ពលករខ្មែរនឹងត្រឡប់ទៅធ្វើការនៅថៃវិញ បើមានលិខិតស្នាមត្រឹមត្រូវ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមកទល់នឹងថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាម្សិលម៉ិញនេះ ចំនួនកម្មករខ្មែរ ដែលថៃបានធ្វើនិរទេសមកកម្ពុជាវិញ មានចំនួនសរុបប្រមាណ ជាង២២ម៉ឺននាក់។ ពីចំណោមប្រជាពលករខ្មែរទាំងនោះ បានរៀបរាប់ថា ពួកគេខ្លះនៅបន្តធ្វើការក្នុងប្រទេសថៃ ខ្លះត្រូវបានថៃចាប់បង្ខំឲ្យចាកចេញ និងខ្លះទៀតបានរត់ភៀសចូលព្រៃ។
ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)
ពលករកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចិន ស៊ីនហ៊ួ លោក ពេជ្រ វណ្ណា ប្រធានការិយាល័យកិច្ចការទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានលើកឡើងថាមកទល់នឹងថ្ងៃ១៩ ខែមិថុនាម្សិលម៉ិញនេះ មានកម្មករចំណាកស្រុកកម្ពុជា ប្រហែល២២៥.០០០នាក់ ភាគច្រើនខុសច្បាប់ បានធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។ លោកបាននិយាយថា៖ «កម្មករប្រមាណជា ៥០០០នាក់ ត្រូវបានគេបញ្ជូនពីប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍)។»
គេបានធ្វើការប៉ាន់ប្រមាណថា ពលករកម្ពុជា ជាងសែសិបម៉ឺននាក់ ត្រូវបានធ្វើការនៅក្នុងប្រទេសថៃ មុនពេលដែលប្រទេសមួយនេះ បានធ្វើការជម្លៀសចេញមកកម្ពុជាវិញ។ ពលករខ្មែរបានចាកចេញពីថៃមកកម្ពុជាវិញ ជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំប្រទេសមួយនេះបានប្រកាស និងព្រមានថា កម្មករបរទេសដែលខុសច្បាប់ទាំងអស់ អាចប្រឈមមុខនឹងការចាប់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៧ ខែមិថុនា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានការខកចិត្ត ចំពោះរបបយោធាថៃ ដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញយ៉ាងតក់ក្រហល់ ដោយមិនបានជូនដំណឹង និងសហការជាមួយរដ្ឋាភិបាលកម្ពុជា ហើយករណីនេះ ភាគីថៃ ត្រូវតែទទួលខុសត្រូវ។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃក្នុងថ្ងៃទី១៧ ខែមិថុនានេះដែរ ក៏បានជួបជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ ធ្វើការពិភាក្សាលើមូលហេតុភាគីថៃ សម្រេចបញ្ជូនពលករខ្មែររាប់ម៉ឺននាក់ ត្រឡប់មកកម្ពុជាវិញ។ ករណីនេះ ត្រូវបានភាគីថៃបញ្ជាក់មកវិញថា ថៃមិនមានគោលការណ៍ ឬផែនការណ៍ណាមួយ បណ្ដេញពលករខ្មែរនោះទេ។ តែភាគីថៃក៏បានបញ្ជាក់បន្ថែមថា ថៃចង់ឲ្យពលករខ្មែរ«ខុស»ច្បាប់ទាំងអស់ក្លាយជាពលករ«ស្រប»ច្បាប់វិញ ជៀសវាងការកេងប្រវ័ញ្ច ការជួញដូរកម្លាំងពលកម្ម។ ហើយភាគីថៃក៏បានស្នើសុំឲ្យពលករខ្មែរ ដែលថៃចាប់បញ្ជូនមកកម្ពុជាវិញនោះ បើចង់ត្រឡប់ទៅធ្វើការនៅថៃវិញ ត្រូវរៀបចំឯកសារស្របច្បាប់ជាមុន។
កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ក៏បានធ្វើការថ្គោលទោស ទៅលើរបបគ្រប់គ្រងដោយយោធានៃប្រទេសថៃ ក្នុងការបញ្ជូនពលករកម្ពុជា តាមរថយន្តប៉ូលីសដោយចាក់សោរ តាមរថយន្តទ្រុងខ្ពស់ៗ ដោយដឹកយកមកចាក់ចោល នៅច្រកព្រំដែនកម្ពុជា-ថៃដូវសត្វធាតុ។ គណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា បានបញ្ជាក់ទៀតថា៖ «អំពើអមនុស្សធម៌នេះ ត្រូវបានរំលោភបំពានលើសិទ្ធិមនុស្ស»។
ដោយឡែកប្រធានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យលោក កែ គឹមយ៉ាន និងអតីតអគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ ក៏ធ្លាប់លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ប្រមាណប្រាំលានដុល្លារអាមេរិករួចទៅហើយ ក្នុងការដឹកជញ្ជូន ម្ហូបអាហារ និងការថែទាំវេជ្ជសាស្រ្ត សម្រាប់ការត្រឡប់មកវិញនូវកម្មករទាំងនោះ។ លោកក៏បានបញ្ជាក់ផងដែរថា កម្មករដែលត្រូវបានរដ្ឋាភិបាលយោធាថៃ ដឹកមកទំលាក់ចោលនៅព្រំដែកកម្ពុជាថៃ ច្រកអន្តរជាតិប៉ោយប៉ែតនេះ ត្រូវបានរថយន្តយោធា និងរថយន្តក្រុងមួយចំនួន ដឹកបញ្ជូនពួកគាត់ត្រឡប់ទោផ្ទះវិញដោយមិនគិតថ្លៃ។
សម្រាប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ពីបញ្ហានៃការចាប់បញ្ជូនពលករខ្មែរយ៉ាងគំហុក មកកម្ពុជាវិញនេះថា រដ្ឋាភិបាលយោធាថៃ មិនបានគោរពសិទ្ធិមនុស្សទេ ក្នុងការចាប់បញ្ជូនពលករខ្មែរ ដោយគ្មានក្រមសីលធម៌ ដោយការសម្លុត ការគំរាម ការកំហែង ក្នុងបំណងបំបាក់ស្មារតីនោះ។
សូមរំលឹកថាចាប់ពីថ្ងៃទី០៦ មកដល់ថ្ងៃទី១៩ ខែមិថុនានេះ ពលករខ្មែរដែលរដ្ឋាភិបាលយោធាថៃ ដឹកមកទម្លាក់ចោលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ មានចំនួនជាងម្ភៃពីរម៉ឺននាក់។ ចំនួននេះ នឹងអាចកើនឡើងជាបន្តបន្ទាប់ សម្រាប់ថ្ងៃខាងមុខ។ ដោយឡែកសម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ប្រជាពលករខ្មែរដែលថៃជម្លៀសមកកាន់កម្ពុជា មានចំនួនសរុប៤០៧២នាក់ ក្នុងនោះមានស្ត្រីចំនួន១៣៨៥នាក់ និងកុមារចំនួន២២៩នាក់៕