នៅពេលអ្នកគាំទ្រ CPP សុំឲ្យ ហោ ណាំហុង ចេញពីតំណែង...
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២២ មីនា ២០១៥
- កែប្រែចុងក្រោយ: March 23, 2015
- ប្រធានបទ: វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាស់វស្សា នៅមានមន្ត្រីហែរហមរបស់លោក ជាច្រើនទៀត ដែលកាន់អំណាច នៅអង្គុយជាប់នឹងកៅអី យ៉ាងយូរប្រហាក់ប្រហែលគ្នា នឹងលោក ហ៊ុន សែន ដែរ។ ក្នុងចំណោមអ្នកទាំងនោះ គេអាចរាប់ត្រួសៗ បាន ដូចយ៉ាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កាន់នគរបាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ (កាន់ទាហាន) លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី (កាន់ការងារ របស់រដ្ឋមន្ត្រីទាំងអស់) និងជាពិសេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស (កាន់ផ្នែកការទូត)។
អ្នកទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាមនុស្សជំនិត យ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់ក្រសួងមន្ទីរធំៗ សំខាន់ៗ ឬអាចនិយាយថា ជាចំណុចយុទ្ធសាស្ត្រឈ្នះចាញ់ នៃអំណាចមិនចេះរីងស្ងួត របស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនជា មនុស្សជំនិតមួយចំនួន ពីក្នុងចំណោមនេះ មិនសូវជាទទួលបាន ការពេញចិត្តពេញថ្លើម ពីលោក ហ៊ុន សែន ក៏ដោយ ក៏ក្រោមហតុផល«នយោបាយ» មនុស្សទាំងនោះ នៅតែត្រូវលោក ហ៊ុន សែន បន្តតែងតាំងឲ្យនៅអង្គុយ នៅលើកៅអីជារដ្ឋមន្ត្រីរាប់សិបឆ្នាំដដែល។
ប៉ុន្តែសម្រាប់អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា មួយចំនួនវិញ ពួកគេទំនងជាមិនបានគិត ដូចលោក ហ៊ុន សែន ដែលត្រូវតែអោបមនុស្សទាំងនោះ ជានិច្ចកាល រាប់សិបឆ្នាំយ៉ាងដូច្នោះទេ។ សកម្មជនគាំទ្រគណបក្សមួយរូប ដែលបានតាំងនាមខ្លួន ជំនួសឲ្យ«យុវជន» និងមានឈ្មោះល្បីល្បាញគួរសម បានបាញ់មុខព្រួញ នៃការរិះគន់របស់ខ្លួន ទៅរកលោក ហោ ណាំហុង ដោយចុះផ្សាយ ជាសារមួយ នៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់ខ្លួន។ យើងមិនធ្វើការបកស្រាយ ទៅលើមតិយោបល់ របស់សកម្មជនរូបនោះឡើយ តែសូមទុកជូនប្រិយមិត្តអ្នកអាន ស្វែងយល់អំពីមតិយោបលនោះ ដោយផ្ទាល់ដូចខាងក្រោម។
តើលោក ហ៊ុន សែន អាចនឹងចាត់វិធានការ ដកលោក ហោ ណាំហុង ចេញឬទេ?
