ឡេឌីហ្គាហ្គា រង​ការ​ប្ដឹង​ពី​វិចិត្រការិនី​បារាំង ពី​បទ​លួច​ស្នាដៃ (VDO)

Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចម្រៀងអាមេរិកាំងដ៏ល្បី ឡេឌី ហ្គាហ្គា (Lady Gaga) កំពុងត្រូវបានប្រឈមនឹងពាក្យបណ្ដឹងមួយ របស់វិចិត្រការិនី​ផ្នែកចម្លាក់មួយរូប ជាជនជាតិបារាំង ឈ្មោះ អ័ឡង់ (Orlan)។ វិចិត្រការិនី បានប្ដឹងអ្នកចម្រៀង ថាបានលួចចម្លងស្នាដៃ​របស់គាត់ នៅក្នុងថាសចម្រៀងដែលទើបនឹងចេញផ្សាយ ឈ្មោះថា «Born this way (កើតតាមរបៀបនេះ)»។


វិចិត្រការិនីចម្លាក់ អ័រឡង់ និងអ្នកចម្រៀងឡេឌី ហ្គាហ្គា ជុំវិញស្នាដៃដែលវិចិត្រការិនី ធ្វើការចោទប្រកាន់។

តើឡេឌី ហ្គាហ្គា ស្គាល់អ័រឡង់ឬទេ? មិនមែនជារឿងគួរឲ្យសង្ស័យទេ ព្រោះវិចិត្រការិនីជនជាតិបារាំង ក៏មានឈ្មោះ​ល្បី​ខ្លាំងណាស់ដែរ នៅលើឆាកអន្តរជាតិ ស្ដីពីសិល្បៈចម្លាក់ និងការតុបតែងពិសេសៗ។ នោះជាអ្វីដែល អ័ឡង់ បានប្ដឹង ឡេឌី ហ្គាហ្គា ទៅតុលាការទីក្រុងប៉ារីស ពីបទ«លួចរចនាមូដ» របស់ខ្លួន ដើម្បីធ្វើចម្រៀង «Born this way»។

វិចិត្រការិនីបារាំង បានបរិហាពីភាពមិនពិត នៃស្នាដៃរបស់អ្នកចម្រៀង ហើយចោទអ្នកចម្រៀងល្បីរបស់អាមេរិក ថាបាន​លួច«គំនិត»របស់ខ្លួន ដើម្បីចម្រៀងមួយនៅក្នុងថាសចម្រៀងចុងក្រោយ។ មិនត្រឹមតែប្ដឹងអ្នកចម្រៀងប៉ុណ្ណោះទេ តែ​តាម​រយៈមេធាវីរបស់ខ្លួន វិចិត្រការិនីបារាំង ថែមទាំងចោទប្រកាន់ផលិតកម្មចម្រៀង យូនីវស៊ល ញ៉ូស៊ីក (Universal Music) នៅបារាំង ដែលជាម្ចាស់ថាសចម្រៀងនោះទៀតផង។

ក្នុងថាសចម្រៀង «Born this way» ដែលចេញផ្សាយតាំងពីឆ្នាំ២០១១នោះ ឡេឌីហ្គាហ្គា បានសម្ដែងនៅក្នុងវីដេអូចម្រៀង​របស់នាង ជានារីចែងចាំងមួយរូប (មើលវីដេអូខាងក្រោម) ដែលសម្រាប់អ័ឡង់ គាត់បានចាត់ទុកថា ជាការលួចចម្លងនូវ​ស្នាដៃមួយរបស់គាត់ មានឈ្មោះថា «ការសម្គាល់សកលលោក ដោយភាពចម្រុះ (univers marqué par l'hybridation)»។ វិចិត្រករអ័រឡង់ ដែលមានវ័យ៦៦ឆ្នាំ បានកែឆ្នៃរូបរាងខ្លួនផ្ទាល់ខ្លួនរបស់គាត់ ដើម្បីចេញជារូបចម្លាក់មួយនោះ បានចោទ​ឡេឌីហ្គាហ្គា ថាបានលួចចម្លងរូបចម្លាក់របស់គាត់ដែលបានសម្រេចជារូបរាងតាំងពីឆ្នាំ១៩៨៩។


រូបចម្លាក់មួយ និងវិចិត្រការិនី អ័រឡង់។

វិចិត្រការិនីបារាំង ទាមទារសងជម្ងឺចិត្ត នូវទឹកប្រាក់ប្រមាណជា ៣១,៥លានដុល្លា (ប្រមាណជា២៣,៦លានអ៊ឺរ៉ូ) ព្រមទាំង​សុំឲ្យតុលាការបញ្ឈប់ការផ្សព្វផ្សាយវីដេអូចម្រៀង និងហាមប្រាមលែងឲ្យធ្វើពាណិជ្ជកម្ម នូវថាសចម្រៀងនេះថែមទៀត៕

ចង់ដឹងថា ស្នាដៃនោះមានរូបរាងយ៉ាងណា សូមទស្សនាវីដេអូចម្រៀង របស់ឡេឌីហ្គាហ្គា ដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...