឮពីអាជ្ញាធរ ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញឡើយ។

កាលពីអំឡុង ចុងឆ្នាំ២០១៤ តំណាងរាស្រ្តមួយក្រុម ចេញពីរដ្ឋសភាជាតិ ដែលដឹកនាំដោយតំណាងរាស្រ្ត មកពីគណ​បក្សប្រឆាំង បាននាំគ្នាចុះមើលសំណង់ របស់ក្រុមហ៊ុនណាហ្គានេះ និងបានស្នើទៅកាន់សាលា​រាជធានី​​ភ្នំពេញ ពីការ​សាង​សង់ ដោយគ្មានការទទួលខុសត្រូវ និងធ្វើឲ្យបាត់បង់សោភ័ណភាពរាជធានី។ តែ​ការ​​ស្នើ​​សុំ​​នោះ មិន​ត្រូវបានគេរាយការណ៍មក ថាមានការឆ្លើយតបជាវិជ្ជមាននោះទេ។

សូមរំលឹកថា ក្រុមហ៊ុន ណាហ្គាវឿល បានឈរជើង ជា«បនល្បែង»មួយយ៉ាងធំ កណ្តាលរាជធានីភ្នំពេញ តាំង​​ពី​មុន​ឆ្នាំ ២០០០ មកម្លេះ។ ថៅកែក្រុមហ៊ុននេះ ជាជនជាតិចិនម៉ាឡេស៊ី មានឈ្មោះថា ចិន លឹមគឿង បាន​​ទទួល​​សិទ្ធ ក្នុង​ការ​បន្​តបើក​កាស៊ីណូ (ល្បែងស៊ីសង) នៅកណ្តាលរាជធានីភ្នំពេញ រហូត​ដល់​បច្ចុប្បន្ន​នេះ។

ដើមឡើយ ក្រុមហ៊ុននេះ ត្រូវបានកំណត់ឲ្យតាំងនៅ ក្នុងចំងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប៉ុន្តែ​ក្រោយ​​មក គេបែរជាឃើញ ក្រុមហ៊ុននេះ មកសង់លើកប៉ាល់មួយយ៉ាងធំ ស្ថិតនៅពីក្រោយសណ្ឋាគារ កាំបូឌីយាណា ចំងាយប្រមាណ តែជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រះបរមរាជវាំង។ បន្ទាប់មកទៀត បន​ល្បែង​​​ដ៏ធំមួយ​​នេះ បានងើបចេញពីក្នុងទឹក មកតាំងនៅលើគោកវិញ ដែលស្ថិតនៅមិនឆ្ងាយ ពីកន្លែងចាស់​ប៉ុន្មាន​​ឡើយ។ បច្ចុប្បន្ន បនល្បែងដ៏ធំ​កណ្តាលរាជធានីភ្នំពេញនេះ មាន​អមទៅដោយក្រសួង ស្ថាប័នរដ្ឋ​សំខាន់ៗ​មួយ​​ចំនួន ដូចជាក្រសួងការរបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋសភាជាតិ និងវិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត។ ជាពិសេស មានសួនច្បារមួយ ដាក់ឈ្មោះលោក ហ៊ុន សែន ជួយលំអរចំពីមុខអាគារ​បនល្បែង ដ៏ធំ​​ស្កឹមស្កៃ​​នេះ​​ផងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...