មិនមែនលោក ហោ ណាំហុង តែម្នាក់លោកទេ ដែលមានវ័យចំណាស់ ងើបដើរសឹងតែមិនចង់រួចនោះ។ ប៉ុន្តែនៅមានមន្ត្រីអន្ទ្រើសៗ របស់គណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ទៀត ដូចយ៉ាងលោក ជា ស៊ីម ជាដើម សុទ្ធតែនៅបន្តឲ្យអង្គុយ នៅក្នុងតំណែងទៅមុខទៀត បើទោះជាអស់លោកទាំងនោះ មិនអាចមានកម្លាំង ធ្វើការបំពេញភារកិច្ច ឲ្យបានបរិបូណ៌ក៏ដោយ។
ពិតហើយ នៅចំពោះការធ្លាក់សម្លេងឆ្នោត នាឆ្នាំ២០១៣ លោក ហ៊ុន សែន ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងត្រូវធ្វើយ៉ាងណា បង្ហាញឲ្យគេឯងឃើញថា លោកជាមេដឹកនាំដ៏ល្អ ហើយមិនគួត្រូវចាប់លោក ឲ្យមកទទួលខុសត្រូវ នូវទង្វើអសកម្ម របស់មន្ត្រីក្រោមបង្គាប់នោះទេ។ ប៉ុន្តែការដកលោក ហោ ណាំហុង ចេញពីតំណែង វាហាក់ដូចជាលឿនពេក និងប្រៀបដូចកាត់ដៃខ្លួនឯង (ខាងការទូត) មួយចំហៀងចោល។ មនុស្សមានសមត្ថភាព ប្រហែលជាមានច្រើន ប៉ុន្តែមនុស្សដែលស្មោះស្ម័គ្រ មិនមានច្រើនឡើយ។ សម្រាប់អ្នកផ្សេង ដែលមិនបានដឹង ពីប្រវត្តិស្នេហ៍ដ៏ល្អូកល្អើន រវាងលោក ហ៊ុន សែន និងលោក ហោ ណាំហុង តាំងពីរាប់សិបឆ្នាំមកហើយនោះ ប្រាកដជាមិនយល់ ថាហេតុអ្វីក៏លោក ហោ ណាំហុង នៅតែអាចបន្តអង្គុយលើកៅអី បានយូរយ៉ាងដូច្នេះ។
ចំពោះ ករណីកូនចៅសំបុកត្រយឹង របស់លោក ហោ ណាំហុង ដែលត្រូវបានដាក់ពង្រាយ ឲ្យធ្វើការងារមានតំណែងធំៗ នៅតាមស្ថាប័ននានា ឬនៅតាមស្ថានទូតខ្មែរ ប្រចាំនៅប្រទេសជាច្រើននោះ មិនមែនលោក ហ៊ុន សែន មិនដឹងនោះទេ។ ប៉ុន្តែសួរថា បើគេកំចាត់មេកន្ទ្រាញម្នាក់ចេញ តើគេអាចគ្រប់គ្រងកុលសម្ព័ន្ធនោះ ដោយរបៀបណា? ឬត្រូវកំចាត់ចោល កុលសម្ព័ន្ធទាំងមូលតែម្ដង? ជាការប្រថុយប្រថានមួយ ដ៏ខ្លាំងបំផុត ព្រោះករណីនេះ ជាការ«ផ្ដួលរលំ នូវប្រព័ន្ធមួយទាំងស្រុង»។ លោក ហ៊ុន សែន ដឹងច្បាស់ណាស់ ពីរឿង«ផ្ដួលរលំ» ដែលខុសគ្នាស្រឡះ ពី«កំណែទម្រង់» ឬ«ការផ្លាស់ប្ដូរ» ដូចដែលលោក ទើបនឹងថ្លែងព្រមាន ទៅកាន់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗ។
ប្រសិនបើលោក ហោ ណាំហុង បានចាក់ឫសប្រព័ន្ធការទូតរបស់លោក តាមបែបគ្រួសារនិយមនោះ តែប្រព័ន្ធនេះ នៅតែរណប និងទប់អំណាច ឲ្យលោក ហ៊ុន សែន ជាដរាប។ ហើយលោក ហ៊ុន សែន នឹងមិនមានផលចំណេញអ្វី ចេញពីការបំបាត់ប្រព័ន្ធមួយ ដែលធ្វើការបម្រើខ្លួននោះឡើយ។ ប្រសិនជាមាន ភាពរំជើបរំជួល ពីបណ្ដាអ្នកគាំទ្រមួយចំនួន ដែលមិនពេញចិត្តនឹងប្រព័ន្ធនេះ វាអាចមានចំណុចពីរយ៉ាង ដែលត្រូវពិចារណា៖ (១) សម្បកក្រៅ ដើម្បីបង្ហាញថា ក្នុងជួរគណបក្សប្រជាជនកម្ពុជា នាពេលនេះ ត្រូវបានបើកទូលាយច្រើនជាងមុន (២) ទំនាស់ផលប្រយោជន៍ រវាងមនុស្ស ដែលទន្ទឹងរង់ចាំផលប្រយោជន៍ និងមនុស្ស ដែលកំពុង«ដេកឆ្ងាញ់ស៊ីឆ្ងាញ់» ពីផលប្រយោជន៍ទាំងនោះ។
