អ្នក​តវ៉ា​​នៅ​បឹង​កក់៖ ការ​វាស់​ដី​របស់​អាជ្ញាធរ ជា​«ល្បិច»​បោក​ប្រាស

ក្រុមអ្នកតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ បានចោទប្រកាន់អាជ្ញាធររាជធានីភ្នំពេញ ថា​បាន​ប្រើ​ល្បិច​បន្លំបោកប្រាស ដោយគ្រាន់តែបានមកចុះធ្វើការវាស់វែងដី នៅតំបន់បឹងកក់ នៅថ្ងៃទី២៣ ខែមករាកន្លងមក ដើម្បី​ផ្សាយថាពួកគេបានដោះស្រាយបញ្ហារួចប៉ុណ្ណោះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ បានចោទប្រកាន់អាជ្ញាធររាជធានីភ្នំពេញ ថា​បាន​ប្រើ​ល្បិច​បន្លំបោកប្រាស ដោយគ្រាន់តែបានមកចុះធ្វើការវាស់វែងដី នៅតំបន់បឹងកក់ នៅថ្ងៃទី២៣ ខែមករាកន្លងមក ដើម្បី​ផ្សាយថាពួកគេបានដោះស្រាយបញ្ហារួចប៉ុណ្ណោះ។


អ្នកស្រីទេព វន្នី នៅក្នុងពេលយកញាត្តិទៅដាក់តាមស្ថានទូត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ដីធ្លី - កាលពីទី២៣ ខែកមរា ឆ្នាំ២០១៤ ម្សិលមិញនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយអភិបាល​រង​រាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះទៅវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ​តាមគោលការណ៍ ដែលផ្តល់ឲ្យក្នុងទំហំដី៤គុណ១៨ម៉ែត្រ ក្នុងភូមិ២២ក្នុងតំបន់បឹងកក់។ តែការវាស់វែងនេះ ត្រូវ​បានប្រជាពលរដ្ឋតំបន់បឹងកក់ ដែលធ្លាប់បានចេញតវ៉ាកន្លងមក ចោទថាមិនត្រឹមត្រូវ ដែលគ្រាន់តែជា​ល្បិច​ចង់​អោយគេឃើញថា រដ្ឋាភិបាលបានដោះស្រាយបញ្ហាដីធ្លី អោយប្រជាជនរួចរាល់ហើយតែប៉ុណ្ណោះ។

អ្នកស្រីទេព វន្នី សកម្មជនទាមទារសិទ្ធិដីធ្លីមិនចេះរីងស្ងួត និងជាប្រជាពលរដ្ឋដែលមកពីតំបន់បឹងកក់ បានចោទ​ក្រុមអាជ្ញាធរទាំងនោះថា «បើការវាស់វែងដោយពិតប្រាកដ មានឆន្ទៈដោះស្រាយជូនរាស្រ្តដូចដែលឃើញ ពួកខ្ញុំ​ជាជនរងគ្រោះរាប់ឆ្នាំហើយនោះ គឺពួកខ្ញុំសប្បាយចិត្តណាស់។ តែការវាស់នៅម្សិលមិញនេះ វាផ្ទុយគ្នា ដោយសារ​ការចុះមកវាស់វែងរបស់គាត់ មិនបានជូនដំណឹងមកពួកខ្ញុំ អោយបានដឹងមុន ហើយបានគាត់ដាក់​កម្លាំង​សណ្តាប់​ធ្នាប់ប្រហែលបីបួនឡាន។ អ្វីដែលពួកខ្ញុំមិនសប្បាយចិត្តថែមទៀតនោះ គាត់ចុះមកវាស់ដីទៅអោយ៥គ្រួសារ ដែលពួកខ្ញុំមិនដែលធ្លាប់ស្គាល់ ហើយមិនមែនជាជនរងគ្រោះដូចពួកខ្ញុំ។»

