អង្គការលីការដូ៖ ពលរដ្ឋ​កន្លះ​លាន​នាក់ រងគ្រោះ​នឹង​ការ​រំលោភ​ដី​ធ្លី

យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួនជាង កន្លះលាននាក់ នៅស្ទើរគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវការរំលោភដីធ្លី ដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបើយោងទៅតាម​របាយការណ៍​អង្កេត របស់អង្គការការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៤។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួនជាង កន្លះលាននាក់ នៅស្ទើរគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវការរំលោភដីធ្លី ដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបើយោងទៅតាម​របាយការណ៍​អង្កេត របស់អង្គការការពារសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៤។


សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)

ដីធ្លី - នៅក្នុងរបាយការណ៍ ដែលមានទាំងវីដេអូថ្មីមួយរួមជាមួយនឹងផែនទី ដើម្បីបង្ហាញពីទីតាំង​ដែលកើតមាន​ជម្លោះដីធ្លីនោះបានលើកឡើងថា ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងារ​រដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់មកត្រឹមខែមិនា ឆ្នាំ ២០១៤ នេះ បានកើនឡើងលើស​កន្លះលាននាក់។

នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៤ នេះ រលកនៃការរំលោភដីធ្លី ដែលមាន អំពើហិង្សានៅតែបន្តកើតមានឡើង ដែលមានផលប៉ះពាល់អាក្រក់ដល់ប្រជាពលរដ្ឋចំនួនជាង ២,២៤៦ គ្រួសារ នៅ​ស្ទើរគ្រប់ខេត្ត ដែលអង្គការលីកាដូ បានធ្វើការឃ្លាំមើល។ របាយការណ៍នោះបានសរសេរទៀតថា៖ «ព្រឹត្តិការណ៍​នៃ​បញ្ហាមួយចំនួនចុងក្រោយនេះ បានបង្ហាញឲ្យឃើញពីកម្រិតនៃការបរាជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ដោះ​ស្រាយបញ្ហាដែលកំពុងបន្តកើតមាន»។

នៅក្នុងរបាយការណ៍បានលើកឡើងទៀតថា រលកនៃបញ្ហាដែលនៅតែកើតមានឡើងជាថ្មីនេះ បានកើតឡើង​បន្ទាប់ពីបទបញ្ជា ០១ បប នៅក្នុងខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ដែលបានបង្គាប់ឲ្យ​ផ្អាក​ការសម្បទាន​ដី​សេដ្ឋកិច្ចថ្មីៗ ហើយបញ្ជាឲ្យមានការត្រួតពិនិត្យសារ ឡើងវិញជាលក្ខណៈប្រព័ន្ធ សម្រាប់ដីសម្បទាន​នាពេល​កន្លង​មក។ របាយការណ៍បានបង្ហាញឲ្យឃើញថា៖ «សេចក្តីបង្គាប់របស់​រាជរដ្ឋាភិបាលមិនមាន​ប្រសិទ្ធិភាពពេញ​លេញ​ឡើយ ដោយសារតែមិនមានភស្តុតាងនៃការពិនិត្យឡើងវិញនូវដីសម្បទានដែលបានផ្តល់រួចហើយ។ ការ​បរាជ័យ​ក្នុងការត្រួតពិនិត្យនេះ គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ»។

ជារឿងមួយដែលគួរឲ្យខ្មាសអៀន ...

