ហ៊ុន សែន៖ ជនដៃដល់វាយតំណាងរាស្រ្ត មិនមែនជាបាតុករទេ!
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 10, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា ជនដៃដល់បីនាក់ ប្រើហិង្សាវាយតំណាងរាស្រ្ត អំឡុងពេលមានបាតុកម្ម តវ៉ាទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានោះ មិនមែនជា «ក្រុមបាតុករ» ទេ។
ស្ថិតក្នុងភាពស្រពិចស្រពិល លោក ហ៊ុន សែន បានលើកឡើងថា ការប្រើហិង្សាលើតំណាងរាស្រ្តនោះ មិនមែនប្រព្រឹត្តដោយបាតុករ នៃបាតុកម្មរសុំឲ្យទម្លាក់ លោក កឹម សុខា នោះទេ។ ហើយអ្នកវាយតំណាងរាស្រ្តនោះ ក៏លោកបាន«ឭ»ថា ដោយសារតែតំណាងរាស្រ្ត«ជេរ» ទៅលើអ្នកវាយទាំងនោះឯង។
ជាមួយនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីនេះ តំណាងរាស្រ្ តដែលរងរបួសទាំងពីរ លោក ញ៉យ ចំរើន និងលោក គង់ សភា បានធ្វើការបដិសេធថា លោកមិនបានជេរ ទៅលើក្រុមបាតុករទាំងនោះឡើយ។ តាមការអះអាង ក្នុងបណ្តាញសង្គមហ្វេសប៊ូក តំណាងរាស្រ្តទាំងពីររូប បានបបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «ស្បថ» បើលោកហ៊ុនសែនហ៊ានធានា និងអះអាងថា ពួកលោកពិតជាបានជេរមែននោះ។
ពាក់ព័ន្ធនឹងការការពារបាតុករ គាំទ្រគណបក្សប្រជាជន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងថា ក្រុមជនដៃដល់វាយតំណាងរាស្រ្តនោះ មិនមែនជាក្រុមបាតុករនោះ អ្នកស្រី មួរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុកអ្នកស្រី ដោយបង្ហាញនូវរូបថតមួយចំនួន ដែលបានបញ្ជាក់ថា ក្រុមដៃដល់នោះ មានវត្តមានក្នុងក្រុមហ្វូងបាតុកម្ម។ អ្នកស្រីបានសរសេរអមនឹងរូបថតទាំងនោះថា៖ «រូបភាពនេះ គឺបញ្ជក់ថា ជនដៃដល់ដែលវាយតំណាងរាស្រ្តនោះ ជាបាតុករដែលចូលរួមបាតុកម្មទំលាប់លោក កឹម សុខា។ ហើយវាធ្វើឡើង ជាលក្ខណៈប្រព័ន្ធ។»
អ្នកស្រី សុខហួរ បានអះអាងបន្ថែមថា ជនដៃដល់ ដែលវាយតំណាងរាស្រ្ត មកពីគណបក្សប្រឆាំង មិនមែនមានតែបីនាក់ទេ។ ហើយអ្នកស្រីស្នើសុំ ឲ្យធ្វើការស៊ើបអង្កេត និងតាមចាប់ជនដៃដល់ទាំងអស់ ជាមួយនឹងការស្វែងរកអ្នកណា ដែលនៅពីក្រោយនៃរឿងនេះ។
ក្រោយព្រឹត្តការណ៍បង្កហិង្ សាលើតំណាងរាស្រ្ត ក៏ដូចជាក្រោយពីជនដៃដល់បីនាក់ បានចូលមកសារភាពនោះ មេបក្សប្រឆាំងនៅតែស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បន្តស្វែងរកជនដៃដល់ មួយចំនួនទៀត និងអ្នកដែលបញ្ជាពីក្រោយ។ ជាមួយនឹងការស្នើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានឆ្លើយពីលទ្ធផល ឬបញ្ជាជាថ្មី ឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការស្វែងរក បន្ថែមទៀត។ តែលោក ហ៊ុន សែន បានព្រមានទៅកាន់គណបក្សប្រឆាំងវិញ តាមរយៈហិង្សា ដែលបានកើតឡើង កាលពីដើមឆ្នាំ២០១៤ និងមានគណបក្សសង្គ្រោះជាតិ នៅពីក្រោយ ធ្វើការតវ៉ាប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ ចនៅលើបណ្តោយផ្លូវវ៉េងស្រេង តំបន់ឧស្សាហកម្មកាណាឌីយ៉ា។ លោកនាយករដ្ឋមន្រ្តី បានអះអាងថា ករណីអំពើហិង្សានៅផ្លូវវ៉េងស្រេង ក្នុងពេលបាតុកម្មទាមទារ ឲ្យដំឡើងប្រាក់ខែកម្មករ កាលពីដើមឆ្នាំ២០១៤នោះ នៅមិនទាន់ចប់នៅឡើយ។
ការអះអាងខាងលើនេះ ត្រូវបានលោក មឿង តុលា មន្ត្រីកម្មវិធីច្បាប់ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ សរសេរតប ក្នុងន័យបញ្ឆិតបញ្ឆៀង នៅលើគណនីហ្វេសប៊ុករបស់លោក យ៉ាងខ្លីវិញថា៖ «មានរឿងអីទាន់ចប់ បើអ្នកបាញ់កម្មករ មិនទាន់ត្រូវដាក់ទោសផងណឹង។ រួមជាមួយអ្នកបញ្ជា ពីក្រោយផង។»
យ៉ាងណាលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទទួលស្គាល់ថា បាតុកម្មតវ៉ាទម្លាក់លោក កឹម សុខា ពីអនុប្រធានទីមួយនៃរដ្ឋសភា នោះពិតជាមានការរៀបចំទុកជាមុន និងក៏ជាការឆ្លើយតប ទៅនឹងបាតុកម្មនៅរដ្ឋធានីប៉ារីស និងក្រុងញូវយ៉ក ដែលលោកបានគិតថា គឺគណបក្សសង្រ្គោះជាតិ ជាអ្នករៀបចំដែរនោះ។ លោកបញ្ជាក់ថា៖ «បាតុកម្មមួយ បើមិនរៀបចំម៉េចធ្វើទៅកើត និយាយឲ្យវាច្បាស់ចឹងទៅ។ វាមានមេ មានកើយរបស់គេ ស្អីស្រាវជ្រាវរកអ្នកណារៀបចំ។ វាច្បាស់ណាស់ថា មានការរៀបចំ... អីក៏ខ្វល់ម្លេះ កាលលោកឯងធ្វើបាតុកម្ម ជាអ្នករៀបចំតើ។ (...) បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ បើគ្មានបាតុកម្មនៅញូវយ៉ក និងនៅប៉ារីស ក៏គ្មានបាតុកម្មនៅភ្នំពេញដែរ។»៕