អ៊ឺរ៉ូ២០១២៖ ក្រូអាស៊ី ផ្ដួលអ៊ៀឡង់ ៣-១ ខណៈអេស្ប៉ាញ និងអ៊ីតាលី បែរខ្នងដាក់គ្នា
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 11, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាប្រកួតជុំជំរុះ នៃក្រុមC ក្នុងវគ្គទីមួយ បានបញ្ចប់ទៅហើយ។ ក្រុមកីឡាករបាល់ទាត់ របស់ប្រទេសក្រូអាស៊ី បានសម្ដែង មហិទ្ធិរិទ្ធ ដ៏អស្ចារ្យរបស់ខ្លួន ដោយបានផ្ដួលគូប្រជែង មកពីប្រទេសអ៊ៀឡង់ ជាមួយនឹងពិន្ទុ ៣-១។ ក្រូអាស៊ីបានឡើងជា អ្នកមានពិន្ទុច្រើនជាងគេ នៅក្នុងក្រុមCនេះ លើក្រុមជំរើសជាតិរបស់ អេស្ប៉ាញ និងអ៊ឺតាលី ដែលគេទាំងពីរប្រកួតគ្នា បាន ពិន្ទុត្រឹមតែស្មើគ្នាប៉ុណ្ណោះ។
ក្នុងការប្រកួតរវាងអេស្ប៉ាញ និងអ៊ីតាលី អ្នកតាមដានបាល់ទាត់ កំពុងតែសំលឹងពីបញ្ហា ដែលមាននៅក្នុង ក្រុមជំរើសជាតិ របស់អេស្ប៉ាញ ដែលធ្លាប់ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប២០០៨ និងពានរង្វាន់ពិភពលោក២០១០។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើរបាយការណ៍ រួចហើយ ពីអវត្តមានរបស់កីឡាករខាងខ្សែរប្រយុទ្ធ របស់អេស្ប៉ាញពីរនាក់ គឺ កាលេស ប៉ុយ៉ូល (Carles Puyol) និងដាវិត វីឡា (David Villa) ដោយសារតែគេទាំងពីរ រងរបួសជើងជាទំងន់។ ដូច្នេះហើយ ទើបបានជាគេចោទសួរថា តើអេស្ប៉ាញអាចបំបាក់អ៊ីតាលី យ៉ាងដូចម្ដេចនឹងកើត បើគ្មានកីឡាករខ្សែរប្រយុទ្ធផង យ៉ាងដូចនេះ? ចម្លើយគឺ ច្បាស់ជា មិនអាចទេ! ជាក់ស្ដែង នៅក្នុងការប្រកួតនេះ អេស្ប៉ាញបានបណ្ដោយអោយ អ៊ីតាលី មានឱកាសបានស៊ុតបញ្ចូលទី បានមុន នៅនាទីទី ៦១ ដោយកីឡាករអ៊ីតាលី ឈ្មោះ ឌី ណាតាល់ (Di Natale)។ សំណាងល្អ សុបិន្ដរបស់ ក្រុមជំរើសជាតិអ៊ីតាលី មានថេរវេលាត្រឹមតែ ៣នាទីប៉ុណ្ណោះ ដោយកីឡាករ ហ្វាប្រេហ្គាស (Fàbregas) របស់អេស្ប៉ាញ បានទាត់បញ្ចូលទីរបស់ ខាងអ៊ីតាលីសងសឹកវិញ។
ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង អេស្ប៉ាញនិងអ៊ីតាលី / Crédit Photo: uefa.com
នៅក្រៅពីណ្នឹង គេឃើញតែកីឡាករអេស្ប៉ាញ ម្ចាស់ពានរង្វាន់ពីរដងជាប់គ្នានេះ ចេះតែបញ្ជូនបាល់ចុះឡើង មិនរកឱកាស ដើម្បីនឹង ស៊ុតបញ្ចូលទីរបស់គូប្រជែង អោយបានច្រើនទេ។ ផ្ទុយទៅវិញ អេស្ប៉ាញ បានរងគ្រោះជាញឹកញាប់ នូវការទាត់ បញ្ចូលទីជាច្រើនគ្រាប់ ប្រកបដោយគ្រោះថ្នាក់ របស់អ៊ីតាលី។ បាល់ទាំងប៉ុន្មានគ្រាប់នេះ ជាសំណាងល្អ សុទ្ធតែត្រូវអ្នកចាំទី អេស្ប៉ាញ អ៊ីកេ កាស៊ីឡាស (Iker Casillas) ជួយសង្រ្គោះបានទាំងអស់។ គ្រូបង្វឹបរបស់អេស្ប៉ាញ បានចេញមកការពារ ជំរើសដែលកីឡាកររបស់គាត់ មិនបានឡើងវាយសំរុកខ្លាំង ទៅលើគូប្រជែងនោះថា «សំខាន់គឺយើងត្រូវ គ្រប់គ្រងបាល់ អោយបានល្អ នៅផ្នែកកណ្ដាលទីលាន។ ហើយកីឡាកររបស់យើង ទាំងបី ហ្វាប្រេហ្គាស (Fabregas) ស៊ីលវា (Silva) និង អ៊ីនីអេស្តា (Iniesta) បានធ្វើសកម្មភាពច្រើនគួរសម ដែលអាចនឹងអោយគូប្រជែងភ័យបាន។»
