អ្នកវិភាគ៖ បដិសេធសំណើរអាមេរិក ឬប្រទេសកម្ពុជាស្ថិតនៅឯកោ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងពេលចុងក្រោយគេបំផុតនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃឃើល ផស្ន័រ (Michael Posner) បានលើកជាពិសេស ករណី លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ដោយចង់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការដោះស្រាយលើបញ្ហានេះ ដើម្បីធានាបាននូវសិទ្ធិស្មើភាព ក្នុងការធ្វើនយោបាយ និងការបញ្ចេញមតិ សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ក្នុងខែកក្កដាខាងមុខ។
សម្រាប់រដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ ជាអ្នកទោសឧក្រិដ្ឋ។ រូបភាពកាត់ត។
ប៉ុន្តែជាអវិជ្ជមាន សំណើរនេះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជា ទទួលយកមកពិចារណាទេ និងបានបដិសេធចោលភ្លាមៗ។ ការជជែកពិភាក្សាទាំងឡាយ ត្រូវជាប់គាំង ដោះស្រាយមិនរួចនោះ ដោយសារតែគោលការណ៍មួយចំនួន ដែលកម្ពុជាបានប្រកាន់យក៖ «កម្ពុជា មានអធិបតេយ្យរបសខ្លួន» ឬក៏«និតិរដ្ឋ មិនត្រូវជ្រៀតជ្រែក ចូលកិច្ចការតុលាការ» នោះជាដើម។ ជំហររបស់រដ្ឋាភិបាលកម្ពុជានេះ ត្រូវបានក្រុមអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង បង្ហាញពីការព្រួយបារម្ភ ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជាអាចឈានទៅមានជម្លោះ ជាមួយសហគមន៍អន្តរជាតិនោះផងទៀត។
សេចក្ដីព្រួយបារម្ភនេះ ត្រូវបានអះអាងជាពិសេស ដោយអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ ដោយបានលើកឡើងថា រាល់ការបដិសេធរបស់កម្ពុជា ចំពោះសំណើរសហរដ្ឋអាមេរិកនោះ អាចប៉ះពាល់ដល់ទំនាក់ទំនងការទូត ព្រោះអាមេរិក ជាប្រទេសមួយ ដែលសហការជាមួយប្រទេសផ្សេងទៀត ក្នុងពិភពលោក ដែលគោរពសិទ្ធិមនុស្ស។
សម្រាប់លោក កែម ឡី វាជារឿងដែល «គួរពិចារណា»បាន។ អ្នកវិភាគរូបនេះ បានបញ្ជាក់ថា បើសិនជាកម្ពុជាមិនចង់ស្ថិតក្នុងភាពឯកកោ ឬដើរទៅរកទស្សវត្យឆ្នាំប៉ែតសិបវិញនោះ នឹងមិនពិបាកធ្វើការពិចារណាទេ។ «ខាងសហគមអ៊ឺរ៉ុបយល់ថា បញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរ (...) ទើបគេតែងតែលើកយកបញ្ហានេះ មកធ្វើការពិភាគ្សា និងដោះស្រាយ។ តែបើជារឿងឧក្រិដ្ឋកម្ម រឿងព្រហ្មទណ្ឌវិញ ខាងសហគមន៍អ៊ឺរ៉ុប មិនត្រឹមតែមិនហ៊ានលូកដៃរចូលទេ អាចទាមទាឲ្យរដ្ឋាភិបាល បន្ថែមការកាត់ទោសទៅទៀតផង។»
សម្រាប់ដំណើរឈានទៅមុខ នៃប្រទេស «រាជរដ្ឋាភិបាលគួតែប្តូរជំហរ។ ជំហរនេះ មិនមែនជំហរសម្រាប់តែរដ្ឋាភិបាលទេ (តែ)ជាជំហរសម្រាប់ប្រទេសជាតិទាំងមូល ជំហរសម្រាប់សេដ្ឋកិច្ចខ្មែរ ជំហរសម្រាប់ប្រជាជនក្រីក្រ។ កាលណាផ្លាស់ប្តូរជំហរ វាផ្លាស់ប្តូរនូវបរិយាកាសនយោបាយ វាអាចឈានទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ច។» នេះជាការយល់ឃើញ របស់លោក កែម ឡី។
