អ៊ឺរ៉ូ២០១២៖​ អេស្ប៉ាញឈ្នះ នៅតែជាម្ចាស់ ពានរង្វាន់ រីឯអ៊ីតាលីចាញ់យំមិនចេញ

ក្រុមបាល់ទាត់ ជំរើសជាតិអេស្ប៉ាញ បានក្លាយជាក្រុមទីមួយក្នុងពិភពលោកដែលបានឈ្នះ ពានរង្វាន់ធំៗ (អ៊ឺរ៉ុប និងពិភពលោក) ដល់ទៅបីដងជាប់គ្នា បន្ទាប់ពីបានផ្ដួល ក្រុមជំរើសជាតិអ៊ីតាលី កាលពីថ្ងៃអាទិត្យទី០១កក្កដានេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 02, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ ជំរើសជាតិអេស្ប៉ាញ បានក្លាយជាក្រុមទីមួយ ក្នុងពិភពលោក ដែលបានឈ្នះ ពានរង្វាន់ធំៗ (អ៊ឺរ៉ុប UEFA និង ពិភពលោក FIFA) ដល់ទៅបីដងជាប់គ្នា បន្ទាប់ពីបានផ្ដួល ក្រុមជំរើសជាតិអ៊ីតាលី កាលពីថ្ងៃអាទិត្យទី០១កក្កដានេះ។ ក្រុម បាល់ទាត់ របស់ប្រទេសអ៊ីតាលី បានទទួលបរាជ័យយ៉ាងជូចត់ ជាមួយនឹងពិន្ទុ៤ទល់នឹង០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយ ដើម្បី ដណ្ដើម ជាជើងឯកប្រចាំទ្វិបអ៊ឺរ៉ុប នៅឆ្នាំ២០១២នេះ។


ក្រុមបាល់ទាត់ ជំរើសជាតិអេស្ប៉ាញ រីករាយសប្បាយនៅពេល ទទួលពានរង្វាន់។ Photo: uefa.com

ជ័យជំនះរបស់ក្រុមបាល់ទាត់ ជំរើសជាតិអេស្ប៉ាញ បានបម្បាត់នូវភាពមន្ទិលសង្ស័យ របស់អ្នកវិភាគទាំងឡាយ ហើយងាក មកសសើរ សឹងតែមិនដាច់មាត់ ក្រុមកីឡាករនេះ ដែលគេបានប្រៀបធៀបទៅនឹង ម៉ាស៊ីនសំរាប់តែឈ្នះយ៉ាងដូច្នេះ។ ជាការ ប្រកួតមួយ ដែលមានភាពប្រទាក់ក្រឡាគ្នា ចុះឡើង ហើយឱកាសដ៏រហ័ស ដែលក្រុមទាំងពីរ វាយប្រហាគ្នាទៅវិញទៅមក បានធ្វើអោយអ្នកតាមដាន និងគាំទ្រ អត់ទ្រាំនៅស្ងៀមមិនកើត។ ហើយក៏មាន មតិយោបល់ខ្លះបាននិយាយថា ជាការឈ្នះ មួយ យ៉ាងស្រួលជាទីបំផុត សំរាប់ក្រុមជំរើសជាតិអេស្ប៉ាញ ទៅលើក្រុមអ៊ីតាលី។


ពានរង្វាន់ សំរាប់ជើងឯក ប្រចាំទ្វិបអ៊ឺរ៉ុប ឆ្នាំ២០១២។ Photo: uefa.com

ឆ្លើយតបនឹងមតិយោបល់នេះ អ៊ីគេ កាស្សីឡាស (Iker Casillas)​ កីឡាករចាំទីរបស់អេស្ប៉ាញ បាននិយាយថា «យើងបានប្រែ ក្លាយអ្វីដែលពិបាក អោយទៅជាស្រួល។ (...) យើងបានលេងជាមួយប្រសិទ្ធិភាព ដែលក្រុមកីឡាកររបស់យើងមាន។ ក្រុម កីឡាកររបស់ប្រទេសអ៊ីតាលី មានភាពអស់កំលាំងច្រើន។ ជាពិសេសគ្រាប់ទីពីររបស់យើង បានធ្វើអោយពួកគេ មានភាព ពិបាកកាន់តែខ្លាំង។ ពេលត្រឡប់ចូលមកពាក់កណ្ដាលម៉ោងទីពីរ ពួកគេបានសាកល្បងរកពិន្ទុមកវិញ តែខាងយើងបាន គ្រប់គ្រង យ៉ាងជោគជ័យ នូវបាល់ទាំឡាយ ដែលបានបញ្ជូលមកដល់ខ្សែរការពារ។ (...)»

