អគ្គិភ័យឆេះសណ្ឋាគារ«ឈូកទិព្វ»ម្សិលម៉ិញ ដោយសារ«ទុស្សេខ្សែរភ្លើង»
សណ្ឋាគារ និងភោជនីដ្ឋាន «ឈូកទិព្វ» ត្រូវបានអគ្គីឆាបឆេះ កាលពីម្សិលម៉ិញ នៅជាន់ទី៧។ នៅក្នុងពេលភ្លាមៗ មិនទាន់មានអ្នកណាម្នាក់ អាចបញ្ជាក់ ឬបង្ហាញពីចំនុចសង្ស័យ ទាក់ទងនឹងមូលហេតុ នៃការឆាបឆេះនេះទេ។ រហូតមកដល់ពេលអគ្គីភ័យ ត្រូវបានពន្លត់១០០ភាគរយ ទើបលោកប្រធានផ្នែកគ្រប់គ្រង នៅទីនោះបានឲ្យដឹងថា មូលហេតុដោយសារ «ទុស្សេខ្សែរភ្លើង»។
ប្រធានផ្នែកគ្រប់គ្រង នៃសណ្ឋាគារ និងភោជនីយដ្ឋាន «ឈូកទិព្វ» លោក លី កាំង បានថ្លែងពីមូលហេតុឆេះនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលា ម៉ោង៤ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា មកពីបញ្ហាទុស្សេខ្សែរភ្លើង មិនមានហេតុផលផ្សេងនោះទេ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា អគ្គិភ័យ មិនបានបង្កការខូចខាត ឲ្យធ្ងន់ធ្ងរប៉ុន្មានឡើយ ព្រោះភ្លើងបានឆាបឆេះ តែសម្លៀកបំពាក់ របស់បុគ្គលិក ដែលស្នាក់នៅជាន់ទី៧ មួយចំនួន ចំណែកឯបន្ទប់សណ្ឋាគារ និងភោជនីយដ្ឋាន មិនបានប៉ះពាល់ខ្លាំងនោះទេ។
លោក លី កាំង ថែមទាំងបានអំពាវនាវ ដល់បណ្តាញផ្សព្វផ្សាយទាំងអស់ ឲ្យជ្រាប នៅក្នុងចំណុចទី២ ដែលលោកបានលើកឡើង នាសន្និសីទនោះថា មេត្តាផ្តល់ព័ត៌មានណាមួយដែលពិត ព្រោះលោកមិនចង់ឲ្យអតិថិជន ដែលធ្លាប់ស្នាក់នៅ សណ្ឋាគាររបស់លោក អស់ទំនុកចិត្ត ព្រោះលឺព័ត៌មានថា មានអគ្គីភ័យឆាបឆេះបន្ទប់នោះទេ។ ឆ្លៀតឱកាសនេះដែរ អ្នកគ្រប់គ្រងខាងលើ បានធ្វើការថ្លែងអំណរគុណទៅកាន់ អង្គភាពពន្លត់អគ្គីភ័យ ដែលបានសហការជួយពន្លត់អគ្គិភ័យ ទោះជាក្នុងពេលកើតហេតុ លោកបារម្ភខ្លាំង បាននិយាយប៉ះពាល់ខ្លះៗ ក៏ដោយ។
លោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវម្នាក់ របស់អង្គភាពពន្លត់អគ្គីភ័យ ក៏បានឆ្លើយតបក្នុងសន្និសីទនោះ ជាមួយបណ្តាអ្នកសារព័ត៌មានដែរថា លោកមិនមានការអាក់អន់ចិត្ត អ្វីនោះទេ ព្រោះនៅពេលមានអាសន្ន មិនថាអ្នកណាទេ តែតែភ័យចង់ឲ្យតែ ការអនុវត្តន៍នោះ បានឆាប់ នឹងអាលឆាប់ផុតភ័យ។ តែលោកក៏បានបញ្ជាក់ដែរថា ខាងក្រុមកាងារ របស់អង្គភាពពន្លត់អគ្គីភ័យ ពិតជាត្រូវការសិក្សាមែន នៅមុនពេលពន្លត់ ព្រោះថា ត្រូវជួយពីចំនុចណា ឲ្យបានមុន។ ម្យ៉ាងទៀត លោកបានឲ្យដឹងថា ឡានទឹកនៅកម្ពុជាមិនទាន់ទំនើប ដែលអាចបាញ់ទឹក បានចម្ងាយឆ្ងាយ និងកម្ពស់ខ្ពស់នោះទេ តែក្រុមការងារអង្គភាពពន្លត់អគ្គីភ័យ នៅតែព្យាយាម ឲ្យអស់ពីលទ្ធភាព ក្នុងការសង្គ្រោះ៕