ជាមួយនឹង១ពិន្ទុដែលអេស្ប៉ាញ និងអ៊ីតាលី ទទួលបានដូចគ្នាឥឡូវនេះ វានឹងធ្វើអោយក្រុមទាំងពីរ ជួបនឹងការពិបាកបន្តិច ព្រោះក្រុមជំរើសជាតិរបស់ប្រទេសក្រូអាស៊ី នៅក្នុងក្រុមCជាមួយគ្នា ទទួលបានរហូតដល់ទៅបីពិន្ទុ ដោយបានប្រកួតឈ្នះ ក្រុមបាល់ទាត់របស់ប្រទេសអ៊ៀឡង់។ អ្នកវិភាគខាងបាល់ទាត់ បាននិយាយថា ក្រូអាស៊ី បានផ្ដល់ជម្នួកចិត្តយ៉ាងខ្លាំង ដល់ អ្នកតាមដានក្រុមខ្លួន ដោយបានរៀបចំក្រឡាបាល់ទាត់មួយ ដ៏មានប្រសិទ្ធិភាព។ ខ្សែរការពារដ៏រឹងមាំ និងខ្សែរត្រៀមប្រយុទ្ធ នៅផ្នែកខាងមុខ ដ៏មានគ្រោះថ្នាក់របស់ក្រូអាស៊ី បានជួយអោយក្រុមខ្លួនផ្ដួល ក្រុមអ៊ៀឡង់ បានយ៉ាងងាយស្រួល (៣-១)។ គ្រាន់តែការប្រកួតបានចាប់ផ្ដើម តែ៣នាទីប៉ុណ្ណោះ ក្រូអាស៊ីបាន នាំមុខអ៊ៀឡង់ ដោយសារការទាត់បញ្ចូលទី របស់កីឡាករ ក្រូអាស៊ី ម៉ានហ្សូគិច (Mandžukić) ដែលរហ័សដូចជាផ្លេកបន្ទោរ។ អ៊ៀឡង់បានរកមួយគ្រាប់ត្រឡប់មកវិញ ដើម្បីដាក់ អោយបានស្មើ ជាមួយនឹងក្រូអាស៊ី នៅនាទីទី ១៩ ដោយកីឡាករ ស៉ាំង ឡេដហ្សេរ (St Ledger)។ តែជាអកុសល អ៊ៀឡង់ ត្រូវក្រូអាស៊ី ផ្ដួលជាថ្មីទៀត ងើបមុខលែងរួច នៅនាទីទី ៤៣ ដោយកីឡាករ ជេឡាវិច (Jelavić) និងនៅនាទីទី ៤៨ ដោយកីឡាករ ម៉ានហ្សូគិច (Mandžukić) ដដែល។
ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ក្រូអាស៊ីនិងអ៊ៀឡង់ / Crédit Photo: uefa.com
សូមបញ្ជាក់ថា ក្រុមអ៊ៀឡង់ក៏ជាក្រុមមួយ ដែលប្រកួតមិនដែលចាញ់ រហូតដល់ទៅបីគ្រាប់យ៉ាងដូច្នេះទេ នៅរៀងរាល់ ការប្រកួតជាលក្ខណៈអន្ដរជាតិ ហើយក៏មិនដែលចាញ់ម្ដងណាដែរ នៅពេលជួបប្រកួតជាមួយ ក្រូអាស៊ី តាំងពី៦ប្រកួតមុន កន្លងមក។ បើទោះជាការជួបប្រកួតលើកនេះ គ្រាប់បាល់ទីពីររបស់ ក្រូអាស៊ី ត្រូវបានគេមើលឃើញថា ជា«បាល់ចងមុង» ក៏ដោយ ក៏គេនៅតែសង្កេតឃើញថា នៅពេលប្រកួតតាំងពីដើមរហូតចុងចប់ ក្រុមអ៊ៀឡង់ហាក់ដូចជាមានអារម្មណ៍ នៅលើ ពពក ច្រើនជាងនៅទាល់បាល់លើដី។
ក្រុមអ៊ៀឡង់ត្រូវតែមើលពី ក្រឡារៀបបាល់របស់ខ្លួនឡើងវិញ ប្រសិនជាចង់ឡើងទៅប្រកួតនៅ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនោះ។ តែក្ដីសង្ឃឹមក៏ដូចជាមាននៅលើពពកដែរ នៅពេលដែលក្រុមនេះ នឹងត្រូវទៅជួបជាមួយអេស្ប៉ាញ និងអ៊ីតាលី ដែលសុទ្ធសឹង ជាក្រុមប្រទេសដែលធ្លាប់ទទួលជាម្ចាស់ពានរង្វាន់ ជាច្រើនដងនោះ៕
----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៩ ខែមិថុនា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