«គ្មានអ្វីនៅសល់ សំរាប់ទប់ទល់​ក្នុងការប្រកួតនេះទេ»

ជាជ័យជំនះ ដែលក្រុមអេស្ប៉ាញ រកបានដល់ទៅ៤គ្រាប់ ក្នុងនោះ ពីរគ្រាប់​ នៅពាក់កណ្ដាលម៉ោងដំបូង និងពីរគ្រាប់ទៀត នៅពាក់កណ្ដាលម៉ោងទីពីរ។ ជ័យជំនះយ៉ាងធំធេង និងជាប្រវត្តិសាស្រ្ត របស់អេស្ប៉ាញនេះ បានទម្លោក់អ៊ីតាលីចេញពីជើង ឯក របស់អ៊ឺរ៉ុប មកត្រឹមតែជាជើងឯករង យ៉ាងស្រយ៉ុតស្រយ៉ងខ្លួន ហើយយំឬសើចមិនចេញ។ ប៉ុន្ដែគ្រូបង្វឹករបស់ក្រុមជំរើស ជាតិអ៊ីតាលី បែរជាមានមោទនភាពយ៉ាងខ្លាំង ជាមួយនឹងក្រុមរបស់គាត់ ហើយគាត់បានទទួលស្គាល់ អេស្ប៉ាញ ថាបានទាត់ បាល់ ក្នុងលក្ខណះដ៏អស្ចារ្យមួយ។ គាត់បានបន្ដែមថា គាត់គួរតែមានពេលវេលាច្រើនជាងនេះ ដើម្បីរៀបចំ ទប់ទល់ប្រកួត ផ្ដាច់ព្រ័ត្រ ជាមួយនឹងក្រុមអេស្ប៉ាញនេះ។


គ្រូបង្វឹក ស្សេហ្សា ប្រាដឺលី របស់ក្រុមជំរើសជាតិអ៊ីតាលី។ Photo: uefa.com

ហេតុផល «ពេលវេលាច្រើនជាងនេះ» ព្រោះបើតាមគ្រូបង្វឹក ស្សេហ្សា ប្រាដឺលី (Cesare Prandelli) រូបនេះ គាត់បាន បញ្ជាក់ថា ក្រោយពី បានបំបាក់អាឡឺម៉ង់ហើយ នៅថ្ងៃព្រហស្បត្តិ៍មុននេះ ក្នុងពិន្ទុ ២-១ នោះរួច ក្រុមរបស់គាត់មានពេល សំរាក និងត្រៀមបំរុង តែ ២ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបទៅអេស្ប៉ាញ ដែលមានពេលដល់ទៅ៣ថ្ងៃ។  នៅយប់ថ្ងៃព្រហស្បត្តិ៍ ក្រុមរបស់គាត់បានត្រឡប់ ទៅទីកន្លែងស្នាក់នៅ នៅ Cracovie វិញ មុននឹងឡើងជិះយន្ដហោះ នៅថ្ងៃសៅរិ៍ មកកាន់ទីក្រុង គៀវ (Kiev) ដែលជាទីក្រុង ណាត់ជួប សំរាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ គាត់បានលើកឡើងថា «កាលពីការជួបជាមួយ អេស្ប៉ាញ កាលនៅក្នុងក្រុមជួប ជំរុះលើកដំបូង យើងបានបង្កបាល់គ្រោះថ្នាក់ ដល់អេស្ប៉ាញច្រើនណាស់។ នោះគឺដោយ សារយើង នៅមានកំលាំងពេញ។​ តែ នៅយប់នេះ យើងអស់កំលាំងនេះរលីង ហើយគ្មានអ្វីនៅសល់ សំរាប់ទប់ទល់​ក្នុងការ ប្រកួតនេះទេ។ និយាយបែបនេះ មិនមានន័យថា ខ្វះការគោរពចំពោះក្រុមអេស្ប៉ាញនោះទេ។»


កីឡាករភើឡូសំលឹងរកមើល ដៃគូរដើម្បីបញ្ជូនបាល់ តែត្រូវអេស្ប៉ាញឃាត់ជាប់រហូត។ Photo: uefa.com