ផ្ទុយទៅវិញ អ្នកវិភាគម្នាក់ទៀត មកពីសកលវិទ្យាល័យខេមរៈ លោក សុខ ទូច បានចាត់ទុកសំណើរបស់សហរដ្ឋអាមេរិកនេះ ថាមិនអាចឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលយកបានទេ ព្រោះកម្ពុជាមាន«អធិបតេយ្យ»របស់ខ្លួន។ លោកបញ្ជាក់ថា បើរាល់ករណី កម្ពុជាត្រូវបានដោះស្រាយ ដោយអន្តរជាតិនោះ វានឹងនាំឲ្យប្រជាជនកម្ពុជា អស់ជំនឿលើអ្នកនយោបាយខ្មែរ។ ប៉ុន្តែលោកមានសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមានការសម្របសម្រួល នយោបាយណាមួយរវាងកម្ពុជា ជាមួយអាមេរិក និងសហគមអឺរ៉ុប។ «ការស្នើរបស់អាមេរិកនេះ ដោយសារការបោះឆ្នោត ជិតឈានចូលមកដល់ ហើយអាមេរិកចង់អោយកម្ពុជា (...) គ្រប់និន្នាការនយោបាយទាំងអស់ និងមានសមធម៌ ក្នុងការបោះឆ្នោតនៅកម្ពុជា»។
ឯនាយកប្រតិប័ត្តិអង្គការ ខុមហ្រ្វែល លោក គល់ បញ្ញា ក៏បានយល់ស្របដែរថា រដ្ឋាភិបាលគួយកចិត្តទុកដាក់ ដើម្បីឲ្យមានអ្នកនយោបាយសំខាន់ៗ បានចូលរួមប្រកួតប្រជែងពេញលេញ។«នៅប្រទេសប្រជាធិបតេយ្យ គេយកចិត្តទុកដាក់ ចំពោះអ្នកចូលរូមក្នុងការបោះឆ្នោត ដោយពេញលេញ និងដោយសេរីនេះ»។ លោកអះអាងថា សហគមន៍អន្តរជាតិ កំពុងតាមឃ្លាំមើល ពីស្ថានការណ៍នៃអ្នកនយោបាយ ដែលត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ដែលករណីខ្លះពាក់ព័ន្ធនឹង«នយោបាយ»។
និយាយទាក់ទងដល់ប្រព័ន្ធតុលាការ សកម្មជនលេចធ្លោពូកែខាងវោហាស័ព្ទ និងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បន្ថែមថា សហគមន៍អន្តរជាតិ «ពិត»ជាបានដឹង ពីប្រព័ន្ធតុលាការកម្ពុជា។ បើកម្ពុជានៅតែឈរលើជំហរនេះ អាចធ្វើឲ្យប្រទេសនេះ ជៀសមិនផុតពីការដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិនោះទេ ហើយត្រូវស្ថិតនៅ ក្នុងភាពឯកកោមួយ គួរអោយបារម្ភ។
ក្នុងដំណើរបំពេញទស្សនៈកិច្ចនៅកម្ពុជា ក្នុងពេលកន្លងមក ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសធំៗ ដូចជា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន និងនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ម៉ាក អៃរូល៍ (Jean-Marc Ayrault) សុទ្ធតែធ្លាប់បានលើកឡើងដូចគ្នា ពីរាល់ករណីទាំងនេះ ទៅកាន់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ។ តែជាចម្លើយតបមកវិញ មេដឹកនាំកម្ពុជាចាត់ទុកថា ជារឿងរបស់តុលាការ ដែលកម្ពុជាកំពុងតែពង្រឹង មូលដ្ឋានគ្រឹះ នៃនិតិរដ្ឋរបស់ខ្លួន។
សូមរំលឹកថា ក្នុងការវាយប្រហារចំៗកន្លងមក ទៅលើលោក ស៊ូប៊ែឌី តំណាងពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈថា«គ្មានបុគ្គលណាម្នាក់ ឬប្រទេសណាមួយ មកធ្វើជាចៅហ្វាយរបស់កម្ពុជានោះទេ ដរាបណារូបលោក នៅឈរជានាយករដ្ឋមន្ត្រី ហើយអ្វីដែលកម្ពុជាកំពុងតែធ្វើនេះ ដោយផ្អែកទៅតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិភាគបាននិយាយដូចគ្នាថា ចំពោះបញ្ហាលោកម៉ម សូណង់ដូ និងលោក សមរង្សី វាជារឿងនយោបាយ ដូច្នេះវាអាចមានការប្រែប្រួលភ្លាមៗ នៅថ្ងៃខាងមុខ។ សហគមន៍អន្តរជាតិ អាចនឹងរិះគន់ មកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រសិនបើការបោះឆ្នោតតំណាងរាស្រ្ត ដែលនឹងត្រូវធ្វើឡើងនាខែកក្កដា ឆ្នាំ២០១៣ ខាងមុខ មិនមានការចូលរួម ពីមេដឹកនាំគណបក្សប្រឆាំង ដ៏សំខានជាងគេរបស់ប្រទេសនោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