ចំពោះដំណោះស្រាយវិញ ជារឿងងាយបំផុត ព្រោះកូនក្មេងដែលយំ នឹងបាត់យំ នៅពេលទទួលបាន«ស្កគ្រាប់» ដាក់ចូលមាត់។ តែបើពិបាកស្រាយ នៅតែមិនបាត់យំ វាអាចឈាន ទៅរកការដោះស្រាយមួយបែបទៀត ដែលកាន់តែមានប្រសិទ្ធិភាព និងមានលក្ខណៈស្ងាត់ៗ។ យ៉ាងណាក៏ដោយ គោលការណ៍ដ៏ធំបំផុត របស់គណបក្សប្រជាជនកម្ពុជា គឺនឹង«មិនទុកឲ្យធាងត្នោតស្អុយមួយ ចំលងមេរោគ មកដល់ដើមត្នោតទាំងមូល»នោះឡើយ។
លោក ហោ ណាំហុង ជានរណា?
កើតនៅឆ្នាំ១៩៣៥ ក្នុងរាជធានីភ្នំពេញ លោក ហោ ណាំហុង បានប្រឡូកក្នុងវិស័យការទូត តាំងពីក្នុងសម័យកាល នៃព្រះរាជាណាចក្រទីមួយ។ ជាអតីតនិស្សិតអនុបណ្ឌិតច្បាប់ ពីរដ្ឋធានីប៉ារីស លោកបានបម្រើការ ជាមន្ត្រីស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង ពីក្នុងអំឡុងឆ្នាំ ១៩៦៧ មកទលស់នឹងឆ្នាំ១៩៧៣។
បន្ទាប់ពីចេញផុត ពីរបបខ្មែរក្រហម លោក ណាំហុង បានបន្តជំនាញរបស់លោក ក្នុងវិស័យការទូតនេះ ជាបន្តទៅទៀត នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយបានក្លាយជាអនុរដ្ឋមន្ត្រីការបរទេស និងបន្ទាប់មក បានចេញទៅធ្វើអគ្គរដ្ឋទូត នៅសហភាពសូវៀត រហូតដល់ឆ្នាំ១៩៨៩។ ត្រឡប់មកប្រទេសវិញ នៅឆ្នាំ១៩៩០ ក្នុងសម័យរដ្ឋកម្ពុជា លោកត្រូវបានតែងតាំង ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការបរទេស។
ប៉ុន្តែនៅចំពោះការចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នាឆ្នាំ១៩៩៣ លោក ណាំហុង បានចេញពីតំណែង ដើម្បីទុកកៅអីនេះ ឲ្យទៅព្រះអង្គម្ចាស់ នរោត្ដម សេរីវុឌ្ឍ មកពីគណបក្សហ្វុនស៊ីនប៉ិច ដែលបានឈ្នះឆ្នោត នៅពេលនោះ ហើយលោកបានចេញ ទៅធ្វើជាអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសបារាំងវិញ។ ប្រាំឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៩៨ លោកបានត្រឡប់មកវិញ ហើយបន្តតំណែង ជារដ្ឋមន្ត្រីការបរទេសដដែលនេះ រហូតមកដល់បច្ចុប្បន្ន។
សូមញ្ជាក់ដែរថា ពីឆ្នាំ១៩៨៧ រហូតមកដល់ឆ្នាំ១៩៩១ ឆ្នាំដែលចុះកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស សម្រាប់ប្រទេសកម្ពុជា លោក ហោ ណាំហុង បានដើរតួនាទីយ៉ាងសំខាន់ ស្ថិតនៅជាជំនិតយ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន នៅក្នុងការជួបចរចា និងការស្វែងរកដំណោះស្រាយនានា ដើម្បីបញ្ចប់ជម្លោះដ៏រ៉ារ៉ៃ រវាងខ្មែរនិងខ្មែរ៕