ក្រុមអ៊ីតាលីបានជួបនឹងភាពលំបាក តាំងពីពេលដែលកីឡាករ ឆើលីនី (Chiellini ) បានរងរបួល នៅនាទីទី២១។ អ្វីដែលជា គ្រោះថ្នាក់ដ៏ធំ នៅក្នុងកន្លះម៉ោងចុងក្រោយ គឺកីឡាករ ទីចាហ្គូ ម៉ូតា (Thiago Motta) បានរងរបួសទៀត ខណៈដែលទើបតែ ចូលទៅ ជំនួសកីឡាករ ម៉ុងតូលីវ៉ូ  បានត្រឹមតែ៣នាទីប៉ុណ្ណោះ។ ការរងរបួសនេះ បានដាក់អោយក្រុមអ៊ីតាលី បន្ថយចំនួន កីឡាករ ក្នុងការប្រកួតតែត្រឹមតែ ១០នាក់។ ឆ្លើយនឹងសំនួរថា តើគាត់មានការស្ដាយក្រោយឬទេ នៅពេលដាក់បញ្ចូល កីឡាករ រូបនេះ បានត្រឹមតែ៣នាទីប៉ុណ្ណោះនោះ គ្រូបង្វឹក ស្សេហ្សា ប្រាដឺលី បាននិយាយថា «គ្មានការស្ដាយក្រោយទេ ព្រោះ កីឡាករ ម៉ុងតូលីវ៉ូ អស់កំលាំង ហើយខ្ញុំគិតថា ការដាក់ជំនួស ទីចាហ្គូ ម៉ូតា ចូលទៅ អាចនឹងជួយពង្រឹងខ្សែរបំរើ និងប្រយុទ្ធ ជាមួយនឹង ឌឺ ណាតាល់ (Di Natale) បាន។»

ចិត្តកីឡាករ៖ ការប្រកួតចាញ់នៅថ្ងៃនេះ ជាបទពិសោធន៍ សំរាប់ជ័យជំនះនៅថ្ងៃក្រោយ

នៅពេលចប់ប្រកួត ការខកចិត្តមានកំរិតខ្លាំង សំរាប់ក្រុមអ៊ីតាលី ហើយមើលទៅ ជាការទទួលមិនបានសំរាប់កីឡាករ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ដែលបានគេចទៅយំ នៅក្នុងកន្លែងដូរសំលៀកបំពាក់។ គ្រូបង្វឹកអ៊ីតាលី បាននិយាយបា្រប់ អ្នកកាសែត ថា «ខ្ញុំបាននិយាយជាមួយនឹងម៉ារីយ៉ូ រួចហើយថា យើងជាកីឡាករ ត្រូវតែមានចិត្តកីឡាករ។ ការប្រកួតចាញ់ នៅថ្ងៃនេះ ជាបទពិសោធន៍ សំរាប់រូបអ្នក ក្នុងការយកជ័យជំនះនៅថ្ងៃក្រោយ។»


កីឡាករ ម៉ារីយ៉ូ បាឡូតើលី ប្រើក្បាលបញ្ជូលបាល់ តែត្រូវកាស្សីឡាសគាសចេញ។ Photo: uefa.com

ក្នុងពេលជិះយន្ដហោះត្រឡប់មក ទីកន្លែងស្នាក់នៅ នៅ Cracovie វិញ គាត់ទទួលស្គាល់ថា មានអារម្មណ៍ប្រៀបដូចជា មាន បេះដូងដែលត្រូវគេបេះចេញទៅបាត់។ តែគាត់នៅតែខំសង្កត់ចិត្តខ្លួនឯងថា «វាជាការជួបប្រកួតទាំងអស់មួយដ៏ល្អ។ យើង គួរតែទទួលបានពិន្ទុ ៨/១០។ យើងបានចាប់ផ្ដើមដំបូង ជាមួយនឹងបញ្ហាខ្លះៗ មុននឹងចូលមកអ៊ឺរ៉ូ ២០១២​នេះ។ (...) តែយើង បានប្រកួតជាមួយសុទ្ធតែ ក្រុមធំៗ នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប។ ខ្ញុំមានមោទនភាពណាស់ ជាមួយនឹងក្រុមជំរើសជាតិ របស់ខ្ញុំ៕»

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...