សម រង្ស៊ី៖ «អសនៈកម្ពុជានៅ អ.ស.ប [គួរ]ត្រូវដាក់ឲ្យនៅទំនេរ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 16, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅយប់ថ្ងៃសៅរ៍ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានរំលឹកឡើងវិញ អំពីបំណងរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបមួយចំនួន ដែលចង់ស្នើទៅសហគមន៍អន្តរជាតិ ឲ្យទុកអសនៈនៃប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យនៅទំនេរ។ ប៉ុន្តែបំណងខាងលើ មិនត្រូវបានបញ្ចូល នៅក្នុង ដំណោះស្រាយ ដែលទទួលបានការអនុម័តជាឯកច្ឆ័ន្ទ ដោយសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញានោះទេ។
បំណងរបស់ក្រុមអ្នកតំណាងរាស្ត្រ សភាអ៊ឺរ៉ុប មួយក្រុមនោះ ត្រូវបានលើកឡើង នៅក្នុងញត្តិស្នើដំណោះស្រាយ លេខ «B8-0377/2018» នៅត្រង់ចំណុចទី១០ ដោយមានខ្លឹមសារជាអាទិ៍ថា៖ «សភាអ៊ឺរ៉ុប ទទូចឲ្យរដ្ឋាភិបាល នៃបណ្ដាប្រទេសជាសមាជិក របស់សហភាពអឺរ៉ុបទាំងអស់ ចោទជាសំនួរឡើង ពីអសនៈរបស់កម្ពុជា នៅឯអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល មិនស្របច្បាប់ តាមរយៈការបោះឆ្នោតមួយ ដែលគ្មានភាពយុត្ដិធម៌ និងពហុបក្ស»។
យោបល់ ដែលនាំឲ្យក្រុមសមាជិកសភាអ៊ឺរ៉ុបខាងលើ លើកជាញត្តិស្នើដំណោះស្រាយ នៅត្រង់ចំណុចនេះឡើង ត្រូវបានអតីតប្រធានគណបក្សសង្គ្រោះជាតិ ពន្យល់ជាលក្ខណៈដំណឹងខ្លីៗ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ដោយសារតែការបោះឆ្នោតចុងក្រោយនេះនៅកម្ពុជា មិនស្របច្បាប់ ហើយជាការបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរទាំងស្រុង ដែលជាទង្វើមួយសហគមន៍អន្តរជាតិ មិនអាចទទួលយកបាន រដ្ឋសភានិងរដ្ឋាភិបាល ដែលទើបតែបង្កើតថ្មី នៅទីក្រុងភ្នំពេញ ក៏មិនស្របច្បាប់ដែរ»។
លោក សម រង្ស៊ី បន្តពន្យល់ទៀតថា៖ «ដូច្នេះ ក្នុងការរង់ចាំការបោះឆ្នោតឡើងវិញ ដែលនឹងមានគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ និងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតឡើងវិញនោះ សហគមន៍អន្តរជាតិ ត្រូវតែទុកអសនៈប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ មានន័យថា ត្រូវបណ្តេញតំណាងរបប ហ៊ុន សែន មិនឲ្យអង្គុយអសនៈនេះទៀត»។
សម្រាប់អ្នកច្បាប់វិញ បានសម្លឹងមើលឃើញថា យុទ្ធនាការចង់ដាក់អសនៈកម្ពុជា នៅអ.ស.ប ឲ្យនៅទំនេរ មិនអាចធ្វើទៅរួចទេ ដោយហេតុថា របបលោក ហ៊ុន សែន មានចិនជាជន្ទល់ដ៏រឹងមាំ ហើយប្រទេសចិន នឹងប្រើសិទ្ធិ «VETO» របស់ខ្លួន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃអ.ស.ប ដើម្បីជំទាស់ការទាមទារនេះ។ មួយសម្លេងរបស់ចិន គ្រប់គ្រាន់នឹងខ្ទប់ មិនឲ្យការប៉ុនប៉ងនេះ អាចធ្វើទៅរួច។
ដោយទំនងជាហេតុនេះហើយ ទើបចំណុចខាងលើ មិនត្រូវបានដាក់បញ្ចូល ក្នុងដំណោះស្រាយចុងក្រោយ ដែលត្រូវបានសភាអ៊ឺរ៉ុបអនុម័ត។ ហើយនេះ គេនៅមិនទាន់និយាយ ដល់សមាជិកអចិន្ត្រៃយ៍មួយទៀត គឺប្រទេសរ៉ូស្ស៊ី ដែលអាចនឹងប្រើសិទ្ធិ «VETO» ដូចគ្នា ដើម្បីគាំទ្រឲ្យរបបលោក ហ៊ុន សែន នៅបន្តអង្គុយនៅលើអសនៈ ដោយមិនព្រួយបារម្ភអ្វីទាំងអស់ នោះផងទេ៕