របប​ក្រុង​ភ្នំពេញ ថា​សហភាព​អ៊ឺរ៉ុប​ការពារ​ក្រុម​ជ្រុល​និយម​កម្ពុជា

សេនាធិការនៃរដ្ឋាភិបាលកម្ពុជា ប្រចាំនៅរាជធានី ព្រុយហ្សែល ប្រទេសប៊ែលហ្សិក បានហៅដំណោះស្រាយ របស់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ថាធ្វើឡើងដោយផ្អែកលើការអះអាងមិនពិត និងមិនស្មោះត្រង់ ពីក្រុមជ្រុលនិយមកម្ពុជា ដែលការពារដោយសហភាពអ៊ឺរ៉ុប។
របប​ក្រុង​ភ្នំពេញ ថា​សហភាព​អ៊ឺរ៉ុប​ការពារ​ក្រុម​ជ្រុល​និយម​កម្ពុជា
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញពីសភាឯកបក្ស នីតិកាលទី៦ និងសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរិ៍ ប្រទេសបារាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 15, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណោះស្រាយ​១៣ចំណុច របស់សភាអ៊ឺរ៉ុប ដែលត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ដោយក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទទួលរងប្រតិកម្មខ្លាំងៗ ពីសំណាក់ស្ថានបេសកកម្ម នៃកម្ពុជា ប្រចាំនៅសហភាពអ៊ឺរ៉ុប ដោយហៅសេចក្ដីសម្រេចមួយនេះ ថាធ្វើឡើង ដោយយោងតាមសំដី និងតាមការចង្អុលបង្ហាញ របស់លោក សម រង្ស៊ី តែម្នាក់។

សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរិ៍ (ប្រទេសបារាំង) បានអនុម័ត្រនូវសេចក្ដីសម្រេច ជា​«ដំណោះស្រាយ»​មួយលេខ «​P8_TA(2018)0346» ដើម្បីអំពាវនាវ (បើនិយាយតាមភាសាការទូត) តែមានអត្ថន័យ ជាការដាក់កំហិត (បើនិយាយក្នុងភាសាសាមញ្ញ) ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីប្ដូរនយោបាយ ឲ្យងាកមករកមាគ៌ាដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យវិញ។

នៅក្នុងសម័យប្រជុំពេញអង្គ របស់ស្ថាប័នអ៊ឺរ៉ុប សម្រាប់ការធ្វើច្បាប់ទម្លាប់មួយនេះ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ក៏បានឡើងថ្លែង ដោយតម្លើងសម្លេងខ្លាំងៗ និងសង្កត់ធ្ងន់ ពី​វិធានការដាក់ទណ្ឌកម្មជាច្រើន​ ប្រឆាំងរបបដឹកនាំ របស់លោក ហ៊ុន សែន ដែរ ប្រសិនណា ជាស្ថានការណ៍នយោបាយ ក្នុងប្រទេស​កម្ពុជា មិនមានភាពល្អប្រសើរ ឡើងវិញទេនោះ។

ប៉ុន្តែសម្រាប់ ស្ថានបេសកកម្មនៃកម្ពុជា ប្រចាំសហភាពអ៊ឺរ៉ុប ដែលមានទីស្នាក់ការ ក្នុងស្ថានទូតកម្ពុជា នៅរាជធានីព្រុយហ្សែល (ប្រទេស​ប៊ែលហ្សិក) មិនបានយល់ឃើញដូច្នេះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ចេញក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលមកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃបន្ទាប់ បានសរសេរការពាររដ្ឋាភិបាលលោក ហ៊ុន សែន ថាបានឲ្យតម្លៃ កិច្ចពិភាក្សាដេញដោល តាមបែបប្រជាធិបតេយ្យ ដូចដែលតួអង្គជាតិទាំងឡាយ កំពុងធ្វើក្នុងពេលនេះ។

សេចក្ដីថ្លែងការណ៍បានសរសេរថា៖ «ប៉ុន្តែ គួរឲ្យសោកស្ដាយ គំនិតប្រជាធិបតេយ្យតាមបែបកម្ពុជា មិនត្រូវបានផ្ដល់តម្លៃ និងទទួលយកឡើយ ដោយបណ្ដាប្រទេស​ លោកខាងលិចភាគច្រើន»។

សេនាធិការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានបរិហារស្ថាប័ននីតិបញ្ញត្តិ នៃសហភាពអ៊ឺរ៉ុប ថាបានបិទភ្នែក ធ្វើមិនដឹងមិនឮ ចំពោះការផ្ដល់ហិរញ្ញវត្ថុ និងការណែនាំ ពីសំណាក់ប្រទេសមហាអំណាច ដើម្បីឲ្យគណបក្សនយោបាយមួយ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

អត្ថបទបានវាយបក ទៅស្ថាប័នទាំងឡាយ នៃសហភាពអ៊ឺរ៉ុបថា៖ «ដូចដែលបានរំពឹងទុក សេចក្ដីសម្រេចរបស់​សភាអ៊ឺរ៉ុប ដែលត្រូវបានអនុម័តនៅថ្ងៃនេះ ផ្អែកទៅលើការអះអាង មិនពិត និងមិនស្មោះត្រង់ ពីក្រុមជ្រុលនិយមកម្ពុជា ដែលការពារដោយសហភាពអ៊ឺរ៉ុប និងផ្អែកលើរបាយការណ៍លំអៀងទាំងឡាយ របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលមានរបៀបវារៈនយោបាយ»៕

» អានខ្លឹមសារទាំងស្រុង នៃប្រតិកម្មរបស់ស្ថានបេសកកម្ម នៃកម្ពុជា ប្រចាំនៅសហភាពអ៊ឺរ៉ុប ដូចខាងក្រោម៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...