អ្នកស្រី ណាលី ពីឡូក នាយិកាអង្គការការពារសិទិ្ធមនុស្ស លីកាដូ បាននិយាយថា តួលេខចុងក្រោយទាំងនេះ គឺ ពិតជាគួរឲ្យភ្ញាក់ផ្អើល។ កន្លះលាននាក់នៃប្រជាពលរដ្ឋដែលបានរងគ្រោះ គឺពិតជារឿងមួយដែលគួរឲ្យខ្មាស់អៀន។ ប្រសិនបើគ្មានដីធ្លី អ្នកទាំងនោះនឹងលែងមានមធ្យោបាយ ក្នុងការបំពេញតម្រូវការជាមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិត​របស់ពួកគេ។ អ្នកនាងក៏បានបន្តទៀតថា៖ «រាជរដ្ឋាភិបាលគួរតែធ្វើសកម្មភាព ដើម្បីបញ្ឈប់ជំងឺនៃការរំលោភដីធ្លី ដ៏រីករាលដាលនេះ»។

លោក រាជ សីម៉ា តំណាងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដ៏រ៉ាំរ៉ៃជាមួយភរិយារបស់លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា អាជ្ញាធរពុំបានស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះឲ្យប្រជាពលរដ្ឋនោះទេ ប៉ុន្តែ​គេ​បានស្វែងរកល្បិច ដើម្បីចាប់ប្រជាពលរដ្ឋដែលចេញមុខតវ៉ាដាក់គុក ដើម្បីគំរាមទៅប្រជាពលរដ្ឋផ្សេងៗ​ទៀត​ ឲ្យ​ឈប់តវ៉ាប្រឆាំងពួកគេ។ លោកបានពន្យល់ទៀតថា៖ «ប្រសិនបើគេចង់មានចេតនាដោះស្រាយនោះ វាមិន​លំបាក​ទេ។ ​ប្រជាជនមានដីតិច ក្រុមហ៊ុនមានដីច្រើន។ ដូច្នេះកាត់ដីរបស់ពលរដ្ឋមកឲ្យពលរដ្ឋ ហើយក្រុមហ៊ុនធ្វើនៅលើដី​សល់​ទៅ នោះនឹងគ្មានទំនាស់ទេ។ ប៉ុន្តែពួកគេមិនត្រឹមតែធ្វើ លើដីដែលមាននោះទេ ថែមទាំងបំពានលើដីពលរដ្ឋ​ទៀត»។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងថា នៅលោកស្នើរឲ្យ​បញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងជាផ្តល់សំណងឲ្យបានសមរម្យ និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ ត្រួត​ពិនិត្យឡើងវិញ ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសម្បទានដទៃទៀត ហើយបញ្ចប់ដំណើរការរបស់ខ្លួន ក្នុងការផ្តល់ដីសម្បទានជាថ្មី រហូតដល់ការត្រូតពិនិត្យបានបញ្ចប់ និងអនុវត្តការវាស់វែង និងអនុវត្តកម្មវិធីផ្តល់ប័ណ្ណ កម្មសិទិ្ធជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានឆាប់រហ័ស តាមតែអាចធ្វើបាន។ លោកបានថ្លែងថា៖ «បញ្ហាដែល​មិនចេះចប់មិនចេះហើយ ដោយសារតែបញ្ហាចាស់មិនទាន់បានដោះស្រាយផង ស្រាប់តែបន្ថែមបញ្ហាថ្មីទៀត ដូច​ជា​ក្នុងខេត្តកោះកុង និងខេត្តព្រះវិហារ»។

កាលពីថ្ងៃទី ២៨ ខែ មិនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាសាធារណៈ ថានឹងលប់ចោលកិច្ចសន្យា​សម្បទានដី​សេដ្ឋកិច្ចចំពោះក្រុមហ៊ុនណាដែលបំពានកិច្ចសន្យាធ្ងន់ធ្ងរ ដោយបង្វែរដីនោះទៅប្រើប្រាស់ជាដី​សម្បទាន​សង្គមកិច្ច ដែលរដ្ឋាភិបាលកំពុងតែត្រូវការ។

លោក ផៃ ស៊ី ផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងតែចេញផ្សាយសៀវភៅរាជកិច្ច ធ្វើអនុប្រយោគ​ដី​ប្រគល់ឲ្យក្រុមហ៊ុនវិនិយោគនោះ ពុំអាចទាក់ទងដើម្បីធ្វើការបំភ្លឺបានទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...