អ៊ឺរ៉ូ២០១៦៖ បែកធ្លាយជម្លោះផ្ទៃក្នុងក្រុមបីសាចក្រហម បន្ទាប់ពីហាវអាវ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 05, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជម្រើសជាតិ ប៊ែលហ្សិក ដែលឈរនៅលេខពីរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បែរជាបានប្រកួតចាញ់ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ប្រជាជាតិមួយស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលមានចំណាត់ថ្នាក់ ដល់ទៅលេខ២៦ និងដែលខានចូលមកប្រកួត ជាលក្ខណៈអន្តរជាតិរបៀបនេះ អស់រយៈពេល៤៨ឆ្នាំមកហើយ។ សម្រាប់បណ្ដាអ្នកគាំទ្រ និងជាពិសេសកីឡាករប៊ែលហ្សិកខ្លួនឯង វាពិតជាមិនធម្មតា និងមានរឿងអ្វីមួយ ដែលមិនស្រួល។
ដោយសារតែហេតុនេះហើយ ទើបនៅយប់ថ្ងៃទី១ ខែកក្កដាកន្លងមក កីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ (Thibaut Courtois) ដែលបានវិលត្រឡប់ពីទីលានប្រកួត មកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់វិញ បាននិយាយដោយសំដីខ្លាំងៗថា៖ «យុទ្ធសាស្ត្រនៃការរៀបក្បួនប្រកួត មានលក្ខណៈអាក្រក់ទាំងស្រុង។ លើកនេះម្ដងទៀត ពួកយើងបានលង់ខ្លួន ដូចកាលពេលយើងទៅជួប ជាមួយក្រុមអ៊ីតាលីអញ្ចឹង។»
ក្នុងសភាពគ្រប់គ្រងខ្លួនឯងលែងបាន កីឡាករ ទីប៊ូ គួរត័ស្ស៍ ដែលកំពុងលេងជាអាជីព ឲ្យក្រុម ឆែលស៊ី (Chelsea) របស់អង់គ្លេសនោះ បានទម្លាក់កំហុសទាំងប៉ុន្មាន ទៅលើលោក ម៉ាក វីលម៉ូត៍ (Marc Wilmots) គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ។ យ៉ាងណា គ្រូបង្វឹកប៊ែលហ្សិក ដែលធ្លាប់រងការរិះគន់រូបនេះ នៅតែព្យាយាមស្វែងរកភាពស្ងប់ស្ងៀម ឲ្យត្រឡប់មកវិញ។ លោក វីលម៉ូត៍ បានថ្លែងទៅកាន់កីឡាករចាំទីរបស់ខ្លួនថា៖ «អ្នកមិនត្រូវនិយាយអញ្ចឹង ជាមួយនឹងខ្ញុំនោះទេ។ តោះ... យើងចេញទៅនិយាយគ្នា នៅខាងណោះ។»។
អ្នកទាំងពីរបានចេញទៅជជែកគ្នា នៅក្នុងបន្ទប់មួយទៀត ដែលស្ថិតនៅក្បែរនោះ អស់មួយសន្ទុះ។
បន្ទាប់មកទៀត នៅពេលដែលលោក ម៉ាក វីលម៉ូត៍ បានចេញទៅធ្វើសន្និសីទកាសែត ភាពស្ងប់ស្ងៀមដ៏ល្ហិតល្ហៃ បានចូលមកសណ្ឋិត នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ រំពេចនោះ កីឡាករ វ៉ាំងសង់ កំប៉ានី (Vincent Kompany) ដែលជាកីឡាករប្រធានក្រុមជម្រើសជាតិ ប៊ែលហ្សិក (និងជាកីឡាករប្រធានក្រុម «Manchester City» ដែរនោះ) បានស្នើសុំ ទៅកីឡាករនៅទីនោះទាំងអស់គ្នា ឲ្យសាមគ្គីគ្នាឡើង ជាពិសេស ឲ្យត្រៀមខ្លួនក្នុងការប្រឈមមុខ ទល់នឹងប្រព័ន្ធផ្សព្វផ្សាយ ដែលតែងរិះគន់ក្រុមបីសាចក្រហមយ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលចុងក្រោយ។ កីឡាករប្រធានក្រុម ថែមទាំងបានស្នើ មិនឲ្យចង្អុលទម្លាក់កំហុស ទៅលើនរណាម្នាក់ឡើយ។
ប៉ុន្តែកីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ នៅតែប្រកាន់ជំហររបស់ខ្លួន ជាពិសេសបានថ្លែងបរិហារ ចាក់ចំកន្លែងដែលត្រូវឈឺ សម្រាប់ក្រុមជម្រើសជាតិ៖ នោះគឺយុទ្ធសាស្ត្រដ៏អាក្រក់ នៃការរៀបចំទម្រង់លេងបាល់ កំណត់ដោយលោក ម៉ាក វីលម៉ូត៍។ កីឡាករចាំទី បានថ្លែងឡើងប្រាប់សារព័ត៌មានថា៖ «ខ្ញុំបាននិយាយពីអ្វី ដែលខ្ញុំមានសម្រាប់និយាយ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយគ្មាននរណាម្នាក់ បានបញ្ឈប់ខ្ញុំនោះទេ»។
«កីឡាករទាំង២៣រូប គាំទ្រគ្រូបង្វឹក»
ទំនាស់សំដីជាមួយគ្រូបង្វឹក ពីសំណាក់កីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ របៀបនេះ មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ តែនៅចំពោះបញ្ហានេះ កីឡាករប៊ែលហ្សិកមួយរូបទៀត កីឡាករ អេដេន អាហ្សា (Eden Hazard) បែរជាបានថ្លែងអះអាង ពីសាមគ្គីភាពខ្លាំងក្លា ជាមួយគ្រូបង្វឹករបស់ខ្លួនទៅវិញ។ កីឡាករ អេដេន អាហ្សា បានថ្លែងប្រាប់សារព័ត៌មានថា៖ «យើងទាំងអស់គ្នា គាំទ្រគាត់។ គាត់បានរងការរិះគន់ច្រើនណាស់ហើយ។ ប៉ុន្តែខ្ញុំគិតថា កីឡាករទាំង២៣នាក់ នៃក្រុមជម្រើសជាតិ បានសម្ដែងការគាំទ្រ ចំពោះគាត់។»។
អេដេន អាហ្សា ដែលជាកីឡាករខ្សែបម្រើដ៏សំខាន់ នៅក្នុងក្រុមជម្រើសជាតិ បានថ្លែងបន្ត ទាក់ទងនឹងអនាគតរបស់លោក វីលម៉ូត៍ ថា៖ «យើងបានធំធាត់ជាមួយគាត់ តាំងពីច្រើនឆ្នាំមកហើយ។ យើងបានឆ្លងកាត់ពេលវេលាល្អៗ ជាមួយគាត់។ នៅថ្ងៃនេះ ភាពបរាជ័យបានបង្កឲ្យមានការខកចិត្តមួយ ប៉ុន្តែយើងសង្ឃឹមថា គាត់នឹងបន្តកិច្ចការនេះទៅមុខទៀត ខណៈឯការសម្រេចចិត្ត វាស្ថិតនៅលើរូបគាត់ តែម្នាក់ប៉ុណ្ណោះ។ យើងនឹងគោរព ការសម្រេចចិត្តនោះ។ បើគាត់នៅធ្វើបន្តទៀត វាជារឿងប្រសើរ។»៕