បក្សប្រឆាំង៖ កម្ពុជាបានឈ្នះក្តីរឿងប្រាសាទព្រះវិហារ មិនមានអ្វីប្លែកទេ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: November 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ សាលក្រមនៃសាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីជុំវិញប្រាសាទព្រះវិហារនោះក៏ដោយ តែមន្ត្រីរបស់គណបក្សមួយនេះ បានបញ្ចេញទស្សនៈថា កម្ពុជាឈ្នះក៏ពិតមែន ក៏កម្ពុជាមិនមានអ្វីប្លែក ឬបានចំណេញអ្វីជាដំកំភួនដែរ។ មិនប្លែកដោយសារថា ព្រះវិហារជារបស់ខ្មែរ និងនៅលើទឹកដីខ្មែរ តាំងពីដើមរៀងមក។
ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល។ (រូបថត ឯកសារ)
រាជធានីភ្នំពេញ - គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានសម្តែងការជឿជាក់រួចហើយថា ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល ពោលគឺកម្ពុជា ជាអ្នកឈ្នះនៅក្នុងរឿងក្តីនេះម្តងទៀត។ ក៏ប៉ុន្តែ គណបក្សនេះបានអះអាងថា បើទោះបីជាខាងភាគីកម្ពុជា ទទួលបានជ័យជំនះលើកនេះម្តងទៀតក្តី ក៏វាគ្មានអ្វីប្លែក ឬផលចំណេញសម្រាប់ភាគីកម្ពុជាប៉ុន្មាននោះដែរ។ ដោយសារថា ប្រាសាទព្រះវិហារនេះ ជារបស់ខ្មែរតាំងពីយូរយាណាស់មកហើយ ដែលស្ថិតនៅក្រោមការគ្រងដោយខ្មែរ និងជាពិសេសជារបស់ដែលដូនតាខ្មែរ បានកសាងសម្រាប់ប្រជាជនខ្មែរទាំងមូល។ នេះបើតាមសម្ដី នៃមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆៃ ដែលបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងែទី១១ខែវិច្ឆិកា មុនការប្រកាសសាលក្រម នៃតុលាការអន្តរជាតិ។
ដោយសារតែនៅនោះ សាលក្រមមិនទាន់បានសម្រេចថានរណាឈ្នះ នរណាចាញ់នោះ លោក សុន ឆ័យ បានបន្តទស្សនៈរបស់លោកទៀតថា តែផ្ទុយទៅវិញប្រសិនបើភាគីកម្ពុជា បានទទួលបរាជ័យលើកនេះ វាជាការអាម៉ាស និងជាខាតបង់ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ដែលមិនអាចថែរក្សាសម្បត្តិដូនតា និងទឹកដីរបស់ខ្លួនបាន។ មិនតែប៉ុណ្ណោះប្រជាជនខ្មែរមិនអាចទទួលយកបានឡើយ នូវភាពបរាជ័យរបស់ខ្លួន នៅចំពោះប្រទេសថៃ ដែលជាប្រទេសទើបតែកើតម្ងៃនោះ។
ក្រៅតែពីសេចក្ដីថ្លែងការណ៍អបអរសាទរ ចំពោះការប្រកាសសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដែលចុះនៅថ្ងៃទី១១ខែវិច្ឆិកាដដែលនោះ គេមិនឃើញគណបក្សប្រឆាំង មានសកម្មភាពអ្វីប៉ុន្មានទេ។ ទោះបីជាយ៉ាងណា លោក សម រង្ស៊ី នៅក្នុងវីដេអូអបអរសាទរសាលក្រមនេះ ពីទីក្រុងម៉ានីស ប្រទេសហ្វីលីពីន បានរម្លឹកពីគុណូបការៈដ៏ធំធេង របស់អតីតព្រះមហាវិរក្សត្រ ថាគឺព្រះបាទ នរោត្ដម សីហនុ ទៅវិញទេ ដែលក្នុងឆ្នាំ១៩៦២ បានប្ដឹងឈ្នះទាមទារប្រាសាទនេះពីថៃមកវិញ។ លោក សម រង្ស៊ី បាននិយាយថា បើគេស្នេហាជាតិ ស្នេហាទឹកដីពិតមែន គេមិនត្រូវសម្លឹងមើលតែព្រំដែនខាងលិច (ព្រំដែនកម្ពុជា-ថៃ) ហើយភ្លេចព្រំដែនខាងកើត (ព្រំដែនកម្ពុជា-វៀតណាម) នោះឡើយ។
រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ អ្នកគាំទ្រ និងសកម្មជនព្រំដែននៅក្រៅប្រទេសជាច្រើននាក់ តែងចោទរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលមានចំណងមេត្រីភាពស្អិតរមួត ជាមួយវៀតណាមនោះ ថាបានកាត់ទឹកដីជាប់«ព្រំដែន»ខាងកើត ជាពិសេស«កោះត្រល់» ទៅឲ្យប្រទេសវៀតណាម។ គេបានចោទប្រកាន់ថា លោកហ៊ុន សែន មិនត្រឹមតែមិនបានលប់សន្ធិសញ្ញាខុសច្បាប់ ដែលធ្លាប់បានធ្វើ នៅក្រោយឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលឈ្លានពានកម្ពុជានោះប៉ុណ្ណោះទេ តែផ្ទុយទៅវិញ លោក ហ៊ុន សែន បានបង្កើតសន្ធិសញ្ញាផ្សេងទៀត ទៅបំពេញបន្ថែម ដើម្បីឲ្យកាន់តែមានភាពស្របច្បាប់។
ការចោទប្រកាន់ របស់ក្រុមប្រឆាំងខាងលើ ធ្លាប់ត្រូវបានរដ្ឋាភិបាល បដិសេធជារាល់ដង ហើយលោក ហ៊ុន សែន ខ្លួនឯង ក៏ធ្លាប់បានទៅបកស្រាយនៅក្នុងមន្ទីររដ្ឋសភា ដល់ទៅជាង«ប្រាំ»ម៉ោង ដោយគ្មានការនឿយហត់នោះដែរ៕
-------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