ស សៀងហេង៖ គំនូរជីវចលអ្នកក្លាហាន ស៊ីតមេន សម្រាប់កំសាន្ដ
ទើបតែថ្មីៗនេះគំនូរជីវចលខ្មែរ រឿងអ្នកក្លាហានស៊ីតមែន (Shit Man) បានបង្ហោះពេញបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ជាពិសេសបណ្តាញយូធូប (YouTube) ដោយមានអ្នកទស្សនានិងចូលចិត្ត ច្រើនពាន់នាក់ និងបានចែករំលែកតៗគ្នា ក្រោយពីបានទស្សនាតុក្កតាបែបកំប្លែង និងបែបអប់រំមួយនេះ។ គំនូរជីពចលនេះជាស្នាដៃដំបូងគេ ដែលមិនធ្លាប់មានពីមុនមក និងត្រូវបានបង្កើតឡើង ដោយយុវជនខែ្មរម្នាក់។
ឈុតមួយពីក្នុងរឿង អ្នកក្លាហាន ស៊ីតមេន វគ្គថាសហោះអេតចាយ។ (រូបផ្ដិតពីអេក្រង់គំនូរជីវចល)
ស្នាដៃសិល្បៈ - មុននឹងក្លាយជាខែ្សរឿងតុក្តតា ( Animation) មួយដ៍គួរអោយទាក់ទាញនេះ ម្ចាស់ស្នាដៃ លោក ស សៀងហេង អាយុ ២៧ឆ្នាំ តែងតែឆ្លៀតពេលទំនេរពីការងារឌីហ្សាញ( Design) នៅស្ថាប័ន" FASCES " មកអង្គុយមុខកុំព្យូទ័រដើម្បីគូររូបតុក្តតាបែបកំប្លែងនិង ក្រមិចក្រមើម រួចរៀបចំសាណារីយ៉ូ ពីឃ្លាឃ្លោកសន្ទនាដែលឆ្លុះបញ្ចាំងពីភាសានិយាយសាមញ្ញរបស់ប្រជាជនខ្មែរ និងព្រមទាំងដើរតួបញ្ចូលសំលេងដោយខ្លួនឯងទៀតផង។
អ្នកនិពន្ធគំនូរជីវចលវ័យក្មេងរូបនេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា «ការពិតខ្ញុំរៀនចប់បរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេសទេ តែខ្ញុំបានរៀនវគ្គខ្លីតាមប្រពន្ធ័ក្រេឌីត (Credit) ជំនាញផ្នែកឌីស្សាញ ខ្ញុំក៍ផ្តើមមានចិត្តស្រលាញ់ ចូលចិត្តគូរតុក្តតាប្លែកបែបសំណើច តាំងពីឆ្នាំ២០០៦មកម្ល៉េះ»។ លោក បានបន្តទៀតថា «នៅដើមឆ្នាំ២០១២ ខ្ញុំបានផ្តុំរូបគ្នាទៅជារឿងតុក្តតាហើយបង្ហោះតាមយូធូប ព្រោះតែមានជំនាញរចនារូបតុក្តតាស្រាប់ ខ្ញុំបានបង្កើតស្នាដៃផ្ទាល់ខ្លួន ដោយមិនមានការសហការពីនរណាម្នាក់ឡើយ»។
លោក ស សៀងហេងបានបន្តទៀតថា ការបង្កើតរឿងនេះ គឺដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្លួន ទៅយុវជនមួយចំនួនប្រសើរជាទុកពេលទំនេរឥតប្រយោជន៍ និងជាពិសេសរឿងតុក្តតានេះ អាចទាក់ទាញមនុស្សទូទៅដែលទំនេរ ពីការសិក្សាទុកគ្រាន់កែអផ្សុក និងបំបាត់ភាពតានតឹង។
លោក ស សៀងហេង ម្ចាស់ស្នាដៃរឿង អ្នកក្លាហាន ស៊ីតមេន វគ្គថាសហោះអេតចាយ។ (រូបថតទំព័រ Google +)
ពេលដែលទស្សនាចប់នូវរឿងតុក្កតាកំបែ្លងនេះ លោកប្រាក់ ដេវីឌ និស្សិតនៅសកលវិទ្យាល័យបញ្ញាសាស្រ្ត បានមានចំនាប់អារម្មណ៍ថា «អ្នកនិពន្ធរឿងមានគំនិតថ្មី ចេះច្នៃបង្កើតតួឯកអ្នកក្លាហានរហ្សសនាម ដុំលាមក (អាចម៌) ព្រោះតួអង្គបែបនេះមិនធ្លាប់មានពីមុនមក។ បើទោះបីឈ្មោះនេះរាងកខ្វក់បន្តិច តែនេះជាគំនិតថ្មីគួរអោយសរសើរ ហើយផ្ទុះសំណើចផងដែរ។» ទស្សនិកជនរូបនេះ បានលើកយកនូវចំណុចខ្វះខាតមួយចំនួននៃការផលិត ដោយសារតែរឿងនេះ ទំនងជាមិនបានពិភាក្សា ឬប្តូរយោបល់ពីអ្នកដទៃ ជាស្នាដៃដែលចេញពី ខួរក្បាលមនុស្សតែម្នាក់ ទាំងនិពន្ធរឿង គូររូប និងធ្វើអោយមានចលនា។ យុវនិស្សិត បានផ្ដល់យោបល់ដោយលើកយកឧទាហរណ៍ ពីភាពយន្ដហូលីវ៉ូតល្បីៗ ថាគេសុទ្ធតែសហការគ្នាផលិត ទើបរឿងចេញមកគួរឲ្យយចាប់អារម្មណ៍។
យ៉ាងណាមិញរឿងប្រភេទតុក្តតាបែបអស់សំណើចនេះ អ្នកទស្សនាមានបំណងអោយអ្នកនិព្ធនធ្វើសហការ ជាមួយ អ្នកមានជំនាញនិពន្ធរឿង និងអ្នកបញ្ចូលសម្លេងដើម្បីអាចផលិតរឿងគំនូរជីវចល ដែលមានគុណភាពល្អជាងនេះ។ ទោះបីមានការទិតៀនស្ថាបនាយ៉ាងណាក៍ដោយ ក៍អ្នកទស្សនាស្នាដៃគំនូរជីវចលទាំងនោះ បានលើកទឹកចិត្តឲ្យម្ចាស់ស្នាដៃរូបនេះ បន្តផលិតវគ្គជាបន្តបន្ទាប់របស់ខ្លួនតទៅទៀត។ តែមកដល់ពេលនេះ លោក ស សៀងហេង បានថ្លែងថា លោកនៅមិនទាន់មានបំណង ចង់សហការជាមួយក្រុមហ៊ុន ឬផលិតកម្មណាមួយនៅឡើយទេ ដោយគ្រាន់តែបង្កើតស្នាដៃទាំងនេះ ទុកមើលកំសាន្តសិនតែប៉ុណ្ណោះ៕
សូមទស្សនារឿង អ្នកក្លាហាន ស៊ីតមេន វគ្គថាសហោះអេតចាយ ដូចតទៅ៖
-------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