ពូទីន បញ្ចេញនាវាចម្បាំងដ៏សម្បើម ដើម្បីតាមប្រមាញ់ ISIS
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 06, 2016
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្ម ដែលចេះតែបន្តមាន មិនចេះចប់ ជាពិសេស ភេរវកម្មថ្មីបំផុតនៅក្នុងប្រទេសបង់ក្លាដេស (ស្លាប់២០នាក់) និងនៅក្នុងប្រទេសអ៊ីរ៉ាក់ (ស្លាប់១២៥នាក់) ក្រោមការទទួលខុសត្រូវ របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម នោះមក ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេចចិត្តប្រកាសសង្គ្រាមថ្មីមួយ ដែលមានលក្ខណៈបន្ទាន់ និងចាំបាច់ ដើម្បីប្រឆាំងនឹងចលនាភេរវនិយម។
សារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា ប្រធានាធិបតីរ៉ូស្ស៊ី នឹងបញ្ចេញនាវាចម្បាំងផ្ទុកយន្ដហោះដ៏ធំជាងគេបំផុត ដើម្បីតាមប្រមាញ់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ឲ្យដល់ឫសគល់។
រីឯទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Tass» វិញ បានបញ្ជាក់កាន់តែច្បាស់ទៀតថា ប្រទេសរ៉ូស្ស៊ី នឹងដាក់ពង្រាយនាវាចម្បាំង ឈ្មោះ «Amiral Kuznetsov» របស់ខ្លួន នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចាប់ពីខែតុលាក្រោយនេះទៅ។ មហានាវាចម្បាំង ដែលមានទំងន់ដល់ទៅ ៤៣ ០០០តោន និងមានបណ្ដោយប្រវែង ៣០៥ម៉ែត្រ បានផ្ទុកនូវយន្ដហោះប្រដេញ និងឧទ្ធម្ភាគចក្របាញ់មិនឆេះ ទៅជាមួយផង។ មហានាវាចម្បាំងនេះ មានសមត្ថភាព អាចទទួលយន្ដហោះប្រដេញ បានរហូតដល់ចំនួន៤១គ្រឿង និងឧទ្ធម្ភាគចក្រ បានរហូតដល់១៨គ្រឿង។
គោលដៅសំខាន់...
បើតាមប្រភពមួយស្និតនឹងកងទ័ពរ៉ូស្ស៊ី ដែលត្រូវបានទីភ្នាក់ងារព័ត៌មានដដែលដកស្រង់សំដីនោះ បានបញ្ចាក់ថា នាវាចម្បាំង«Amiral Kuznetsov» នឹងធ្វើដំណើរទៅក្បែរឆ្នេរសមុទ្រ នៃប្រទេសស៊ីរី ដើម្បីអាចឲ្យកងទ័ពរ៉ូស្ស៊ី អាចបំពេញបេសកកម្មរបស់ពួកគេ និងអាចផ្ដល់ជាប្រេងឥន្ទនៈគ្រប់គ្រាន់ សម្រាប់រាល់យុទ្ធនាការនានា នៅក្នុងប្រទេសនេះ។ កងទ័ពដែលកំពុងកាន់កាប់មូលដ្ឋានយោធា ក្នុងតំបន់«Latakia» នៃប្រទេសស៊ីរី នឹងជាកម្លាំងជំនួយដ៏សំខាន់មួយបន្ថែមទៀត សម្រាប់កងទ័ពរ៉ូស្ស៊ី។
ប្រភពនោះបានអះអាងថា៖ «គោលដៅសំខាន់ គឺត្រូវសម្រេចឲ្យបាន នូវការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមភេរវនិយម»៕
» វីដេអូបង្ហាញពីសកម្មភាព នៅលើនាវាចម្បាំង «Amiral Kuznetsov» របស់កងទ័ពរ៉ូស្ស៊ី៖