ចំណាប់អារម្មណ៍ ជុំវិញជម្លោះរវាង ព្រាប សុវត្តិ និង ខេមរៈ សេរីមន្ត
ជម្លោះរវាង លោក ព្រាប សុវត្តិ តារាចំរៀងដ៏ល្បី ប្រចាំផលិតកម្មហង្សមាស ដែលទទួលបានការគាំទ្រពីទស្សនិក ជាង១៥ឆ្នាំ និងលោក ខេមរៈ សេរីមន្ត តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ធ្វើអោយមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកតាមដានពិភពសិល្បៈ។
ខាងឆ្វេង តារាចម្រៀង ខេមរៈ សេរីមន្ត និងតារាចម្រៀង ព្រាប សុវត្តិ។ (រូបថតហ្វេសប៊ុក)
តារា - តាមពិតទៅ យុវវ័យ និងប្រជាជនជាច្រើន មិនសូវជាចាប់អារម្មណ៍ លើជម្លោះនយោបាយ រវាងគណបក្សជាប់ឆ្នោតទាំងពីរប៉ុន្មានទេ ព្រោះថាគណបក្សទាំងពីរ កំពុងចង់ប្តឹងផ្តល់គ្នាទៅវិញទៅមក និងពិបាករកផ្លូវដោះស្រាយ ហើយវាបានក្លាយជាជាទម្លាប់ដ៏អាក្រក់ដដែលៗ របស់អ្នកនយោបាយ។ តែពួកគេបែរជាចាប់អារម្មណ៍ច្រើនជាង នឹងជម្លោះរវាងតារាចម្រៀងប្រុសពីរនាក់ គឺលោក ព្រាប សុវត្តិ និង លោក ខេមរៈ សេរីមន្ត។
ជម្លោះតារាទាំងពីរ កើតចេញពីការរចនាដាក់រូប នៅលើផ្ទាំប៉ាណូផ្សាយពាណិជ្ជកម្ម ដាក់រូបតារាចម្រៀង ខេមរៈ សេរីមន្ត នៅពីលើ និងធំជាងលោក ព្រាប សុវត្តិ នៃការប្រគុំតន្រ្តីរបស់ក្រុមហ៊ុនស្មាត រហូតមានការប្តឹងឱ្យបញ្ឈប់ភ្លាមៗ ហើយត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកជាច្រើន ចាប់អារម្មណ៍ យកមកធ្វើការចុះផ្សាយ។
ទស្សនិកខ្លះបានលើកឡើងថា ការមិនរចនាដាក់រូបលោក ព្រាប សុវត្តិ ឲ្យធំជាងតារាស្រករក្រោយ ឬតូចជាងនោះ ជារឿងខុសឆ្គងមួយ របស់អ្នកគ្រប់គ្រងកម្មវិធី ចំណែកឯលោក ព្រាប សុវត្ថិ អន់ចិត្តថា ម៉េចក៏ដាក់រូបលោកតូចជាង ខេមរៈ សេរីមន្ត ព្រោះខ្លួនល្បីជាង។ ទស្សនិកជនមួយចំនួន ក៏រិះគន់ដែរថា គ្រាន់តែការដាក់រូបធំតួចជាងគ្នា ក៏បង្កជាការប្តឹងផ្តល់ដែរ។ ប្រិយមិត្តមួយរូប ដែលចាប់អារម្មណ៍រឿងជម្លោះ រវាងអ្នកទាំងពីរនេះ បានបញ្ចេញមតិដែរថា «ម៉េចក៏មិនដាក់រូបអោយប៉ុនគ្នាទៅ តើវាចង្រៃអី? បើ ខេមរះ សិរិមន្ត ជាតួ តើចាំបាច់ហៅ ព្រាប សុវត្ថិ ទៅច្រៀងរកងាប់អី នាំតែមានជម្លោះអត់ប្រយោជន៌?» ។
លោក ព្រាប សុវត្ថិ ជាតារាចម្រៀងកំពូលរបស់កម្ពុជា ដែលឈរតំណែងជួរមុខ ប្រមាណជា១៥ឆ្នាំជាប់ៗគ្នា។ តារាចម្រៀងរូបនេះ តែងធ្លាប់ធ្វើជាតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍នានា ទាំងថ្នាក់ ជាតិ និងអន្តរជាតិ។ រីឯលោក ខេមរៈ សិរីមន្ត វិញ បើទោះបីជាលោក ចូលប្រឡូកក្នុងវិស៏យសិល្បៈក្រោយលោក ព្រាប សុវត្តិ យ៉ាងណាក្តី តែភាពល្បីល្បាញរបស់លោក ក៏មិនអន់ជាងលោក ព្រាប សុវត្តិ ប៉ុន្មានដែរ ជាពិសេសភាពល្បីល្បាញ ក្នុងស្រទាប់យុវវ័យ។ កាលពីឆ្នាំកន្លងទៅ តារាទាំងពីរដួងនេះក៏ធ្លាប់ទៅសម្តែងរួមគ្នា នៅប្រទេសថៃផងដែរ។
កាលពីថ្ងៃទី២៩ មីនា ការប្រគំតន្ត្រីដ៏ធំមួយ នៅខេត្តស្ទឹងត្រែងត្រូវបានបិទភ្លាមៗ ដោយសារតែតារាចម្រៀងលំដាប់កំពូល លោក ព្រាប សុវត្ថិ បានប្តឹងទៅកាន់ប៉េអឹមខេត្តស្ទឹងត្រែង ដោយសារតែតារាចម្រៀងរូបនេះខឹងសម្បា ទៅនឹងអ្នកគ្រប់គ្រងកម្មវិធី រចនារូបនៅផ្ទាំងផ្សាយពាណិជ្ជកម្មដាក់រូបតារាចម្រៀង ខេមរៈ សេរីមន្ត នៅពីលើ និងធំជាងខ្លួន។ ដោយឡែក ក្រុមហ៊ុនស្មាត ក៏មានហេតុផលរបស់គេដែរ ព្រោះ ខេមរៈ សេរីមន្ត ជាអង្គទូតប្រចាំយីហោ (Brand Ambassador) របស់ខ្លួន៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៨ មេសា ២០១៤