លោកបារ៉ាក់ អូបាម៉ា យល់ព្រមអោយ ពួកអ្នកស្រឡាញ់ ភេទដូចគ្នា រៀបការ

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាភ្លើងខៀវមួយសំរាប់ ពួកអ្នកស្រឡាញ់ភេទដូចគ្នា។ លោកបារ៉ាក់អូបាម៉ា បានប្រកាសជាលើកដំបូង តាមបណ្ដាញ​ទូរទស្សន៍ អេប៊ីស៊ី ABC កាលពីថ្ងៃពុធទី០៩ខែឧសភាថា​ នឹងយល់ស្របអោយពួកអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការនឹង គ្នាបាន នៅចំពោះមុខច្បាប់។

លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិចរូបនេះ បានថ្លែងថា «សំរាប់ខ្ញុំ ជាយោបល់ផ្ទាល់ខ្លួន វាសំខាន់ខ្លាំងណាស់ ក្នុងការនិយាយថា ពួកអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវតែអាចរៀបការនឹងគ្នាបាន» ហើយគាត់និយាយដាក់សមត្ថកិច្ចនេះ ទៅខាងបណ្ដារដ្ឋនីមួយៗ ជាអ្នកធ្វើការសំរេចចិត្ត។ ប្រសាសន៍របស់គាត់បានធ្លាក់មកជាលើកដំបូង ក្នុងចំណោមបណ្ដា ប្រធានាធិបតីអាមេរិចទាំងអស់ ហើយចំពេល ដែលគាត់ត្រូវហក់ត្រឡប់ ចូលទៅប្រកួតប្រជែង យកសំលេងឆ្នោតជា ប្រធានាធិបតី ក្នុងអំឡុងពេល៦ខែទៀត សំរាប់អាណត្តិទីពីររបស់គាត់។ សូមបញ្ជាក់ផងដែរថា អាពាហ៍ពិពាហ៍របស់ពួកអ្នក ស្រឡាញភេទដូចគ្នា សំរាប់សហរដ្ឋអាមេរិច នៅតែជាប្រធានបទសង្គមមួយដែល មានលក្ខណៈរសើបនៅឡើយ។

ការស្ទង់មតិមួយបានបង្ហាញពី ការបែងចែកជាពីរស្រឡះ នៃសាធារណៈមតិរបស់ពលរដ្ឋអាមេរិចកាំង ដែលមាន ៥០%ស្រប និង៤០%ប្រឆាំង។ វាជាឱកាសថ្មីមួយទៀត សំរាប់ពួកអ្នកអភិរក្សនិយម ដែលភាគច្រើនជាអ្នកសារធារណរដ្ឋនោះ ដើម្បីធ្វើការរិះគន់ដោយមិនសំចៃមាត់ ទៅលើលោកបារ៉ាក់ អូបាម៉ា។ ដោយសារតែលោកបារ៉ាក់ អូបាម៉ា បានប្រកាសកាល ពីឆ្នាំ១៩៩៦ ថានឹងយល់ស្របអោយមានអាពាហ៍ពិពាហ៍ របស់ពួកអ្នកស្រឡាញភេទដូចគ្នា​ ហើយនៅឆ្នាំ២០០៨ គាត់បែជា ពន្យល់ថា គាត់យល់ព្រមអោយមាន ការរួមរស់ជាលក្ខណៈរួមជីវិត របស់ពួកអ្នកស្រឡាញ់ភេទដូចគ្នា តែ«អាពាហ៍ពិពាហ៍» នឹងនៅតែជា សញ្ញានៃការភ្ជាប់«ទំនាក់ទំនងរបស់បុរសនិងស្រ្តី»។ អ្នកអភិរក្សនិយមម្នាក់និយាយថា «គ្មានអ្វីពិបាកយល់ នោះទេ​ ដែលលោកអូបាម៉ាប្រឆាំងជាមុន ហើយយល់ស្របជាក្រោយនោះ»។ ទស្សនាវដ្ដី The Weekly Standard បានចំអកថា «លោកបារ៉ាក់ អូបាម៉ាជាមនុស្សដ៏កំពូលម្នាក់។ ធាតុពិតនៃភាពជឿជាក់របស់គាត់ ជាអ្នកកាន់សាសនាគ្រឹសិ៍្ដ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយះ គោលជំហរនេះ»។

តែសំរាប់ពួកបណ្ដាអ្នកស្រឡាញ់ភេទដូចគ្នាវិញ គេបានអបអរសាទរជាធ្លុងមួយ ការសំរេចចិត្តរបស់ប្រធានាធិបតីរូបនេះ។ ពួកគេនិយាយថា ជាការសំរេចចិត្តមួយ ដែលមានភាពក្លាហ៊ាន ហើយពីពេលនេះតទៅ សំរាប់ក្រុមអ្នកស្រឡាញភេទដូចគ្នា យ៉ាងហោចណាស់ ពួកគេបានដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិច បានគាំទ្រពួកគេ។

រីឯអ្នកវិភាគទាំងឡាយផ្សេងទៀត បានបកស្រាយថា វាមិនទាន់មានជាការផ្លាស់ប្ដូរណាមួយ អោយពិតប្រាកដនោះនៅ ឡើយទេ។ លោកប្រធានាធិបតី បានលើកឡើងជាជំហរឯកជនរបស់លោក ហើយវានឹងមិនមានសញ្ញា នៃការផ្លាស់ប្ដូរ ណាមួយ ទៅក្នុងរដ្ឋធមនុញ្ញរបស់សហរដ្ឋអាមេរិចនោះឡើយ។ លោកថែមទាំងបានបញ្ជាក់ពី ការអនុញ្ញតិអោយមាន អាពាហ៍ពិពាហ៍របស់ពួកអ្នកស្រឡាញភេទដូចគ្នា នៅតែជាសមត្ថកិច្ចរបស់បណ្ដារដ្ឋទាំងឡាយ របស់សហរដ្ឋអាមេរិច ដូច ដែលបានធ្វើរួចមកហើយ មកទល់បច្ចុប្បន្ន។

លោក ម៉ាត៍ រ៉ូមណី បេក្ខជនប្រជែង របស់លោកអូបាម៉ា សំរាប់ការបោះឆ្នោតប្រធានាធិបតីខាងមុខ ក៏បានបញ្ជាក់ពី គោលជំហររបស់គាត់ដែរថា «អាពាហ៍ពិពាហ៍» នឹងនៅតែជា សញ្ញានៃការភ្ជាប់«ទំនាក់ទំនងរបស់បុរសនិងស្រ្តី» ហើយ ជំហរនេះ មិនបានផ្លាស់ប្ដូរទេ តាំងពីឆ្នាំ១៩៩៦មក។ និយាយជារួម និងអោយខ្លី គឺនឹងគ្មានអ្វីផ្លាស់ប្ដូរជាដុំកំភួននោះទេ៕

---------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េ AFP
Crédit Photo : wikimedia.org

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...