លើសពីនេះទៅទៀត ស្ត្រីសកម្មជនដីធ្លីរូបនេះ បានលើកជាក្តីបារម្ភណ៍ចំពោះដំណោះស្រាយនេះថា «ជាល្បិច​របស់រដ្ឋាភិបាល ដែលគាត់យក៥គ្រួសារនេះមកទទួល ជំនួសគ្រួសារដែលរងគ្រោះ ហើយថតបង្ហាញ​គេថាបាន​ដោះស្រាយរួចរាល់ ហើយនៅពេលដែលពួកខ្ញុំចេញតវ៉ាទៀត គេនឹងចោទថាពួកខ្ញុំនេះខូច បានដំណោះស្រាយ​ហើយនៅចេញតវ៉ាអីទៀត»។

មិនខុសគ្នាពីអ្នក ស្រី ទេព វន្នី នៅអតីតទីតាំងសហគមន៍ដីក្រហម ដែលស្ថិតនៅខាងជើងស្ថានទូតរុស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្នុងពេលដែលសហគមន៍អ្នករងគ្រោះ ដោយសារដីធ្លីទាំងអស់បានប្រារព្ធពិធី ៥ឆ្នាំ​នៃការបណ្តេញចេញ នៅថ្ងៃទី២៤ ខែមករានេះ ស្រ្តីដែលមានវ័យចំណាស់ម្នាក់ ជាប្រជាពលរដ្ឋ​មកពីតំបន់​បឹងកក់​ដែនោះ គឺលោកយាយ ង៉ែត ឃុន ក៏បានធ្វើការបដិសេដ ចំពោះករណីដែលសាលារាជភ្នំពេញ ចុះទៅវាស់វែងដី​ជូន​ប្រជាពលរដ្ឋ ទាំង៥គ្រួសារនោះថា «ខ្ញុំសូមសំណូមពរអោយរដ្ឋាភិបាល បញ្ឈប់ការបើល្បិចកល​បោកប្រាស់​ប្រជាពលរដ្ឋទៀត ពីម្សិលមិញថាមកដោះស្រាយ អោយអ្នកនៅតំបន់បឹងកក់ តែមិនដោះស្រាយអោយ​ពួកខ្ញុំជា​ជនរងគ្រោះទេ បែរយកប្រជាពលរដ្ឋមកពីណាផ្សេងមកវាស់វែងអោយ ដែលមិនឃើញចេញតវ៉ា ហើយថាជា​ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែរ»។

នៅថ្ងៃទី២៤ ខែកមរា ឆ្នាំ២០១៤នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីសាលារាជធាភ្នំពេញបាន​នៅឡើយ ដោយមន្ត្រីអ្នកទទួលខុសត្រូវបានឆ្លើយថាជាប់រវល់ប្រជុំ។ តែអ្នកស្រី ទេព វន្នី បានយល់និងចង់​ស្នើទៅ​រដ្ឋាភិបាល គួរតែវាស់វែងដោះស្រាយជូនប្រជាពលរដ្ឋ៤៨គ្រួសារ ដែលធ្វើការតវ៉ាជារៀងថ្ងៃ អោយបានមុនសិន បន្ទាប់មកចាំធ្វើសិក្សាដោះស្រាយ ទៅកាន់ប្រជាពលរដ្ឋផ្សេង។

ទោះជាយ៉ាងណាក៏ដោយ ជម្រើសចុងក្រោយរបស់ក្រុមអ្នកតវ៉ានៅបឹងកក់ នៅពេលនេះ គ្មានអ្វីក្រៅពីការបន្ត​ធ្វើ​បាតុកម្មតវ៉ាទៀតទេ។ នេះជាការអះអាងរបស់អ្នក ស្រី ទេព វន្នី សកម្មជនដីធ្លី «បើពួកខ្ញុំមិនទទួលបាននូវ​យុត្តិធម៌ទេនោះ ពួកខ្ញុំនៅតែតវ៉ារហូត ទោះបីមានការកាប់សំលាប់ ឬក៏ចាប់ខ្លួនពួកខ្ញុំទៅដាក់ពន្ធនាគារក៏ដោយ ក៏ពួកខ្ញុំមិនបាក់ស្បាតដែរ»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...